បាតុភូត El Nino កើតមានឡើងយ៉ាងពិតប្រាកដ! ក្រុមអ្នកវិទ្យាសាស្ត្រព្រមានពីហានិភ័យខ្ពស់ (មានវីដេអូ)

10,856

(បរទេស)៖ ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ បាតុភូតធម្មជាតិ អ៊ែល នីណូ (El Nino) ឬជាភាសាអេស្ប៉ាញហៅថា អ៊ែល នីញ៉ូ (El Niño) បានវិវដ្តចេញមកជាស្ថាពរហើយ នៅតំបន់ត្រូពិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយប្រការនេះកំពុងជំរុញឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រ ត្រៀមចំណាត់ការទប់ទល់ចំពោះ បាតុភូតធម្មជាតិអាក្រក់ៗ ដែលនឹងកើតឡើងចាប់ពីពាក់កណ្តាលឆ្នាំ២០២៣ នេះដល់ពាក់កណ្តាលឆ្នាំ២០២៤ (រយៈពេលសរុប ១២ខែ) ដើម្បីការពារអាយុជីវិតមនុស្ស និងបរិស្ថានសម្រាប់ការរស់នៅរបស់ពួកគេ។

El Nino ជាបាតុភូតរលកកម្តៅមួយ នៅលើតំបន់ភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលតែងតែកើតឡើងដោយធម្មជាតិ។ អង្គការឧតុនិយមអន្តរជាតិ (WMO) ធ្លាប់បានព្រមានថា សញ្ញានានាដែលបញ្ជាក់អំពី លក្ខខណ្ឌរបស់ El Nino គឺនឹងធ្វើឲ្យសីតុណ្ហភាពសកលលោកកើនឡើង ហើយធាតុអាកាសនឹងកើតមាន ភាពកញ្ជ្រោលខុសប្រក្រតី។

ផែនដីមើលពីស្ថានីយអវកាសអន្តរជាតិ (ISS) (រូបភាពពីបរទេស)

នៅក្នុងការត្រលប់មកវិញ នៃបាតុភូត El Nino នេះ WMO បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «ការចាប់ផ្តើមជាថ្មីនៃ El Nino នេះ នឹងបង្កើតកំណត់ត្រាថ្មីនៃសីតុណ្ហភាព ហើយកម្តៅនឹងកើនឡើងបន្ថែមទៀត នៅតំបន់ជាច្រើនទូទាំងសកលលោក ជាពិសេសនៅតំបន់មហាសមុទ្រ។ នេះជាសារក្រើនរំលឹកមួយ សម្រាប់រដ្ឋាភិបាលនៅទូទាំងពិភពលោក ឲ្យត្រៀមខ្លួនដើម្បីដោះស្រាយផលប៉ះពាល់លើ ផ្នែកសុខាភិបាល, ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច។ គ្រប់គ្នាត្រូវត្រៀមខ្លួន សម្រាប់បាតុភូតធម្មជាតិអាក្រក់ៗ ដែលជាសត្រូវដ៏ខ្លាំងក្លា ចំពោះជីវភាពរស់នៅ និងអាយុជីវិតមនុស្សសត្វ»

គ្រោះធម្មជាតិអាក្រក់ៗបង្កឡើងដោយឥទ្ធិពល El Nino (រូបភាពពីបរទេស)

គួរបញ្ជាក់ថា បាតុភូត El Nino លើកចុងក្រោយបានកើតមានឡើង កាលពីពាក់កណ្តាលឆ្នាំ ២០១៥ និងបញ្ចេញឥទ្ធិពលខ្លាំងដល់ពាក់កណ្តាលឆ្នាំ ២០១៦ ដែលត្រូវបានចាត់ទុកជា អំលុងពេលក្តៅបំផុតនៅក្នុងកំណត់ត្រា។ ឆ្នាំ២០១៦ ត្រូវបានចាត់ទុកថា «ក្តៅខ្លាំងបំផុត» នោះព្រោះតែកំណត់ត្រាសីតុណ្ហភាពផែនដី ក្នុងអំលុងពេលនោះ បានបង្ហាញឲ្យឃើញកម្តៅកើនឡើងផ្ទួនគ្នា ដែលបង្កឡើងដោយព្រឹត្តិការណ៍ El Nino ហើយក៏បានបង្ហាញពីឥទ្ធិពលអាក្រក់ នៃឧស្ម័នពុលផ្ទះកញ្ចក់ (greenhouse gases) ទៅលើអាកាសធាតុភពផែនដីផងដែរ។

បើនិយាយឲ្យងាយយល់ និងសាមញ្ញ El Nino ជាបាតុភូតរលកកម្តៅមួយ ដែលកើតឡើងនៅពេលសីតុណ្ហភាពទឹកសមុទ្រផ្នែកខាងលើបំផុត កើនឡើងលើសពីកម្រិតមធ្យម ហើយចាប់ផ្តើមបង្កើតទៅជាខ្សែបន្ទាត់នៃទឹកក្តៅ អូសកាត់តំបន់ខ្សែអេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិកតែម្តង។

គ្រោះរាំងស្ងួតបង្កឡើងដោយឥទ្ធិពល El Nino (រូបភាពពីបរទេស)

គិតចាប់តាំងពីការសិក្សា និងរកឃើញ El Nino មក ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា បាតុភូតនេះតែងកើតឡើង ក្នុងរយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំម្តង តែនៅលើមហាសមុទ្របាស៊ីហ្វិកប៉ុណ្ណោះ។ មួយវិញទៀត បាតុភូត El Nino តែងតែអូសបន្លាយក្នុងរយៈពេលចាប់ពី ៩ខែ ទៅ ១២ខែ ដោយគិតទាំងពេលដែលវាកកើត និងឥទ្ធិពលអាក្រក់ដែលវាជះចេញ។

តើឥទ្ធិពលអាក្រក់អ្វីខ្លះ នឹងលេចឡើងនៅឆ្នាំ២០២៤? យោងតាមការព្រមាន ជាលក្ខណៈអន្តរជាតិ បាតុភូត El Nino លើកនេះ នឹងបញ្ចេញឥទ្ធិពលអាក្រក់ ដែលយើងមិនធ្លាប់ជួបប្រទះនោះឡើយ។ សម្រាប់ឆ្នាំ២០២៤ បាតុភូត El Nino នឹងធ្វើឲ្យចំនួនព្យុះកំណាច (hurricane) នៅមហាសមុទ្រអាត្លង់ទិកធ្លាក់ចុះ តែបែរជាមកកើតមានច្រើននៅលើ មហាសមុទ្រប៉ាស៊ីហ្វិកវិញ ជាពិសេសនៅតំបន់ឆ្នេរភាគខាងលិច នៃសហរដ្ឋអាមេរិក (តំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក)។

El Nino នឹងធ្វើឲ្យចរន្តទឹកក្តៅលើមហាសមុទ្រប៉ាស៊ីហ្វិក ចល័តទៅភាគខាងត្បូង និងបន្តទៅភាគខាងកើត។ សម្រាប់អំលុងរដូវរងា (ដើមឆ្នាំ២០២៤) វានឹងធ្វើឲ្យអាកាសធាតុមានសំណើមជាងធម្មតា នៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ហើយក្តៅ និងស្ងួតនៅតំបន់ភាគខាងជើង។ សត្វសមុទ្ររស់នៅតំបន់ដែនទឹកជាប់ឆ្នេរសមុទ្រនានា នៃមហាសមុទ្រប៉ាស៊ីហ្វិក ក៏នឹងរងគ្រោះផងដែរ។

ការកើនឡើងកម្តៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ពេលកើតមានបាតុភូត El Nino (រូបភាពពី NOAA សហរដ្ឋអាមេរិក)

ក្រៅពីសហរដ្ឋអាមេរិក តើប្រទេស ឬតំបន់ណាទៀត ដែលរងឥទ្ធិពលពី El Nino នៅឆ្នាំ២០២៣ និង ២០២៤? យោងតាមលទ្ធផលព្យាករណ៍ និងទំនោររបស់ El Nino តំបន់ដែលនឹងរងគ្រោះដោយសារ បាតុភូតនេះធ្ងន់ធ្ងរជាងគេមានដូចជា អាមេរិកកណ្តាល (Central America), អាហ្វ្រិកខាងត្បូង (Southern African) និងចុងអាស៊ីខាងកើត (Far East Asia)។ គ្រោះធម្មជាតិដែលតំបន់ទាំងនោះ នឹងត្រូវជួបប្រទះ គឺរាំងស្ងួត ហើយក្រុមអ្នកជំនាញក៏បានព្យាករណ៍ផងដែរថា វិបត្តិស្បៀងអាហារនឹងលេចឡើង នៅឆ្នាំបន្ទាប់ពីកើតមានគ្រោះរាំងស្ងួត ព្រោះតែតំបន់់ដែលនឹងរងគ្រោះទាំងនោះ សុទ្ធតែជាតំបន់ធ្វើកសិកម្ម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Reuters/NOAA/NASA (ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣)

480×240 Banner