យល់ដឹងពីបេសកកម្មអវកាស ២ ដែលជប៉ុនចេញនៅថ្ងៃតែ១! តើជប៉ុនអាចក្លាយជាប្រទេសទី៥? (មានវីដេអូ)
(តូក្យូ)៖ ថ្ងៃនេះយើងសូមចូលខ្លួនមកសរុបព្រឹត្តិការណ៍ធំៗចំនួន ២ ដែលប្រទេសជប៉ុនបានចាប់ផ្តើម នៅក្នុងសប្តាហ៍ដំបូងនៃខែកញ្ញា ឆ្នាំ២០២៣នេះ នោះគឺការចេញបេសកកម្ម ២ តាមរយៈគ្រាប់រ៉ុក្កែតតែមួយ ដោយបេសកកម្មទី ១ គឺជាកិច្ចសហការរវាងអង្គការអវកាសជប៉ុន JAXA ជាមួយអង្គការ NASA នៃសហរដ្ឋអាមេរិក និង ESA នៃសហភាពអឺរ៉ុប នោះគឺតេឡេស្កូបអវកាសមួយគ្រឿង ដែលមានតួនាទីសិក្សាអំពីបាតុភូតនានា នៅក្នុងចក្រវាល ខណៈបេសកកម្មទី ២ វិញគឺការបញ្ជូនគ្រឿងយន្តដំបូង ឲ្យទៅចុះចតនៅឋានព្រះចន្ទ។
១៖ បេសកកម្មតេឡេស្កូបអវកាស XRISM
អ្វីដែលត្រូវលើកយកមកនិយាយដំបូងគេ នោះគឺបេសកកម្ម XRISM (X-ray Imaging and Spectroscopy Mission) ដែលជាតេឡេស្កូបអវកាស ស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ផលិត និងគ្រប់គ្រងរួមគ្នាដោយអង្គការអវកាសជប៉ុន JAXA និងសមភាគីអាមេរិក NASA ព្រមទាំងមានការជួយជ្រោមជ្រែងបន្ថែម ពីអង្គការអវកាសអឺរ៉ុប ESA។
តេឡេស្កូបអវកាស XRISM ត្រូវបានរ៉ុក្កែត H-IIA ពាំនាំចេញពីមូលដ្ឋានបាញ់បង្ហោះ តាណេហ្គាស៊ីម៉ា (Tanegashima) ស្ថិតនៅលើកោះ អូស៊ូមិ (Ōsumi) នៃខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ភាគខាងត្បូងប្រទេសជប៉ុន កាលពីវេលាម៉ោង ៨៖៤២នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយការផ្តាច់ខ្លួនចេញពីរ៉ុក្កែត បានសម្រេចជោគជ័យនៅម៉ោង ៧៖៥៦នាទីយប់ថ្ងៃដដែល ខណៈវានឹងបំពេញប្រតិបត្តិការប្រៀបបីដូចផ្កាយរណប នៅក្នុងគន្លងគោចរកម្រិតទាប (Low Earth Orbit) របស់ភពផែនដី។

គោលដៅចម្បងនៃបេសកកម្ម XRISM គឺជាសិក្សាអំពីធាតុ ផ្លាស្មា (plasma) នៃតារា និងកាឡាក់ស៊ីនានាក្នុងចក្រវាល។ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី ក្នុងការចាប់យកវត្តមាននៃ កាំរស្មីអ៊ិច (X-ray) ប្រកបដោយកម្រិតរូបភាពខ្ពស់ (High Resolution) នោះ ផ្កាយរណប ឬតេឡេស្កូបអវកាស XRISM នឹងឈានទៅបកស្រាយអាថ៌កំបាំងនានា ពាក់ព័ន្ធនឹងការកកើតចក្រវាល (Universe)។

