Breaking News៖ យានឥណ្ឌាសិក្សាពីព្រះអាទិត្យឈ្មោះ «អាទិត្យា L1» ត្រូវបាញ់បង្ហោះជាប្រវត្តិសាស្ត្រ!

370

(ញូដេលី)៖ នៅថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ប្រទេសឥណ្ឌាបានកសាងប្រវត្តិសាស្ត្រថ្មីមួយទៀតខ្លួនឯង នោះគឺការបាញ់បង្ហោះ យានមួយមានឈ្មោះថា «អាទិត្យា L1» (Aditya-L1) ដើម្បីទៅសិក្សាអំពីព្រះអាទិត្យដ៏ក្តៅគគុក។ ទស្សនាវីដេអូអំពីការបាញ់បង្ហោះនៅថ្ងៃនេះ៖

រ៉ុក្កែតផ្ទុកយាន Aditya-L1 បានហោះចេញពីមូលដ្ឋាន ស្រ៊ីហារិកូតា (Sriharikota) ស្ថិតនៅលើកោះមួយក្នុងតំបន់ឈូងសមុទ្រ Bengal កាលពីវេលាម៉ោង ១១៖៤០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅរដ្ឋធានីញូដេលី) ហើយក្រោយការផ្តាច់ខ្លួនពីរ៉ុក្កែត នោះយាន Aditya-L1 នឹងចល័តបន្តិចម្តងៗ ទៅគោចរនៅគន្លង L1 (Lagrange Point 1) ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។

ការបាញ់បង្ហោះយាន Aditya L1 (រូបភាពពី ISRO)

ការចាកចេញរបស់ Aditya-L1 បានកើតមានឡើងតែ ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌា បានសម្រេចស្នាដៃដ៏ជោគជ័យជាប្រវត្តិសាស្ត្រ នោះគឺការជាប់នាមជាប្រទេសដំបូងគេលើលោក ក្នុងការចុះចតយានចន្ទ្រាទី៣ (Chandrayaan-3) នៅក្បែរប៉ូលខាងត្បូងព្រះចន្ទ និងជាប្រទេសទី លើលោកដែលអាចបញ្ជាយានចុះចតលើព្រះចន្ទដោយរលូន បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក និងប្រទេសចិន។

គន្លងគោចររបស់ Aditya L1 (រូបភាពពី ISRO)

សម្រាប់គោលដៅចម្បងនៃ Aditya-L1 គឺសិក្សាអំពីសកម្មភាពរបស់ព្រះអាទិត្យ ដែលក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង។ កន្លងមកនេះ យាន Parker Solar Probe របស់អង្គការ NASA សហរដ្ឋអាមេរិក និងយាន Solar Orbiter របស់អង្គការអវកាសអឺរ៉ុប ESA ក៏កំពុងសកម្មក្នុងការសិក្សាព្រះអាទិត្យផងដែរ ប៉ុន្តែយានអង្គការអវកាសធំៗទាំង គឺតែងតែចល័តទៅកៀកៗនឹងព្រះអាទិត្យខ្លាំងដើម្បីសិក្សា ដោយមិនស្ថិតត្រឹមគន្លងគោចរ L1 ពីផែនដីនោះឡើយ។

រូបតំណាងយាន Aditya L1 (រូបភាពពី ISRO)

នៅក្នុងខ្លួន Aditya-L1 មានបំពាក់នូវឧបករណ៍វិទ្យាសាស្ត្រសំខាន់ៗចំនួន ក្នុងនោះ មានមុខងារតាមដានសកម្មព្រះអាទិត្យដោយផ្ទាល់ និងមួយចំនួនទៀត មានមុខងារសិក្សាអំពីភាគល្អិតនៃខ្យល់ព្រះអាទិត្យ (Solar Wind Particles) និងដែនម៉ាញេទិច (Magnetic Fields) ដែលចល័តឆ្លងកាត់គន្លង L1 នោះផងដែរ។ ឥណ្ឌាមានគោលដៅចម្បងក្នុងការសិក្សាអំពី ស្រទាប់បរិយាកាសផ្នែកខាងលើនៃព្រះអាទិត្យ និងបាតុភូតព្រះអាទិត្យសំខាន់ៗមួយចំនួនទៀតដូចជា ការជះចេញនូវភាគល្អិតពីស្រទាប់ខូរ៉ូណា (coronal mass ejections) និងបណ្តុំផ្លាស្មា (plasma) ពីស្រទាប់ខាងក្រៅព្រះអាទិត្យជាដើម។

គួរបញ្ជាក់ថា លទ្ធផលអង្កេត និងសិក្សារបស់ Aditya-L1 នឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ យល់ដឹងបន្ថែមពីបរិស្ថាននៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលតែងតែទទួលឥទ្ធិពលទាំងស្រុង ពីសកម្មភាពរបស់ព្រះអាទិត្យ។ យាន Aditya-L1 នឹងទៅដល់គន្លងគោចរ L1 នៅក្នុងរយៈពេល ៤ខែទៀត

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ISRO/CNN (ថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣)