៣០០ឆ្នាំពន្លឺពីផែនដីមាន ផ្កាយក្មេង១កំពុងទ្រទ្រង់ភពយក្ស២ ដែលប្រៀបបីដូចជាកញ្ចុះឆ្លុះ… (James Webb) (វីដេអូ)

147

(បរទេស)៖ តើអ្នកយល់ស្របទេចំពោះការលើកឡើងដែលថា ចក្រវាលនេះហាក់បីដូចជាកញ្ចក់ ឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រព័ន្ធផ្កាយនានានៅក្នុងកាឡាក់ស៊ីយើង ឬសូម្បីតែកាឡាក់ស៊ីនានានោះ? ត្រង់ចំណុចនេះយើងកំពុងនិយាយទៅដល់ដំណើរវិវត្តន៍របស់ផ្កាយ និងភពជាច្រើន ដែលខ្លះមានអាយុស្របាលនឹងប្រព័ន្ធព្រះអាទិត្យយើង ហើយខ្លះទៀតក៏មានវ័យចំណាស់ ខណៈមួយចំនួនទៀតនោះកំពុងតែលេចរូបរាងឡើង និងរីកធំធាត់ជាបណ្តើរៗ។

(សូមចុចទស្សនាវីដេអូផ្ទាល់ក្នុងយូធូប)

សម្រាប់ប្រព័ន្ធព្រះអាទិត្យរបស់យើង គឺអាចចាត់ទុកថាស្ថិតនៅវ័យកណ្តាលមួយទៅហើយ បើយោងតាមការសិក្សាស្រាវជ្រាវរាប់ទសវត្សរ៍មកនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រសកល ហើយយើងគ្រប់គ្នាមានការជឿជាក់ខ្ពស់ ចំពោះការអះអាងពីការកកើតប្រព័ន្ធព្រះអាទិត្យ និងវិធីសាស្ត្រក្នុងការកំណត់អាយុពិតប្រាកដរបស់ប្រព័ន្ធយើងនេះ…។ ចុះសម្រាប់អ្នកដែលមិនទាន់ជឿជាក់វិញ? ត្រង់ចំណុចនេះហើយទើបតេឡេស្កូបលើដី និងទីអវកាសត្រូវបានបង្កើតឡើង ដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅទៅក្នុងកាឡាក់ស៊ីយើងផ្ទាល់ និងចក្រវាលទាំងមូល ព្រោះការសិក្សាមិនមានព្រំដែនកំណត់ឡើយ ចំពោះអ្នកឲ្យតម្លៃលើចំណេះដឹងទូទៅ…។

នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb បានបញ្ចេញលទ្ធផលសិក្សាស្រាវជ្រាវថ្មីមួយ ទៅលើប្រព័ន្ធផ្កាយក្មេងមួយដែលមានអាយុទើប ១៦.៧លានឆ្នាំប៉ុណ្ណោះ ហើយបើធៀបនឹងប្រព័ន្ធព្រះអាទិត្យយើងដែលមានអាយុ ៤.៦ពាន់លានឆ្នាំនោះ ផ្កាយខាងលើនេះពិតជានៅក្មេងខ្ចីខ្លាំងណាស់។ ប៉ុន្តែ វាក៏កំពុងទ្រទ្រង់ភពយក្សចំនួន ដ៏គួរឲ្យចាប់អារម្មណ៍បំផុតផងដែរ ស្ថិតនៅចម្ងាយប្រមាណ ៣០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ហើយភពទាំងអស់នោះ កំពុងផ្ទុកដោយសមាសធាតុពិសេសៗក្នុងបរិយាកាស ដែលយើងនឹកស្មានមិនដល់…។

ប្រព័ន្ធផ្កាយខាងលើនេះមានឈ្មោះថា YSES-1 ខណៈភពធំៗទាំង របស់វានោះមានឈ្មោះថា YSES-1 b និង YSES-1 c។ យើងអាចចាត់ទុកថា ភពយក្សទាំងនេះរួមទាំងផ្កាយមេរបស់ពួកវា គឺជាកញ្ចក់ឆ្លុះបញ្ចាំងពិតៗអំពីដំណើវវិវត្តន៍នៃភពនានា និងព្រះអាទិត្យរបស់យើងពេលទើបនៅក្មេងហើយ YSES-1 b និង c អាចត្រូវបានសន្មត់ថា មានដំណើររីកលូតលាត់ ស្រដៀងនឹងភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) នៃប្រព័ន្ធព្រះអាទិត្យយើងកាលពីនៅក្មេងៗតែម្តង។

ចំណុចសំខាន់មួយទៀតនោះ គឺបរិយាកាសភពយក្សទាំងពីរនេះ កំពុងតែពោពេញដោយពពកនៃគ្រាប់ខ្សាច់ (silicate clouds ឬ sand clouds) ហើយវាជាចរន្តផ្លាស់ប្តូរទៅវិញទៅមកដ៏ស្មុគស្មាញ ដែលមិនសូវខុសពីដំណើរនៃ «វដ្តទឹក» នៅក្នុងបរិយាកាសភពផែនដីនោះឡើយ។ ការពិនិត្យពពកខ្សាច់នៅក្នុងបរិយាកាសភព Exoplanets ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចប្រាប់យើងអំពីដំណើរការនៃចរន្តបរិយាកាស និងរបៀបដែលភពទាំងនោះកកើតឡើង ហើយលទ្ធផលសិក្សាទាំងអស់នេះ នឹងត្រូវយកធ្វើជាគំរូសម្រាប់ការសិក្សាលើភព Exoplanets ថ្មីៗទៅថ្ងៃអនាគត ព្រមទាំងភពនានានៅក្នុងប្រព័ន្ធយើងផងដែរ។

ការសម្លឹងមើលទៅភព YSES-1 b និង YSES-1 c គឺមិនខុសពីការសម្លឹងទៅមើលអតីតកាល នៃភពព្រហស្បតិ៍ និងសៅរ៍កំពុងកកើតឡើងនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកយកភពពិសេសជាងគេមួយមុនគេនោះគឺ YSES-1 c ដោយវាមានម៉ាសប្រមាណ ១៤ដងនៃម៉ាសភពព្រហស្បតិ៍ និងស្ថិតនៅលេខរៀងទីបន្ទាប់ពី YSES-1 b ដែលនៅលេខរៀងទី១។ ភព YSES-1 c មានពពកបរិយាកាសពោពេញដោយកម្ទេចខ្សាច់ ដែលជាហេតុនាំឲ្យវាមានពណ៌លឿងទុំ ហើយកម្ទេចខ្សាច់ទាំងនោះតែងធ្លាក់ចុះប្រៀបដីដូចជាជាភ្លៀង ឆ្ពោះទៅរកស្នូលរបស់ភពជាប្រចាំ…។ នេះជាដំណើរការមួយនៃភពក្មេងមួយប្រភេទដែលមានទំហំធំខ្លាំង និងត្រូវបានចាត់បញ្ចូលក្នុងជំពូក Extrasolar Planets

ដោយឡែកសម្រាប់ភពដើមគេគឺ YSES-1 b គឺកំពុងព័ទ្ធជុំវិញដោយបន្ទះឌីសនៃ ធូលី ឧស្ម័ន និងស៊ីលីកាត (silicate) (circumplanetary disk) ដែលទិដ្ឋភាពបែបនេះមានន័យថា វាកំពុងស្ថិតក្នុងការប្រមូលផ្តុំរូបរាង ដែលមិនទាន់មានរូបរាងពេញលេញដូចភព YSES-1 c នោះឡើយ។ ប្រសិនបើគ្មាន James Webb យើងមិនអាចមើលឃើញសមាសធាតុផ្សំ នៅក្នុងពពកធូលី និងឧស្ម័ននៅជុំវិញភពនោះឡើយ ខណៈតេឡេស្កូបអវកាសនេះថែមទាំងបានរកឃើញ ថ្មផាយរ៉ក់ស៊ីន (pyroxene ឬ bridgmanite and forsterite) ផងដែរ ប៉ុន្តែវាជាលើកដំបូងដែលក្រុមអ្នកវិទ្យាសាស្ត្ររកឃើញសមាសធាតុ silicates (ថ្មផ្ទុកដោយស៊ីលីកូន និងអុកស៊ីហ្សែន) នៅក្នុងបណ្តុំ circumplanetary disk នោះ។

៣០០ឆ្នាំពន្លឺពីផែនដីមាន ផ្កាយក្មេង១កំពុងទ្រទ្រង់ភពយក្ស២ ដែលប្រៀបបីដូចជាកញ្ចុះឆ្លុះ… (James Webb) (វីដេអូ)
រូបតំណាងនៃប្រព័ន្ធផ្កាយ YSES-1 និងភពទាំង ២ របស់វា (Credit: NASA/ESA/CSA via Ellis Bogat)

គួរបញ្ជាក់ថា ភព YSES-1 b និង YSES-1 c ពិតជាមានគម្លាតឆ្ងាយៗពីផ្កាយមេរបស់ពួកវាណាស់ ឬបើគិតជាក់ស្តែងគឺស្មើនឹងគម្លាត ៥ដង និង ១០ដង នៃគម្លាតរវាងភពណិបទូន (Neptune) ពីព្រះអាទិត្យរបស់យើងឯណោះ (ភពណិបទូនមានគម្លាតជាមធ្យម ៤.៥ពាន់លានkm ពីព្រះអាទិត្យ)។ នេះជាការបង្ហាញសមត្ថភាពបន្ថែមទៀតរបស់ James Webb ក្នុងការសិក្សាលម្អិតពីបរិយាកាស ភព Exoplanets នានា បើទោះបីជាពួកវាស្ថិតនៅឆ្ងាយៗពីផ្កាយមេរបស់ពួកវាខ្លាំងក៏ដោយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥)

480×240 Banner