ក្រុម Black Hole មានចម្ងាយតែ ១៥០ឆ្នាំពន្លឺ ពីផែនដី? ក្រុមតារាកំពុងសង្កេតរកការពិត! (មានវីដេអូ)

3,763

(បរទេស)៖ ប្រសិនបើការសង្ស័យនេះក្លាយជាការពិត នោះយើងនឹងមានប្រហោងខ្មៅ (Black Hole) ដែលស្ថិតនៅកៀកយើងបំផុតថ្មីទៀត ហើយក៏មិនមែនជាការកៀកធម្មតាៗនោះដែរ ព្រោះលើកនេះ Black Hole នោះនឹងស្ថិតនៅចម្ងាយត្រឹមតែខ្ទង់រយឆ្នាំពន្លឺប៉ុណ្ណោះ ពីភពផែនដីយើង។ ទោះបីជារយៈចម្ងាយខ្ទង់ឆ្នាំពន្លឺ ជាចម្ងាយដ៏សែនឆ្ងាយសម្រាប់មនុស្សលើផែនដីក្តី តែសម្រាប់នៅក្នុងកាឡាក់ស៊ីយើងវិញ ចម្ងាយកម្រិតនេះអាចចាត់ទុកបានថា កៀកផែនដីយើងហើយ, នេះបើតាមការដកស្រង់ព័ត៌មាននៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

(Video From: Cambo Space Edu’s YouTube Channel)

ប៉ុន្តែឈប់សិន, យើងមិនទាន់ថា នោះជាក្រុម Black Hole ពិតប្រាកដឯណា ដោយពួកវាត្រឹមស្ថិតនៅក្នុងការអង្កេត សិក្សា និងសង្ស័យដំបូងៗសិនប៉ុណ្ណោះ។ លទ្ធផលសិក្សាដំបូងនេះ ក៏ត្រូវបានដាក់ទៅក្នុងកំណត់ហេតុប្រចាំខែកញ្ញា ឆ្នាំ២០២៣នេះ នៃស្ថាប័នតារាសាស្ត្រអន្តរជាតិមួយមានឈ្មោះថា The Royal Astronomical Society ផងដែរ។ តើតំបន់ដែលគេកំពុងសង្ស័យថា អាចកំពុងលាក់បំពួន Black Holes នោះស្ថិតនៅត្រង់ណា?

រូបភាពតំណាងក្រុម Black Holes (រូបភាពពីបរទេស)

បើតាមក្រុមតារាវិទូអន្តរជាតិ តំបន់ដែលគេសង្ស័យថា អាចមាន Black Holes កំពុងពួនសម្ងំនោះ គឺជាកញ្ចុំផ្កាយមួយមានឈ្មោះថា ហៃយ៉ាឌីស (Hyades cluster) ដែលយើងក៏អាចមើលឃើញនៅលើផ្ទៃមេឃផែនដី នាពេលរាត្រីផងដែរ។ Hyades Cluster ត្រូវបានក្រុមតារាវិទូដឹងថា មានផ្ទុកផ្កាយតូចធំប្រមាណជាង ៧២០ដួងឯណោះ និងស្ថិតនៅចម្ងាយជាមធ្យម ១៥០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយបើយើងមើលទៅលើផ្ទៃមេឃផែនដីពេលរាត្រីនោះ កញ្ចុំផ្កាយមួយនេះស្ថិតនៅក្នុង តារានិករ Taurus (constellation Taurus)។

កញ្ចុំផ្កាយ Hyades Cluster (ថតដោយ Hubble របស់ NASA/ESA)

