៨០ឆ្នាំទើបមានម្តង! ក្នុងឆ្នាំ២០២៤នេះ «ផ្កាយ១ដួងអាចនឹងផ្ទុះ» ហើយយើងអាចឃើញនឹងភ្នែក (មានវីដេអូ)

4,897

(បរទេស)៖ តើក្នុងមួយជីវិតរបស់អស់លោកអ្នក ចង់ឃើញព្រឹត្តិការណ៍អវកាសអ្វី ស្តែងៗនឹងភ្នែកខ្លាំងជាងគេ? សម្រាប់ឆ្នាំ២០២៤នេះ ក្តីសុបិនរបស់មនុស្សមួយចំនួននឹងក្លាយជាការពិត ព្រោះទីភ្នាក់ងារអវកាសអាមេរិក NASA បានអះអាងថា ផ្កាយមួយដួងនឹងបញ្ចេញការផ្ទុះមួយប្រភេទហៅថា nova outburst ហើយអ្វីដែលកាន់តែអស្ចារ្យនោះ មនុស្សលោកលើផែនដីនឹងអាចមើលឃើញ ព្រឹត្តិការណ៍នោះនៅនឹងភ្នែកតែម្តង។

(Video From: Cambo Space Edu’s YouTube Channel)

អង្គការ NASA បានគូសបញ្ជាក់ថា ផ្កាយខាងលើនេះតែងតែកើតមានព្រឹត្តិការណ៍ nova outburstការផ្ទុះវត្ថុធាតុនៅជុំវិញខ្លួនវា ដែលបង្កឲ្យមានពន្លឺដ៏ខ្លាំងអស្ចារ្យ ជះចេញទៅកាន់ប្រព័ន្ធផ្កាយនានានៅជុំវិញ។ ប្រព័ន្ធផ្កាយនោះមានឈ្មោះថា T Coronae Borealis T CrB ស្ថិតនៅចម្ងាយ ៣,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ សម្រាប់រយៈចម្ងាយកម្រិតនេះ អាចត្រូវបានចាត់ទុកថាមិនជាឆ្ងាយប៉ុន្មានឡើយ បើយោងលើភាពធំធេងនៃកាឡាក់ស៊ី Milky Way ដែលមានប្រវែងអង្កត់ផ្ចិតដល់ទៅ ១០៥,៧០០ឆ្នាំពន្លឺនោះ។

រូបតំណាងប្រព័ន្ធផ្កាយ T CrB និងព្រឹត្តិការណ៍ nova outburst ដែលនឹងកើតមានជុំវិញខ្លួនវា (Credit: NASA’s Goddard Space Flight Center)

បើតាមក្រុមតារាវិទូ NASA ប្រព័ន្ធផ្កាយ T CrB បានកើតមានការផ្ទុះ nova outburst ចុងក្រោយកាលពីឆ្នាំ១៩៤៦ ហើយបើយោងតាមការអង្កេតជារឿយៗ ទៅលើផ្កាយដែលមានពន្លឺស្រទន់ និងពិបាកឲ្យយើងអង្កេតឃើញ ដោយភ្នែកទទេលើផ្ទៃមេឃមួយនេះ នឹងផ្ទុះម្តងទៀតនៅក្នុងឆ្នាំ២០២៤នេះតែម្តង ដោយគិតចាប់ពីអំលុងខែកុម្ភៈនេះ ដល់ខែកញ្ញា (ក្រុមតារាវិទូបានគណនាយកកំលុងពេលនេះ ដើម្បីអង្កេតមើលប្រព័ន្ធផ្កាយ T CrB ជាប្រចាំ)។

ជាធម្មតាប្រព័ន្ធផ្កាយ T CrB នោះបញ្ចេញពន្លឺក្នុងកម្រិត magnitude +10 តែប៉ុណ្ណោះ ដែលនេះពិតជាពន្លឺដ៏ខ្សោយដែលមិនអាចឲ្យភ្នែកមនុស្សមើលឃើញឡើយ នៅលើផ្ទៃមេឃផែនដីពេលរាត្រី។ ប៉ុន្តែ, នៅពេលព្រឹត្តិការណ៍ nova outburst របស់វាកើតឡើង នោះពន្លឺវានឹងឡើងដល់កម្រិត magnitude +2 ដែលភ្លឺខ្លាំងល្មមឲ្យយើងមើលឃើញដូចនឹងពន្លឺផ្កាយ Polaris ដែលមានរហស្សនាមថា តារាខាងជើង (North Star) នោះដែរ។ ការផ្ទុះនោះគឺស្មើនឹងកម្រិតថាមពលដែលព្រះអាទិត្យយើងបញ្ចេញក្នុងពេល១ឆ្នាំ រហូតដល់ទៅ ១,០០០ដងឯណោះ។

បើតាមក្រុមតារាវិទូ អំលុងចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រសិនបើប្រព័ន្ធ T CrB កើតមានព្រឹត្តិការណ៍ផ្ទុះនោះ វានឹងបញ្ចេញពន្លឺភ្លឺខ្លាំងរយៈពេល ២ ទៅ ៣ថ្ងៃ ដែលនឹងឲ្យយើងមើលឃើញដោយភ្នែកទទេ ខណៈបន្ទាប់ពីនោះយើងអាចប្រើកែវយឺតល្មមៗដើម្បីឆ្លុះមើលវាបាន ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីការផ្ទុះ។ ព្រឹត្តិការណ៍បែបនេះ អាចកើតមានឡើងតែអំលុង ៨០ឆ្នាំម្តងប៉ុណ្ណោះ ឬក៏អាចថា ១ដងក្នុង១ជីវិតមនុស្សលោក។

តំបន់ដែលលោកអ្នកអាចរង់ចាំសង្កេតប្រព័ន្ធផ្កាយ T CrB រៀងរាល់រាត្រីបាន (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ទីតាំងដែលយើងអាចមើលឃើញប្រព័ន្ធផ្កាយ T CrB នៅលើផ្ទៃមេឃនោះគឺស្ថិតនៅក្បែរៗ តារានិករ Corona Borealis the Northern Crown ដែលស្ថិតនៅជិតតារានិករ Bootes និង Hercules (ដូចមានបញ្ជាក់ក្នុងរូបភាព ឬក៏អាចប្រើ App លោកទូរស័ព្ទដូចជា Star Tracker ជាដើមក្នុងការស្វែងរក)។ ប្រសិនបើរៀងរាល់យប់ លោកឧស្សាហ៍សង្កេតតំបន់ដូចបានជម្រាបជូននេះ នោះពេលព្រឹត្តិការណ៍កើតឡើង ដោយសុខៗមានផ្កាយថ្មីបញ្ចេញពន្លឺខុសសព្វដង នោះហើយគឺជាព្រឹត្តិការណ៍ nova outburst នៃប្រព័ន្ធផ្កាយ T CrB ឬមួយក៏រង់ចាំការផ្តល់ដំណឹងពីតារាវិទូអន្តរជាតិ រួចសឹមចាប់ផ្តើមតាមដានក៏មិនហួសពេលដែរ។

  • តើប្រព័ន្ធផ្កាយ T CrB កើតមាន nova outburst ដោយរបៀបណា?

តាមការពិតនោះ T CrB ជាប្រព័ន្ធផ្កាយភ្លោះ ដែលមានផ្កាយយក្សក្រហម (Red Giant Star) មួយដួងនៅចំកណ្តាល និងផ្កាយតូចពណ៌សមួយ (White Dwarf Star) គោចរជុំវិញវា ហើយបើតាមវីដេអូ animation អំពីប្រព័ន្ធនេះ យើងឃើញផ្កាយតូចពណ៌សនោះស្ទើរតែបាត់ខ្លួននៅក្នុងបណ្តុំពពកធូលី និងឧស្ម័ននៅជុំវិញផ្កាយយក្សក្រហមនោះទៅហើយមុននឹងកើតមាន nova outburst

រូបតំណាងប្រព័ន្ធផ្កាយ T CrB និងព្រឹត្តិការណ៍ nova outburst ដែលនឹងកើតមានជុំវិញខ្លួនវា (Credit: NASA’s Goddard Space Flight Center)

ព្រឹត្តិការណ៍ nova outburst ដែលតែងតែកើតមានឡើងខ្ទង់ ៨០ឆ្នាំម្តងនៅក្នុងប្រព័ន្ធ T CrB ហើយអាចឲ្យមនុស្សលើផែនដីមើលឃើញនោះ ព្រោះវាជាពេលដែលផ្កាយតូចពណ៌ស នៅក្នុងប្រព័ន្ធនោះ គោចរទៅដល់ទីតាំងមួយ ដែលត្រូវរងការប៉ះទង្គិច ដោយសារឥទ្ធិពលទំនាញរបស់ផ្កាយយក្សក្រហម (យើងអាចហៅថា វដ្តនៃបន្ទុះ nova outburst) ដែលធ្វើឲ្យវាផ្ទុះជះវត្ថុធាតុនានាចេញពីខ្លួនវា និងបង្កទៅជាពន្លឺភ្លឺចិញ្ចាចតែម្តង។

  • ទីតាំងដែលត្រូវសង្កេតរកព្រឹត្តិការណ៍ nova outburst

យោងតាមរូបភាពដែលអង្គការ NASA បានដាក់បង្ហាញនេះ គឺយើងគ្រប់គ្នាត្រូវស្វែងរក តំបន់ចន្លោះតារានិករ Hercules និងតារានិករ Corona Borealis ដែលនឹងចាប់ផ្តើមបង្ហាញវត្តមាន នៅផ្ទៃមេឃភាគឦសាន ក្រោយថ្ងៃលិច និងមេឃរាងងងឹតខ្លាំង ព្រោះវាជាតំបន់ដែលព្រឹត្តិការណ៍ nova outburst របស់ផ្កាយ T CrB នឹងកើតឡើង ដោយគិតចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២៤

តំបន់ដែលលោកអ្នកអាចរង់ចាំសង្កេតប្រព័ន្ធផ្កាយ T CrB រៀងរាល់រាត្រីបាន (រូបភាពពីបរទេស)

ទីតាំងរបស់តារានិករ Hercules និង Corona Borealis គឺងាយស្រួលរកប៉ុណ្ណោះ ដោយពួកវាស្ថិតនៅចន្លោះផ្កាយ Vega និង Arcturus (ការប្រើ App ទូរស័ព្ទជំនួយ គឺជារឿងចាំបាច់)។ ប៉ុន្តែចូរបងប្អូនចងចាំថា ពន្លឺរបស់ T CrB ដែលនឹងបញ្ចេញនោះ គឺស្មើនឹងផ្កាយ Polaris ប៉ុណ្ណោះ ហើយផ្កាយ Polaris នោះទៀតសោត ទោះជាយើងអាចមើលឃើញពន្លឺវាដោយភ្នែកទទេ ក៏មិនជាភ្លឺចែងចាំងលើសគេឯងនោះដែរ។ ដូច្នេះជម្រើសដែលល្អ គឺមានតែរង់ចាំក្រុមតារាវិទូផ្តិតយកទិដ្ឋភាព ឬប្រកាសឲ្យយើងដឹងមុនភ្លាមៗប៉ុណ្ណោះ៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤)

480×240 Banner