UN ព្រមានពីលំនាំអាកាសធាតុគ្រោះថ្នាក់ និងខ្យល់ពុល ខណៈជំរុញឲ្យទីក្រុងនានា «ដាំដើមឈើ»

523

(យូអិន)៖ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ក្នុងរបាយការណ៍ថ្មីមួយ នៅដើមខែកញ្ញា ឆ្នាំ២០២៣នេះថា មហន្តរាយភ្លើងឆេះព្រៃ និងព្យុះខ្សាច់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រមទាំងរលកកម្តៅកើតឡើងកាន់តែញឹកញាប់នោះ បាននិងកំពុងជំរុញឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ «គុណភាពខ្យល់» និង «សុខុមាលភាពមនុស្ស» ទូទាំងភពផែនដី។

ការជូនដំណឹងនេះបានកើតឡើង ស្របពេលដែលអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ប្រកបដោយសំឡេងយ៉ាងខ្លាំងក្លាមួយ ស្តីអំពីរដូវក្តៅនៅអឌ្ឍគោលខាងជើង ដែលកំពុងអូសបន្លាយ និងកើនឡើងកម្តៅលើសពីបណ្តាឆ្នាំមុនៗ, នេះបើយោងតាមលទ្ធផលពីកម្មវិធីតាមដានអាកាសធាតុរបស់ WMO និងបណ្តាញផ្កាយរណប Copernicus របស់សហភាពអឺរ៉ុប (EU)

(រូបភាពពី UN/WMO)

ភពផែនដីទើបតែជួបប្រទះ «ខែសីហាដែលក្តៅបំផុត» នៅក្នុងកំណត់ត្រា ជាមួយគន្លាតដ៏ធំពីខែសីហានៅក្នុងកំណត់ត្រាមុនៗ ព្រមទាំងជាខែដ៏ក្តៅបំផុតទីពីរមិនធ្លាប់មាន បន្ទាប់ពីខែកក្កដា ឆ្នាំ២០២៣នេះ ដែលបានជាប់ឈ្មោះជាខែកក្កដាដ៏ក្តៅបំផុតដូចគ្នា។ ទិន្នន័យថ្មីនេះបង្ហាញថា គិតចាប់ខែមិថុនា មកដល់ខែសីហា ឆ្នាំ២០២៣ គឺជាកំលុងពេលបីខែដ៏ក្តៅបំផុត ដែលភពផែនដី ឬមនុស្សលោកលើផែនដី មិនធ្លាប់បានជួបប្រទះ។

សរុបទៅនៅក្នុងឆ្នាំ២០២៣នេះ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុតទី មិនធ្លាប់មាន ខណៈឆ្នាំទី ដែលមនុស្សធ្លាប់ជួបអាកាសធាតុក្តៅខ្លាំងលើកដំបូងនោះគឺឆ្នាំ២០១៦ គិតចាប់តាំងពីអង្គការ NASA នៃសហរដ្ឋអាមេរិក និងពិភពលោក ចាប់ផ្តើមតាមដានចរន្តនៃការកើតឡើងកម្តៅភពផែនដី ជាប្រចាំចាប់ពីទសវត្សរ៍ ១៩៧០ និង ១៩៨០ មក។ UN បានបង្កើតចំណុចគួរឲ្យត្រិះពិចារណា មួយចំនួនដូចខាងក្រោម៖

១៖ កម្តៅកំពុងខាំយើង

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងថា «ភពផែនដីរបស់យើងទើបតែបានទទួលរងនូវ រដូវក្តៅដ៏ក្តៅបំផុតក្នុងកំណត់ត្រា» ហើយលោកថែមទាំងព្រមានទៀតថា «ការបែកបាក់ផ្នែកអាកាសធាតុ (climate breakdown ឬចង់សំដៅការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់នៃលំនាំអាកាសធាតុ ពាក់ព័ន្ធនឹងការកើនឡើងកម្តៅ) បានចាប់ផ្តើមហើយ»។