គួរបញ្ជាក់ថា XRISM នឹងគោចរនៅគន្លង Low Earth Orbit ដែលមានរយៈកម្ពស់ ៥៥០គីឡូម៉ែត្រពីផ្ទៃផែនដី។ ប្រតិបត្តិការរួមគ្នាលើតេឡេស្កូប X-ray របស់ NASA JAXA និង ESA មួយនេះនឹងមានរយៈពេល ៣ឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។
២៖ បេសកកម្មចុះចត Lander ដំបូងលើឋានព្រះចន្ទរបស់ JAXA
បេសកកម្មបញ្ជូន Lander ផ្ទុកគ្រឿងយន្តចល័តខ្នាតតូច (Rover) ដំបូងរបស់អង្គការអវកាសជប៉ុន JAXA ទៅចុះចតនៅឋានព្រះចន្ទនោះ ក៏បានកើតមានឡើងស្របគ្នាដែរ នោះគឺវាស្ថិតនៅក្នុងរ៉ុក្កែត H-IIA ជាមួយតេឡេស្កូបអវកាស XRISM។ ក្រោយ XRISM បានផ្តាច់ខ្លួនចេញពីរ៉ុក្កែតកាលពីយប់ថ្ងៃទី៧ ខែកញ្ញា បេសកកម្មស្រាវជ្រាវព្រះចន្ទតាមរយៈគ្រឿងយន្តឆ្លាតវៃ (Smart Lander for Investigating Moon ឬយើងអាចហៅខ្លីថា SLIM) នោះក៏បានផ្តាច់ខ្លួនទៅជាមួយគ្នាដែរ។
JAXA បានប្តេជ្ញាថា នឹងបញ្ជា SLIM (មានរហស្សនាមមួយទៀតថា Moon Sniper) ដែលមាន Lander មួយគ្រឿងផ្ទុកកូន Rover កម្សាន្តមួយគ្រឿងទៀតក្នុងនោះ មានឈ្មោះថា Lunar Excursion Vehicle 2 (LEV-2) ឬ Sora-Q (ទម្ងន់តែ ២៥០ក្រាម) ឲ្យចុះចតនៅក្នុងរង្វង់ ១០០ម៉ែត្រ ពីចំណុចជាគោលដៅដែលខ្លួនបានជ្រើសរើសលើផ្ទៃព្រះចន្ទ។ JAXA រំពឹងថា បើសិនការចុះចតលើព្រះចន្ទនេះបានសម្រេច នោះខ្លួនក៏អាចឈានទៅបញ្ជូនយានទៅចុះចត នៅភពនានាផ្សេងទៀត ដែលមានធនធានច្រើនជាងព្រះចន្ទនេះដែរ។

សម្រាប់បេសកកម្ម SLIM របស់ JAXA នេះមានកញ្ចប់ថវិកាទ្រទ្រង់ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក ដែលអាចចាត់ទុកថា មានតម្លៃទាប ប៉ុន្តែនៅតែច្រើនជាងបើធៀបនឹងបេសកកម្ម Chandrayaan-3 របស់ឥណ្ឌា ដែលបានចាយត្រឹមតែជាង ៧០លានដុល្លារ ប៉ុណ្ណោះ។ SLIM នឹងទៅដល់ ហើយចុះចតលើផ្ទៃព្រះចន្ទ នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៤ ហើយធ្វើប្រតិបត្តិការជាប្រចាំជាមួយផ្កាយរណបអង្កេតព្រះចន្ទ SELENE (Kaguya) ដែលស្ថិតនៅទីនោះស្រាប់តាំងពីឆ្នាំ២០០៧។
SLIM គឺជាយានស្រាវជ្រាវខ្នាតតូច ដែលត្រូវបានរចនាឡើងសម្រាប់ការចុះចត លើទីតាំងដែលត្រូវបានកំណត់យ៉ាងជាក់លាក់លើផ្ទៃព្រះចន្ទ, កាត់បន្ថយទំហំ និងទម្ងន់នៃឧបករណ៍ ដែលប្រើក្នុងការចុះចតនៅលើឋានព្រះចន្ទ និងសិក្សាស្វែងយល់អំពីការកកើតព្រះចន្ទជាដើម។ វាក៏នឹងសាកល្បងបច្ចេកវិទ្យាជាមូលដ្ឋាន សម្រាប់ការរុករកនៅទីឋានប្រកបដោយទំនាញខ្សោយ ដែលប្រធានបទនេះ ពិតជាតម្រូវការដ៏សំខាន់អនាគតរបស់ជប៉ុន ក្នុងការស្រាវជ្រាវទីឋាននានា នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ប្រសិនបើបេសកកម្មនេះសម្រេចបានជោគជ័យ នោះជប៉ុននឹងក្លាយជាប្រទេសទី ៥ លើពិភពលោកបន្ទាប់ពី អតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា ដែលអាចធ្វើបែបនេះបាន។ JAXA នឹងបញ្ជា SLIM ឲ្យចុះចតនៅចំណុចមួយ ក្បែររណ្តៅ SHIOLI Crater (ស្ថិតនៅក្បែរប្រជុំរណ្តៅ Cyrillus crater) នៃអឌ្ឍគោលខាងត្បូងព្រះចន្ទ និងជាផ្នែក Near Side ដែលបែរមុខមករកផែនដី។
គួរបញ្ជាក់ថា ជប៉ុនក៏ធ្លាប់ទទួលបរាជ័យប៉ុន្មានលើករួចមកហើយ ក្នុងការប៉ុនប៉ងចុះចតលើព្រះចន្ទ ដោយលើកទី១ ជា Rover ខ្នាតតូចឈ្មោះ អូម៉ូតេណាស៊ិ (Omotenashi) របស់ JAXA (ជាផ្នែកមួយនៃបេសកកម្ម Artemis-1 របស់ NASA) ដែលមិនទាន់បានចុះចតលើផ្ទៃព្រះចន្ទផង ក៏បានបាត់ការទាក់ទងជាមួយផែនដី ខណៈមួយទៀតគឺជា Lander ឈ្មោះ Hakuto-R របស់ក្រុមហ៊ុនអវកាសឯកជនជប៉ុន iSpace ដែលបានធ្លាក់លើព្រះចន្ទកាលពីខែមេសា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Nikkei (ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣)