ជប៉ុនជិតចេញទៅភពអង្គារ (Mars) ដើម្បីជីកយកសំណាកមកផែនដី តែខុសពីអាមេរិក និងចិនគ្រោងធ្វើ… (មានវីដេអូ)

150

(បរទេស)៖ បេសកកម្មស្រាវជ្រាវរបស់ជប៉ុនមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ ហើយក៏ជិតដល់ពេលត្រូវចាប់ផ្តើមផងដែរ នោះគឺការបញ្ជូនយានទៅកាន់ប្រព័ន្ធភពអង្គារ (Mars) ខណៈការធ្វើតេស្តយានឲ្យបានរួចរាល់នោះ កំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ។ បេសកកម្មរបស់ជប៉ុនមួយនេះខុសពីសហរដ្ឋអាមេរិក និងចិន នៅត្រង់ជប៉ុនមិនបញ្ជូនយានទៅចុះចតលើភពអង្គារដើម្បីជីកយកសំណាក (sample) នោះទេ ​តែខ្លួននឹងទៅចុះចតលើព្រះចន្ទមួយរបស់ភពអង្គារទៅវិញ។

(សូមចុចចូលទស្សនាក្នុងយូធូបផ្ទាល់)

បេសកកម្មរបស់ជប៉ុនខាងលើនេះ នឹងប្រព្រឹត្តទៅតាមរយៈគ្រឿងយន្តអវកាសឈ្មោះ Martian Moons eXploration (MMX) ដែលគិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ គឺកំពុងស្ថិតក្នុងការធ្វើតេស្តចុងក្រោយ ដើម្បីរៀបចំបញ្ជូនទៅកាន់ភពព្រះអង្គារ នៅអំលុងឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះហើយ។ ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កាលពីពេលថ្មីៗនេះក៏បានប្រកាសផងដែរថា «យានអវកាស MMX កំពុងតែស្ថិតនៅក្នុងការធ្វើតេស្ត ដោយដាក់ក្នុងបន្ទប់ដែលមានបរិស្ថានស្រដៀងនឹងទីអវកាសពិតៗ ហើយគ្រប់គ្រឿងបរិក្ខាសំខាន់ក្នុងយានបានទទួលការធ្វើតេស្តជាបន្តបន្ទាប់…»។

ដំណើរនៃបេសកកម្ម MMX (Credit: JAXA)

សម្រាប់ Martian Moons eXploration (MMX) មិនមែនស្រាវជ្រាវតែព្រះចន្ទមួយរបស់ភពអង្គារឡើយ តែគឺព្រះចន្ទទាំងពីរតែម្តងនោះគឺ ហ្វូបូស (Phobos) និង ដីម៉ូស (Deimos) តាមរយៈចង្កោមគ្រឿងយន្ត MMX ដែលដើរតួជាផ្កាយរណបគោចរជុំវិញព្រះចន្ទទាំងពីរទៅមកៗផង និងបន្ទាប់មកទើបធ្វើការចុះចត លើព្រះចន្ទមួយក្នុងចំណោម នេះ។ យោងតាម JAXA យាន MMX នឹងចុះចតលើព្រះចន្ទ Phobos ហើយបញ្ចេញកូនរ៉ូបូតមួយឈ្មោះ IDEFIX ដែលមានទម្ងន់ ២៥kg ផលិតដោយទីភ្នាក់ងារអវកាសអាល្លឺម៉ង់ និងបារាំង ឲ្យធ្វើការចល័ត និងស្រាវជ្រាវលើផ្ទៃព្រះចន្ទដែលមានអង្កត់ផ្ចិតជាង ២២km នោះ។

រូបតំណាងបេសកកម្មយាន MMX របស់ជប៉ុនទៅកាន់ភពព្រះអង្គារ (Image Credit: JAXA)

គោលដៅចម្បងរបស់ MMX ដែលមានតម្លៃបេសកកម្ម ៤១៧លានដុល្លារសហរដ្ឋអាមេរិក គឺស្វែងរកប្រភពដើមនៃព្រះចន្ទទាំង ២ របស់ភពអង្គារ ដែលក្រុមអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់អស់រាប់ទសវត្សរ៍មកហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់ច្បាស់នោះទេថា តើភពព្រះចន្ទ Phobos និង Deimos ជាផ្កាយរណបធម្មជាតិពីកំណើតរបស់ភពអង្គារតែម្តង ឬមួយជាអាចម៍ផ្កាយ ដែលត្រូវបានទំនាញភពអង្គារឃាត់ទុក ឬមួយក៏ជាកាកសំណល់បន្សល់ទុកពីការប៉ះទង្គិចដ៏ធំមួយលើភពក្រហមនោះ…។ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន និងដៃគូក៏ជឿជាក់ថា Phobos និង Deimos កំពុងលាក់អាថ៌កំបាំងអំពីការកកើតភពអង្គារ និងការបាត់បង់បរិស្ថានស្រដៀងផែនដីនោះទៅវិញកាលពីរាប់ពាន់លានមុនផងដែរ។

គួរបញ្ជាក់ថា បេសកកម្មជីកយកសំណាក (sample) ពីព្រះចន្ទភពអង្គារ Martian Moons eXploration (MMX) ដោយមានកិច្ចសហប្រតិបត្តិការចម្បងរវាងជប៉ុន បារាំង និងអាល្លឺម៉ង់ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ នឹងត្រូវពាំនាំដោយរ៉ុក្កែតខ្នាតធំរបស់ជប៉ុន H3 ឡើងទៅកាន់ទីអវកាស រួចទើបឆ្ពោះបន្តទៅរកប្រព័ន្ធភពអង្គារ នៅអំលុងខែមីនា ឆ្នាំ២០២៦។ តាមការពិតបេសកកម្មនេះបានគ្រោងចាប់ផ្តើមតាំងតែពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលវិញព្រោះតែរ៉ុក្កែត H3 មានបញ្ហា។

ជប៉ុនជិតចេញទៅភពអង្គារ (Mars) ដើម្បីជីកយកសំណាកមកផែនដី តែខុសពីអាមេរិក និងចិនគ្រោងធ្វើ… (មានវីដេអូ)
រូបតំណាងបេសកកម្មយាន MMX របស់ជប៉ុនទៅកាន់ភពព្រះអង្គារ (Image Credit: JAXA)

យើងដឹងហើយថា បង្អួចបើកចំហសម្រាប់ការបាញ់បញ្ជូនយានទៅភពអង្គារម្តងៗ គឺអាចបើកតែអំលុងពេលជាង២ឆ្នាំម្តងប៉ុណ្ណោះ ដោយយកពេលដែលភពអង្គារ និងផែនដីរំកិលមករកទីតាំងកៀកគ្នាបំផុតនោះឯង។ ប្រសិនបើអ្វីៗប្រព្រឹត្តិទៅដោយរលូន យាន MMX នឹងទៅដល់ភពអង្គារនៅដើមឆ្នាំ២០២៧ ហើយការដឹកយកសំណាកពីព្រះចន្ទ Phobos មកផែនដីវិញ អាចនឹងកើតឡើងនៅឆ្នាំ២០៣១

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/JAXA (ថ្ងៃអង្គារ ទី២៧ ខៃឧសភា ឆ្នាំ២០២៥)

480×240 Banner