ធ្លាប់សង្ឃឹមថាភព Trappist-1 e កំពុងលាក់ «ជីវិតអេលៀន» តែពេលនេះជួប «លទ្ធផលសិក្សាមិនល្អ» (មានវីដេអូ)

2,952

(បរទេស)៖ ក្រោយពីការប្រកាសរកឃើញភពរហូតដល់ទៅគោចរជុំវិញផ្កាយតូចក្រហម (red dwarf star) មួយដួងឈ្មោះ Trappist-1 និងការសង្កេតជាបន្តបន្ទាប់ដែលបាននាំឲ្យតារាវិទូ ឈានទៅអះអាងថា ភពរហូតដល់ទៅក្នុងចំណោមនោះ អាចទ្រទ្រង់បរិយាកាសក្រាស់ៗ និងមានទឹកលើផ្ទៃសំបកពួកវា ដែលជាបរិស្ថានអំណោយផលដល់ការកកើតជីវិត (Habitable Zone) នោះ ក្រុមអ្នកសិក្សារកភពដែលអាចមានលាក់ជីវិតអេលៀន (Alien Planet) បានងាកកាណុងទៅរកប្រព័ន្ធផ្កាយ ដែលចម្ងាយខ្ទង់ ៤០ឆ្នាំពន្លឺពីផែនដីនោះ ដោយមិនរេរាទៅណាឡើយ។

(Video From: Cambo Space Edu’s YouTube Channel)

ជាការពិតណាស់ កាលពីអំលុងឆ្នាំ២០២៣ តេឡេស្កូបអវកាស James Webb ដ៏មហាអស្ចារ្យ បានឆ្លុះភព ក្នុងចំណោមភពទាំងរបស់ផ្កាយ Trappist-1 រួចហើយ នោះគឺភពដើមគេ Trappist-1 b និង Trappist-1 c ហើយលោកអ្នកក៏គ្មានអ្វីត្រូវងឿងឆ្ងល់ច្រើនដែរ ព្រោះការស្ថិតកៀកៗផ្កាយពេក គឺជោគវាសនាភពទាំង នោះក៏មិនសូវខុសពីភពពុធ (Mercury) ឬសូម្បីតែភពសុក្រ (Venus) របស់ប្រព័ន្ធព្រះអាទិត្យយើងនេះដែរ។

Habitable Zone ប្រព័ន្ធផ្កាយ Trappist-1 ធៀបនឹងប្រព័ន្ធព្រះអាទិត្យ (រូបភាពពី NASA)

ងាកទៅកាន់ខាងដើមអត្ថបទវិញ ក្តីសង្ឃឹមអំពីភពអាចទ្រទ្រង់ជីវិតក្នុងប្រព័ន្ធផ្កាយ Trappist-1 គឺមានចំនួន ៣ ដូចជា Trappist-1 e, f និង g ហើយក្នុងចំណោមភព នេះ Trappist-1 e ស្ថិតក្នុងទីតាំងផ្អែមជាងគេ នោះគឺតំបន់ល្អបំផុតនៃ Habitable Zone របស់ផ្កាយវា។ ចំណុចល្អបំផុតនៃ Habitable Zone Goldilock Zone នេះមានន័យថា ជាទីតាំំងដ៏សមរម្យបំផុត ដែលអាចឲ្យ Trappist-1 e បង្កើតបរិយាកាសក្រាស់ និងមានទឹករាវស្រោបពេញផ្ទៃភព ដែលជាបរិស្ថានស្វាគមន៍ដល់ជីវិតដូចនឹងផែនដី។

ភព Trappist-1 e ក្នុងការសន្និដ្ឋាន (រូបភាពពី Guillem H Pongiluppi)

ប៉ុន្តែ, សម្រាប់លទ្ធផលសិក្សាថ្មី ដែលត្រូវបានដកស្រង់នៅដើមខែមីនា ឆ្នាំ២០២៤នេះ កំពុងធ្វើឲ្យក្តីសង្ឃឹមរបស់អ្នកស្នេហាព័ត៌មានភព Alien ប្រេះស្រាំបេះដូងជាបណ្តើរៗហើយ, «សូម្បីតែរូបខ្ញុំ ដែលជាអ្នកកំពុងប្រែសម្រួលអត្ថបទនេះផ្ទាល់» ចំពោះភពសំណព្វចិត្តនោះគឺ Trappist-1 e។ លទ្ធផលសិក្សាថ្មីចំពោះ Trappist-1 e នេះក៏នឹងធ្វើឲ្យប៉ះពាល់ដល់ បេក្ខភាពភពដែលកំពុងស្ថិតក្នុងការសង្ស័យថា អាចទ្រទ្រង់ជីវិតផ្សេងៗទៀតដែរ ហេតុដូច្នេះវាពិតជាមិនល្អសោះឡើយ។

  • តើលទ្ធផលសិក្សាថ្មីចំពោះភព Trappist-1 e នោះគឺជាអ្វី?

បើតាមក្រុមអ្នកសិក្សាផ្នែកតារាសាស្ត្រ និងរូបវិទ្យានៃមជ្ឈមណ្ឌល Harvard & Smithsonian សហរដ្ឋអាមេរិកបានពន្យល់ថា បញ្ហារបស់ភព Trappist-1 e គឺទៅលើផ្នែកបរិយាកាសរបស់វាតែម្តង។ ភព Trappist-1 e មានទំហំធំជាងផែនដីយើងបន្តិច និងមានម៉ាស ០.៧ដងធ្ងន់ជាងផែនដី ខណៈកម្រិតនៃគម្លាតជាមធ្យមរវាងភពនេះ ទៅនឹងផ្កាយ Trappist-1 គឺប្រហាក់ប្រហែលនឹងគម្លាតរវាងភពផែនដីយើង ទៅនឹងព្រះអាទិត្យដែរ (បើគិតទៅភាពសមរម្យនៃកម្តៅរវាងផ្កាយទាំង ២)

ទំហំនៃព្រះអាទិត្យធៀបនឹងផ្កាយ Trappist-1 (រូបភាពពី Robert Lea/NASA)

ប៉ុន្តែ, ភព Trappist-1 e គោចរជុំវិញផ្កាយមេវាមួយជុំ ដោយប្រើប្រាស់ពេលតែ ៦.១ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី (ស្មើនឹង១ឆ្នាំលើភពនោះ)។ ដោយសារតែផ្កាយ Trappist-1 មានទំហំ និងម៉ាសតូចជាងព្រះអាទិត្យយើងឆ្ងាយ ហេតុដូច្នេះគន្លងគោចរ Habitable Zone របស់ភព Trappist-1 e ក៏ស្ថិតនៅកៀកផ្កាយមេវាខ្លាំងដែរ។ ភពផែនដីគោចរក្នុងគន្លងដែលមានគម្លាតជាមធ្យម ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ តែសម្រាប់ភព Trappist-1 e វិញគឺតែ ៤.៤លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្កាយ Trappist-1

ភព Trappist-1 e អាចមានការរំសាយបរិយាកាស (រូបភាពពី Robert Lea/NASA)

បើតាមក្រុមតារាវិទូ ការគោចរកៀកផ្កាយបែបនេះ បើទោះបីនោះជាផ្កាយតូចក្រហម (red dwarf star) ក្តី ធ្វើឲ្យភព Trapprist-1 e ជួបបាតុភាព ២ធំៗនោះគឺទីមួយ ជាការទទួលរងរលកធាតុវិទ្យុសកម្ម (radiation) យ៉ាងកម្រោលពីផ្កាយមេរបស់វា និងទីពីរគឺការទទួលរងព្រឹត្តិការណ៍ stellar wind ដែលជាខ្យល់ពោពេញដោយ ភាគល្អិតផ្ទុកបន្ទុក (charged particles) ជះចេញពីផ្កាយ Trappist-1។ ព្រឹត្តិការណ៍ទាំង នេះគ្រប់គ្រាន់ក្នុងការឆក់យកបរិយាកាសរបស់ Trappist-1 e និងបំផ្លាញជីវិតនៅលើនោះបាន កុំថាឡើយឱកាសដែលអាចឲ្យជីវិតកកើត និងបង្កើតអរិយធម៌ដូចលើផែនដីនោះ។

ជុំវិញបញ្ហានេះតារាវិទូ Cecilia Garraffo សមាជិកនៃក្រុមសិក្សាខាងលើ បានគូសបញ្ជាក់ថា៖ «យើងបានសម្លឹងមើលពីរបៀបដែលបរិស្ថានអវកាស ផ្លាស់ប្តូរនៅក្នុងគន្លងគោចររបស់ភពនោះ ជាមួយនឹងការគោចរយ៉ាងលឿនរបស់ភព Trappist-1 e ឆ្លងកាត់ស្ថានភាពផ្សេងៗដូចជាខ្យល់ផ្កាយ (stellar wind) និងសម្ពាធជាដើម ដែលមានភាពខុសគ្នាខ្លាំង… បាតុភាពទាំងអស់នេះហើយ ដែលនាំទៅដល់ការប្រែប្រួលឥទ្ធិពលនៃដែនម៉ាញេទិច (magnetic field) របស់ភពនោះជាអន្លើៗ (ប្រៀបបីដូចចង្វាក់ជីពចរលោតចុះឡើងៗ)»។

បើតាមតារាវិទូដដែលបានសង្កត់ធ្ងន់ថា «ការជះ stellar wind ពីផ្កាយ Trappist-1 ដែលធ្វើប៉ះពាល់ដល់ចរន្តនៃដែនម៉ាញេទិចភព Trappist-1 e បែបនោះហើយ គឺជាការជំរុញឲ្យភាគល្អិតផ្ទុកចរន្តអគ្គិសនី ស្ថិតក្នុងស្រទាប់បរិយាកាសខាងលើ (ស្រទាប់អ៊ីយ៉ុង) មានចលនាខ្លាំង ដោយសកម្មភាពបែបនេះ ប្រៀបបីដូចជាការដុតកម្តៅបរិយាកាស ដោយប្រើប្រាស់ម៉ាស៊ីកម្តៅយ៉ាងដូច្នោះឯង…។ សម្រាប់ភពផែនដីយើងនេះ ក៏ទទួលរងខ្យល់ព្រះអាទិត្យ (solar wind) ដែលជះឥទ្ធិពលលើស្រទាប់បរិយាកាសរបស់យើងដូចគ្នាដែរ ប៉ុន្តែស្ថានភាព stellar wind ដែលភព Trappist-1 e ជួបប្រទះនោះ គឺខ្លាំងជាងផែនដីយើង ១០០,០០០ដងឯណោះ»។

ភពទាំង ៧ ក្នុងប្រព័ន្ធផ្កាយ Trappist-1 (រូបភាពពី NASA)

គួរបញ្ជាក់ថា បាតុភាពគ្រប់យ៉ាងដែលអាចកំពុងកើតមានលើភព Trappist-1 e បែបនោះ គឺព្រោះតែវាគោចរយ៉ាងកៀក និងក្នុងល្បឿនយ៉ាងលឿនជុំវិញផ្កាយមេរបស់វានោះឯង ហើយបរិយាកាសរបស់ភពនេះ ក៏អាចកំពុងរំសាយបន្តិចៗម្តងទៅកាន់ទីអវកាស ខណៈវាកំពុងគោចរជុំវិញផ្កាយវានោះដែរ។ យោងតាមលទ្ធផលសិក្សាថ្មីនេះ ភពនៅលេខរៀងបន្តបន្ទាប់ពី Trappist-1 e ដូចជា Trappist-1 f និង Trappist-1 g ជាដើម ក៏អាចនឹងជួបការដុតកម្តៅបរិយាកាសខាងលើ ហើយរំសាយម៉ូលេគុលបរិយាកាស ទៅកាន់ទីអវកាសដូចគ្នា គ្រាន់តែអាចស្ថិតក្នុងកម្រិតទាបជាងអ្វីដែលត្រូវបានសិក្សារកឃើញចំពោះ Trappist-1 e ប៉ុណ្ណោះ៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការបកប្រែដោយ Cambo Space)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤)

480×240 Banner