ទីបំផុតតេឡេស្កូប «Vera C. Rubin» បំពាក់កាមេរ៉ាយក្ស «៣,២០០មេហ្គាភីសែល» បើកសម្ពោធជាផ្លូវការ (វីដេអូ)

129

(ឈីលី)៖ ក្រុមតារាវិទូអន្តរជាតិបានស្វាគមន៍ការបើកដំណើរការជាផ្លូវការនូវ មន្ទីរសង្កេតតារា Vera C. Rubin Observatory នៅលើតំបន់ប្រជុំភ្នំ Andes ប្រទេសឈីលីជាផ្លូវការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ Vera C. Rubin Observatory គឺជាមន្ទីរសង្កេតតារាដែលបំពាក់ដោយកាមេរ៉ាយក្សមានទំហំ (ប្រព័ន្ធ sensor) រហូតដល់ ៣,២០០មេហ្គាភីចសែល ធំជាងគេបំផុតក្នុងលោកមានឈ្មោះថា LSST (the Legacy Survey of Space and Time)។ មន្ទីរសង្កេតតារា Vera C. Rubin Observatory ដែលបំពាក់កាមេរ៉ា LSST នេះត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង មន្ទីរជំរុញល្បឿននៃការពិសោធន៍ជាតិ សហរដ្ឋអាមេរិក (SLAC), មូលនិធិវិទ្យាសាស្ត្រជាតិ សហរដ្ឋអាមេរិក (NSF) និង ក្រសួងថាមពល សហរដ្ឋអាមេរិក (DOE)

(Video From YouTube: Cambo Space Edu)

នៅក្នុងការដាក់សម្ពោធជាផ្លូវការនោះ ក្រុមការងារនៃមន្ទីរសង្កេតតារា Vera C. Rubin បានបញ្ចេញរូបភាពដំបូងៗដ៏អស្ចារ្យអំពីចក្រវាល ក្នុងនោះរូបទី១បង្ហាញពីចង្កោមកាឡាក់ស៊ី Virgo (Virgo cluster of galaxies) ហើយភាពពិសេសនៃទិដ្ឋភាពតំបន់នេះ គឺកាឡាក់ស៊ីរាងគូថខ្យងចំនួនពីរដែលនៅទន្ទឹមគ្នាដូចកញ្ចក់វ៉ែនតា (ស្ថិតនៅកណ្តាលផ្នែកខាងស្តាំរូប) ព្រមទាំងទិដ្ឋភាពដ៏មហាកម្រនៃកាឡាក់ស៊ីចំនួន ៣ ដែលកំពុងរួមបញ្ចូលគ្នា (ស្ថិតនៅលើផ្នែកខាងស្តាំរូប)។ ទម្រាំបានរូបភាពមួយសន្លឹកនេះ គឺក្រុមតារាវិទូបានបញ្ជាឲ្យតេឡេស្កូបសម្ងំថតអស់រយៈពេល ១០ម៉ោង ហើយតម្រៀបរូបថតគុណភាពខ្ពស់ទាំងនោះទៅតាមទីតាំង រហូតដល់ចេញតែរូបភាពមួយសន្លឹក ដែលប្រកបដោយកម្រិតភាពច្បាស់ខ្ពស់បំផុត។

រូបទី១ (Image Credit: NSF-DOE Vera C. Rubin Observatory)

សម្រាប់រូបទី២វិញ គឺត្រូវបានផ្គុំចេញពីរូបភាពរាយៗសរុប ៦៧៨សន្លឹក ដោយយើងអាចឃើញតំបន់ពពកធូលី និងឧស្ម័ន (យើងតែងហៅថា នីប៊ុយឡា ឬ Nebula) ចំនួន ២នោះគឺ នីប៊ុយឡាទ្រីហ្វីដ (Trifid nebula) និង នីប៊ុយឡា ឡាហ្គូន (Lagoon nebula)។ ទាំងនេះនេះត្រឹមជាការចាប់ផ្តើមបង្ហាញលទ្ធផលបន្តិចបន្តួចសិនប៉ុណ្ណោះ ហើយសម្រាប់វីដេអូឯកសារអំពីស្នាដៃរបស់បណ្តាញតេឡេស្កូបខាងលើនេះ ត្រូវបានកំណត់ឲ្យចេញផ្សាយរួចហើយក្នុង ឆាណែលយូធូបឈ្មោះ National Science Foundation News (NSF) នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមអ្នកស្នេហាវិស័យតារាសាស្ត្រទាំងឡាយអាចចូលទៅទស្សនាបាន។

រូបទី២ (Image Credit: NSF-DOE Vera C. Rubin Observatory)

សម្រាប់គោលដៅធំបំផុតនៃ NSF-DOE Rubin Observatory ដែលបានចំណាយប្រាក់ ១.២ពាន់លានដុល្លារអាមេរិក (គិតតាមតម្លៃលុយបច្ចុប្បន្ន) ដោយប្រើពេលសរុប ១០ឆ្នាំក្នុងការសាងសង់នោះ គឺការស្ទាបស្ទង់ និងផ្តិតទុកជាកេរដំណែលនូវ ទិដ្ឋភាពទីអវកាស និងការវិវឌ្ឍន៍ទៅតាមពេលវេលា ដែលទាំងអស់នេះសម្តៅទៅដល់ការបង្កើតជាខ្សែវីដេអូ (movie) នៃដំណើរបម្រែប្រួលរបស់ចក្រវាលប្រកបដោយភាពសុក្រិត និងគុណភាពខ្ពស់កម្រិត UHD (4K) តាមរយៈការស្កេនផ្ទៃមេឃទាំងអស់របស់ផែនដីស្ទើរជារៀងរាល់ថ្ងៃនៅក្នុងអំលុងពេល ១០ឆ្នាំ គិតចាប់ពីចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខនេះតទៅ។

ទីបំផុតតេឡេស្កូប «Vera C. Rubin» បំពាក់កាមេរ៉ាយក្ស «៣,២០០មេហ្គាភីសែល» បើកសម្ពោធជាផ្លូវការ (វីដេអូ)
កាមេរ៉ាយក្ស LSST (Image Credit: NSF-DOE Vera C. Rubin Observatory)

មនុស្សលោកលើភពផែនដីនឹងរំភើបនៅរយៈពេល ១០ឆ្នាំខាងមុខ (នៅឆ្នាំ២០៣៥ ឬអាច ២០៣៦) នៅក្នុងការទស្សនាវីដេអូជាលក្ខណៈពន្លឿន (time-lapse) ដែលត្រូវបានពន្លឿនពីសកម្មភាពពិតរយៈពេល ១០ឆ្នាំ ឲ្យមកនៅក្នុង១វីដេអូ (មិនទាន់អាចកំណត់នាទី)។ នៅក្នុងវីដេអូ time-lapse នោះនឹងមាននូវទិដ្ឋភាពនៃការចល័តលឿនៗរបស់អាចម៍ផ្កាយ, ផ្កាយដុះកន្ទុយ, បន្ទុះស៊ូពើណូវ៉ា និងសូម្បីតែកាឡាក់ស៊ីឆ្ងាយៗដែលនឹងមានបម្រែបម្រួលឲ្យយើងសង្កេតដឹងបានក្នុងរយៈពេល ១០ឆ្នាំ

មិនមែនត្រឹមតែបេសកកម្មខាងលើនេះឡើយដែលសំខាន់ ក្នុងនោះមន្ទីរសង្កេតតារា NSF-DOE Rubin Observatory ក៏នឹងសិក្សាអំពីបម្រែបម្រួលនៃចក្រវាល ពាក់ព័ន្ធនឹងថាមពលងងឹត (Dark Engery) និងរូបធាតុងងឹត (Dark Matter) ដែលនៅតែស្ថិតនៅជាអាថ៌កំបាំងនោះផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នៅរយៈពេល ១០ឆ្នាំខាងមុខទៀតនេះ មនុស្សគ្រប់រូបនឹងមើលឃើញចក្រវាល (Universe) នៅក្នុងទិដ្ឋភាពថ្មីខុសប្លែកពីអ្វីដែលតេឡេស្កូបរាប់ជំនាន់មកនេះបានធ្វើ។

ទីតាំងនៃ NSF-DOE Vera C. Rubin Observatory (រូបភាពពីបរទេស)

គួរបញ្ជាក់ថា កាឡាក់ស៊ីសរុប ២០ពាន់លានកាឡាក់ស៊ី កំពុងរង់ចាំ LSST ហើយទិន្នន័យប្រមាណ ១៥ តេរ៉ាបៃ (terabytes) នឹងត្រូវប្រមូលទុករៀងរាល់យប់ ដើម្បីជាជំនួយដល់ការសិក្សាអំពីដំណើរវិត្តន៍នៃពពួកកាឡាក់ស៊ី នៅក្នុងចក្រវាលយើងនេះ។ កាលពីអំលុងឆ្នាំ២០២២ SLAC ធ្លាប់បានប្រកាសថា កាមេរ៉ា LSST ដែលកម្ពស់ ១.៦៥ម៉ែត្រ និងទម្ងន់ ៣តោន មានសមត្ថភាពផ្តិតយកវត្ថុតូចៗបានច្បាស់ សូម្បីតែស្ថិតនៅរយៈចម្ងាយរាប់គីឡូម៉ែត្រ ដោយសារតែវាមានកម្រិតភាពច្បាស់ រហូតដល់ទៅ ៣,២០០មេហ្គាភីចសែល (ឧទាហរណ៍វាអាចថតគ្រាប់ Golf មួយបានយ៉ាងច្បាស់ពីចម្ងាយ ២៤គីឡូម៉ែត្រ) ជាមួយនឹង Sensor សរុបដល់ទៅ ១៨៩គ្រឿង ហើយ Sensor នីមួយៗមានទំហំ ៤២មីលីម៉ែត្រ (១៦ម៉េហ្គាភីចសែល) ដែលធំជាង Sensor កាមេរ៉ារបស់ iPhone 13 ទៅទៀត៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ CNN (ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥)

480×240 Banner