ជុំវិញការសង្ស័យដែលថា នៅក្នុង Hyades Cluster អាចមានប្រហោងខ្មៅ (Black Hole) មួយចំនួនកំពុងពួនសម្ងំនោះ គឺយោងទៅលើទិន្នន័យអង្កេតរបស់តេឡេស្កូបអវកាស ហ្គៃយ៉ា (Gaia) របស់អង្គការអវកាសអឺរ៉ុប ESA។ ក្រុមតារាវិទូ ESA បានប្រើប្រាស់ទិន្នន័យបច្ចុប្បន្នរបស់ Gaia ទៅលើ Hyades Cluster រួមទាំងការគណនាទម្រង់របស់កញ្ចុំផ្កាយនោះតាមកម្មវិធីកុំព្យូទ័រ ដើម្បីត្រួតពិនិត្យបម្រែបម្រួលរបស់វា នៅអំលុងរយៈពេល ៦៥០លានឆ្នាំចុងក្រោយនេះ។

តេឡេស្កូបអវកាស Gaia របស់ ESA (រូបភាពពី ESA)

ការពន្យល់ដ៏ល្អបំផុតសម្រាប់ចំណុចនេះ គឺទៅលើកម្រិតល្បឿន និងទិសដៅនៃការចល័តរបស់ផ្កាយនានានៅក្នុង Hyades Cluster នាអំលុងរយៈពេល ៦៥០លានឆ្នាំចុងក្រោយនេះ ដែលបាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ គណនាឃើញថា យ៉ាងហោចណាស់ក៏មានវត្តមាន «ប្រហោងខ្មៅខ្នាតតូចចំនួន ២ ទៅ ៣» ដែរ នៅតំបន់ចំណុចកណ្តាលរបស់ Hyades ដែលបាននិងកំពុងជំរុញ ចលនាផ្កាយទាំងអស់នោះ តាមរយៈឥទ្ធិពលដ៏ខ្លាំងក្លានៃទំនាញ។

ក្រុម Black Hole មានចម្ងាយតែ ១៥០ឆ្នាំពន្លឺ ពីផែនដី? ក្រុមតារាកំពុងសង្កេតរកការពិត! (មានវីដេអូ)
រូបតំណាង Black Hole (រូបភាពពីបរទេស)

ជុំវិញលទ្ធសិក្សាថ្មីនេះ អ្នកស្រាវជ្រាវមួយរូបឈ្មោះ Stefano Torniamenti មកពីសាកលវិទ្យាល័យ Padua បានលើកឡើងថា «ការគណនាតាមប្រព័ន្ធកុំព្យូទ័ររបស់យើង អាចត្រឹមផ្គូផ្គងម៉ាស់ និងទំហំរបស់ Hyades ប្រសិនបើ Black Hole ខ្លះ មានវត្តមាននៅកណ្តាលកញ្ចុំផ្កាយនោះ នៅពេលនេះ ឬក៏ថ្មីៗកន្លងទៅនេះ…»។ បើតាមលទ្ធផលនៃការគណនា Black Hole ទាំងនោះ សុទ្ធតែម៉ាស់កម្រិត Stellar (ជា Black Hole ខ្នាតតូច ដែលមានម៉ាស់ចាប់ពី ៣ដង ទៅ ១០ដង នៃម៉ាស់របស់ព្រះអាទិត្យយើង)

ទីតាំងនៃ Hyades Cluster (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ប្រសិនបើការសិក្សាបន្តទៅមុខ រកឃើញថា Black Hole ដែលអាចមានចំនួន ២ ឬ ៣ នោះពិតជាស្ថិតនៅក្នុង Hyades Cluster ដែលមានចម្ងាយ ១៥០ឆ្នាំពន្លឺពីផែនដីយើងនេះមែន នោះយើងនឹងមាននូវ Black Hole ដែលស្ថិតនៅកៀកយើងបំផុតជាងមុន «១០ដង» បើធៀបនឹងប្រហោងខ្មៅ Gaia BH1។ ប្រហោងខ្មៅ Gaia BH1 ដែលស្ថិតនៅកៀកផែនដីបំផុតបច្ចុប្បន្ន គឺស្ថិតនៅចម្ងាយ ១,៥០០ឆ្នាំពន្លឺ ហើយវាក៏ត្រូវបានអង្កេត និងរកឃើញដោយតេឡេស្កូបអវកាស Gaia ផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science/The Royal Astronomical Society (ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner