រកឃើញ Black Hole មានពណ៌ក្រហមដិតនៅជុំវិញ និងធ្ងន់ជាងព្រះអាទិត្យយើង «៤០លានដង» (មានវីដេអូ)

2,909

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb ទើបតែបានបញ្ចេញទិន្ន័យ អំពីការប្រទះឃើញប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) មួយ ដែលមានពណ៌ក្រហមដិតនៅជុំវិញខ្លួនវា ហើយម៉ាស់របស់វាវិញក៏ធ្ងន់ជាងព្រះអាទិត្យយើងដល់ទៅ ៤០លានដងផងដែរ។ Black Hole ដែលស្ថិតនៅចម្ងាយដ៏មហាសែនឆ្ងាយនោះ បានកកើតឡើងនៅអំលុងចក្រវាល (Universe) ស្ថិតនៅវ័យក្មេងនៅឡើយ។

(Video From: Cambo Space Edu’s YouTube Channel)

ក្រុមការងារស្រាវជ្រាវទិន្នន័យពី James Webb ដឹកនាំដោយតារាវិទូ Lukas Furtak និង Adi Zitrin មកពីសាកលវិទ្យាល័យ Ben-Gurion នៃតំបន់ Negev ប្រទេសអ៊ីស្រាអែល បានវែករកឃើញវត្ថុអវកាស ដ៏មហាអស្ចារ្យកាលពីអតីតកាលខាងលើនេះ និងគណនាទៀតថា វាបានកកើតឡើងកាលពីអំលុង ៧០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang។ យោងតាមទ្រឹស្តី Big Bang ជាចំណុចចាប់ផ្តើមដំបូងនៃចក្រវាលកាលពី ១៣.៨ពាន់លានឆ្នាំមុន ហើយក៏បន្តរីកមាឌមកទល់នឹងបច្ចុប្បន្នដែលយើងហៅថា Universe Expanding

រូបតំណាងប្រហោងខ្មៅមហាយក្ស កាលពីចក្រវាលនៅវ័យក្មេង (Image credit: Robert Lea (created with Canva))

ហេតុអ្វី Supermassive Black Hole នោះមានពណ៌ក្រហមដិត? ជុំវិញចម្ងល់នេះ ក្រុមតារាវិទូបានពន្យល់ថា៖ «ពណ៌ក្រហមជុំវិញប្រហោងខ្មៅមហាយក្សនោះ គឺជាលទ្ធផលនៃការពង្រីកខ្លួនរបស់ចក្រវាល ហើយពេលដែលបាឡុងរបស់ចក្រវាលកាន់តែប៉ោងធំឡើងៗទៅគ្រប់ទិសដៅនោះ ពន្លឺដែលចល័តមករកយើងបានក្លាយជាទម្រង់ពណ៌ក្រហម (redshift) ហើយពណ៌ក្រហមបែបនេះ ក៏មិនខុសពីពពួកកាឡាក់ស៊ីវ័យចំណាស់ ដែល James Webb បានឆ្លុះមើលឃើញកន្លងមកនោះដែរ។ ពន្លឺក្រហម redshift កាន់តែដិតខ្លាំងនោះជាសញ្ញាបញ្ជាក់ថា មានវត្តមានឧស្ម័ន និងធូលីដ៏ក្រាស់កំពុងរុំព័ទ្ធជុំវិញ Supermassive Black Hole នោះ»។

រូបតំណាងប្រហោងខ្មៅមហាយក្ស កាលពីចក្រវាលនៅវ័យក្មេង (រូបភាពពី Sci-tech Daily)

លទ្ធផលនៃការសង្កេតឃើញនេះ ក៏បន្ថែមនូវចម្ងល់អំពីអាថ៌កំបាំង ដែលអាចធ្វើឲ្យ Supermassive Black Hole ទាំងឡាយ អាចរីកធំធាត់បានធំមហិមាបែបនោះដែរ ខណៈវត្ថុអវកាសមួយដែលអាចមានម៉ាស់ ធ្ងន់ជាងព្រះអាទិត្យយើងរាប់សិបលានដង ឬក៏ខ្លះទៀតអាចដល់រាប់ពាន់លានដងបែបនេះ ពិតជាពិបាកក្នុងការបកស្រាយណាស់។ ក្រុមតារាវិទូក៏បានអះអាងទៀតថា ប្រហោងខ្មៅមហាយក្ស ដែលមានចម្ងាយប្រមាណ ១២.៩ពាន់លានឆ្នាំពន្លឺពីផែនដីនោះ កំពុងតែស្រូបទាញធូលី និងឧស្ម័នជុំវិញខ្លួនវាយ៉ាងពុះកញ្ជ្រោលផងដែរ ឬបើយើងនិយាយឲ្យចំ គឺវាកំពុងស្ថិតក្នុងដំណាក់កាលរីកធំធាត់។

ប្រហោងខ្មៅយក្សក្នុងទម្រង់ Redshift ដែលត្រូវបាន James Webb សង្កេតមើលកន្លងមក (រូបភាពពី NASA/ESA/CSA)

យ៉ាងណាក៏ដោយ ក្រុមតារាវិទូក៏បានប្រទះឃើញ Supermassive Black Hole មួយចំនួនតូចផ្សេងទៀត ដែលមានលក្ខណៈស្រដៀងគ្នានេះដែរ ដែលបាននិងកំពុងធ្វើឲ្យពួកគេងឿងឆ្ងល់ ចំពោះទំំនាក់ទំនងរវាងប្រហោងខ្មៅ និងកាឡាក់ស៊ីដែលពួកវាកំពុងស្ថិតនៅ ខណៈចម្ងល់បែបនេះមិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នៅឡើយទេ។ ប្រការនេះក៏មិនខុសពីសំនួរបែបកំប្លែង ដែលយើងតែងបានឮកន្លងនេះដែរនោះគឺ «តើមេមាន់កើតមុន ឬពងមាន់កើតមុន?» ដូច្នេះមានតែការសិក្សាបន្តទៀតប៉ុណ្ណោះ ទើបអាចរកឃើញចម្លើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤)

480×240 Banner