UN ព្រមានពីលំនាំអាកាសធាតុគ្រោះថ្នាក់ និងខ្យល់ពុល ខណៈជំរុញឲ្យទីក្រុងនានា «ដាំដើមឈើ»
រលកកម្តៅនៅអំលុងខែកក្កដា ឆ្នាំ២០២៣ (រូបភាពពី ESA)

ប្រមុខ UN រូបនេះបានបន្តដោយពណ៌នាអំពី ផលវិបាកនៃការមិនអាចកាត់បន្ថយ ឬផ្អាកការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់មនុស្សលើផែនដីនេះថា «រដូវក្តៅពេលនេះមិនមែនគ្រាន់តែព្រុសដាក់យើងទេ តែវាកំពុងតែខាំយើងហើយ»។

នៅពេលដែលវិបត្តិអាកាសធាតុ បង្កឱ្យធាតុអាកាសពិភពលោក កាន់តែក្តៅខ្លាំងឡើងៗនោះ អគ្គលេខាធិការ UN បានអំពាវនាវឱ្យមេដឹកនាំទាំងឡាយ «បង្កើនកម្តៅឥឡូវនេះ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ»

២៖ កត្តារលកកម្តៅ

ព្រឹត្តិបត្រព័ត៌មានស្តីពីគុណភាព និងអាកាសធាតុរបស់ WMO ប្រចាំឆ្នាំ២០២៣ ដែលត្រូវបានបញ្ជូនមកដាក់បន្ថែមពីលើ ការចេញសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការ UN នេះ កំពុងជំរុញឲ្យមានការយកចិត្តទុកដាក់យ៉ាងមុតមាំ ទៅលើការខូចខាត ដែលបណ្តាលមកពីរលកកម្តៅ។

របាយការណ៍ទាំងនោះបានកត់សម្គាល់ថា សីតុណ្ហភាពខ្ពស់ មិនត្រឹមតែបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការបំពុល និងបំផ្លិចបំផ្លាញសុខភាពមនុស្សសត្វផងដែរ។ យោងតាមទិន្នន័យឆ្នាំ ២០២២ គឺបានពន្យល់យ៉ាងច្បាស់អំពី «កត្តារលកកម្តៅ បានជំរុញឲ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត កាលពីឆ្នាំ២០២២»។

រលកកម្តៅនៅអំលុងខែកក្កដា ឆ្នាំ២០២៣ (រូបភាពពី EcoWatch)

សាស្ត្រាចារ្យ ភីតធើរី តាអាឡាស (Petteri Taalas) អគ្គលេខាធិការនៃអង្គការ WMO បានថ្លែងថា «រលកកម្តៅធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះកាន់តែអាក្រក់ ជាមួយនឹងឥទ្ធិពលដែលជះចំលើ សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី កសិកម្ម និងជីវិតប្រចាំថ្ងៃរបស់យើង។ យើងត្រូវរួមគ្នាដើម្បីបំបែករង្វង់ដ៏កាចសាហាវនេះ»។

៣៖ ការប្រែប្រួលអាកាសធាតុកាន់តែលឿន

កម្រិតការប្រែប្រួលអាកាសធាតុបង្កើនប្រេកង់ និងអានុភាពនៃរលកកម្តៅ។ អ្នកជំនាញខាងឃ្លាំមើលលំនាំអាកាសធាតុនៃ WMO បានពន្យល់ថា «ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃ មានផ្ទុកនូវសារធាតុគីមីពុលដ៏គ្រោះថ្នាក់ ដែលប៉ះពាល់មិនត្រឹមតែទៅលើគុណភាពខ្យល់ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញរុក្ខជាតិ ប្រព័ន្ធអេកូឡូស៊ី និងដំណាំទៀតផង ហើយក៏នាំឱ្យមានការបំភាយសារធាតុកាបូន និងឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន នៅក្នុងបរិយាកាសផែនដី»។

(រូបភាពពីបរទេស)

រលកកម្តៅនៅអឌ្ឍគោលខាងជើងផែនដី កាលពីអំលុងរដូវក្តៅឆ្នាំមុន បាននាំឱ្យមានការកើនឡើងនៃកំហាប់នៃសារធាតុបំពុល ដូចជាភាគល្អិតដែលបង្កគ្រោះថ្នាក់ និងឧស្ម័នដែលមានប្រតិកម្មដូចជា នីដ្រូសែនអុកស៊ីត ឬអាសូតអុកស៊ីត (nitrogen oxides) ជាដើម។

នៅទ្វីបអឺរ៉ុប កន្លែងត្រួតពិនិត្យគុណភាពខ្យល់រាប់រយកន្លែង បានបង្ហាញតួលេខគ្រោះថ្នាក់ ដែលលើសពីកម្រិតណែនាំគុណភាពខ្យល់របស់ អង្គការសុខភាពពិភពលោក (WHO) គឺ អូហ្សូន «100 μg m-3» ក្នុងរយៈពេល ៨ម៉ោង នោះទៅទៀត។

៤៖ ទីក្រុងទាំងឡាយត្រូវការ «បរិស្ថានបៃតង» បន្ថែមដើម្បីទប់ទល់កម្តៅ

ពេលដែលរលកកម្តៅមកដល់ អ្នករស់នៅទីក្រុងតែងតែជួបស្ថានភាពអាក្រក់ខ្លាំងជាងគេ។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ស្តុកណែន និងអគារខ្ពស់ៗជាច្រើន តំបន់ទីក្រុងតែងតែជាជម្រុកនៃសីតុណ្ហភាពក្តៅ ក្នុងកម្រិតខ្ពស់ជាងគេ បើធៀបនឹងតំបន់ជនបទ ឬសូម្បីតែតំបន់នៅជុំវិញ ដែលមិនមានអគារខ្ពស់ៗច្រើន។

ឥទ្ធិពលបែបនេះត្រូវបានប្រើពាក្យមួយឃ្លាមកពណ៌នាថា «ទីក្រុងនៃរលកកម្តៅ»។ ប្រជាជនដែលរស់នៅ និងធ្វើការក្នុងទីក្រុង តែងតែជួបប្រទះភាពតានតឹង ដោយសារកម្ដៅដ៏គ្រោះថ្នាក់កើនឡើង ដោយសូម្បីតែនៅពេលយប់ក៏ដោយ។

(រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ ដំណោះស្រាយនៅតែមាន។ ការសិក្សាមួយនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល បានបង្ហាញថា កម្រិតសីតុណ្ហភាព និងបរិមានឧស្ម័នកាបូនិកពុល ត្រូវបានកាត់បន្ថយមួយផ្នែក នៅពេលដែលបរិស្ថានបៃតងក្នុងទីក្រុង (ការដាំដើមឈើ) ត្រូវបានបង្កើន, នេះបើតាមលទ្ធផលនៃការវាស់ស្ទង់នៅមុនពេលដាំដើមឈើ និងក្រោយចំនួនដើមឈើបៃតងកើនឡើង។

គុណភាពខ្យល់ប្រសើរឡើង និងកម្តៅថយចុះដោយសារដើមឈើ (រូបភាពពី BBC)

គួរបញ្ជាក់ថា អង្គការ WMO បានចេញផ្សាយរបាយការណ៍ខាងលើនេះ នៅក្នុងឱកាសនៃ «ទិវាអន្តរជាតិនៃខ្យល់ស្អាតសម្រាប់ផ្ទៃមេឃពណ៌ខៀវ ( International Day of Clean Air for blue skies)» ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែកញ្ញា។ ប្រធានបទនៅឆ្នាំនេះ គឺ «រួមគ្នាដើម្បីខ្យល់ស្អាត» ដោយផ្តោតសំខាន់បំផុតលើ តម្រូវការនៃភាពជាដៃគូដ៏រឹងមាំ ការបង្កើនការវិនិយោគ និងការទទួលខុសត្រូវរួមគ្នា ដើម្បីជម្នះការបំពុលបរិយាកាស៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ UN/WMO (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner