NASA វាស់បរិមាណ «អុកស៊ីហ្សែន» ផលិតដោយព្រះចន្ទ Europa នៃភពព្រហស្បតិ៍! (មានវីដេអូ)

1,301

(បរទេស)៖ ការសង្ស័យជាប់ជានិច្ចចំពោះ ព្រះចន្ទយូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ (Jupiter) ថាអាចកំពុងលាក់ជីវិតក្នុងទម្រង់ណាមួយនៅក្នុងមហាសមុទ្រទឹករាវ ដែលអាចមានវត្តមាននៅក្រោមសំបកទឹកកក កម្រាស់រាប់គីឡូម៉ែត្ររបស់ព្រះចន្ទនោះ មិនមែនឥតហេតុផលគាំទ្រដ៏សមរម្យនោះឡើយ។ សម្រាប់ភស្តុតាងសំខាន់មួយនោះគឺ អុកស៊ីហ្សែន (Oxygen) ដែលទើបតែត្រូវបានគណនាឲ្យច្បាស់លាស់បន្ថែមទៀត។

(Video From: Cambo Space Edu’s YouTube Channel)

យោងតាមទិន្នន័យចាប់បានដោយយានអវកាស ជូណូ (Juno) របស់អង្គការ NASA ដែលបាននិងកំពុងបំពេញបេសកកម្មនៅប្រព័ន្ធភពព្រហស្បតិ៍ គិតចាប់ពីឆ្នាំ២០១៦ មកទល់នឹងឆ្នាំ២០២៤នេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ អុកស៊ីហ្សែន (Oxygen) ដែលត្រូវបានផលិតក្នុងស្រទាប់បរិយាកាសដ៏ស្តើងនៅជុំវិញ Europa នោះ ស្ថិតក្នុងកម្រិត «១,០០០តោនក្នុងរយៈពេល ២៤ម៉ោង» ហើយដែលបរិមាណនេះអាចឲ្យមនុស្សចំនួន «១លាននាក់ដកដង្ហើមបាន១ថ្ងៃ»

ការគណនាថ្មីអំពីអុកស៊ីហ្សែនផលិតនៅលើព្រះចន្ទ Europa (រូបភាពពី NASA/JPL-Caltech/SWRI/PU)

យ៉ាងណាក៏ដោយ ទិន្នន័យដែលចាប់បានដោយឧបករណ៍ Auroral Distributions Experiment (JADE) នៅលើ Juno បានឲ្យក្រុមអ្នកវិទ្យាសាស្ត្រគណនាថា បរិមាណអុកស៊ីហ្សែន ១​​​​,០០០តោនក្នុងពេល ២៤ម៉ោង (១២គីឡូក្រាមក្នុង១វិនាទី) ផលិតចេញពីខ្លួនព្រះចន្ទ Europa នោះគឺតិចជាងចំនួនដែលស្ថិតក្នុងលទ្ធផលនៃការសិក្សាមុនៗ។ លទ្ធផលសិក្សាចាស់បានបង្ហាញថា Europa ទំនងជាអាចផលិតអុកស៊ីហ្សែនដល់ទៅបរិមាណ ១,០០០គីឡូក្រាម១តោនក្នុង១វិនាទីឯណោះ។

ការសន្និដ្ឋានអំពីសមុទ្រទឹករាវក្រោមសំបកទឹកកកនៃព្រះចន្ទ Europa (រូបភាពពី NASA/JPL-Caltech)

ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់់ថា ការផលិតអុកស៊ីហ្សែន នៅក្នុងបរិយាកាសដ៏ស្តើងរបស់ព្រះចន្ទ Europa ក្នុងទម្រង់បែបនេះ អាចនាំឲ្យអុកស៊ីហ្សែនទាំំងនោះ ជ្រៀតចូលទៅក្នុងសំបកទឹកកករបស់ព្រះចន្ទ រួចធ្លាក់ចុះដល់សមុទ្រទឹករាវ ហើយក្លាយជាប្រភពនៃថាមពលមេតាប៉ូលីស (metabolic energy)។ ថាមពលមេតាប៉ូលីសអាចជំរុញប្រតិកម្មគីមី និងជាជំនួយដល់សារពាង្គកាយបាន ហើយការសន្និដ្ឋានបែបនេះពិតជាគាំទ្រដល់គំនិតនៃបរិស្ថានទ្រទ្រង់ជីវិត ដែលអាចមានក្នុងសមុទ្រទឹករាវ-ប្រៃ (salty liquid ocean) ដែលអាចមាននៅក្រោមសំបកទឹកកកនៃព្រះចន្ទ Europa នោះ។

ការគណនាថ្មីអំពីអុកស៊ីហ្សែនផលិតនៅលើព្រះចន្ទ Europa (រូបភាពពី NASA/JPL-Caltech/SWRI/PU)

គួរបញ្ជាក់ថា ជាមួយនឹងអង្កត់ផ្ចិតខ្ទង់ ៣,១០០គីឡូម៉ែត្រ, Europa គឺជាព្រះចន្ទធំបំផុតទី ក្នុងចំណោមព្រះចន្ទទាំង ៩៥ របស់ភពព្រហស្បតិ៍ (តូចជាងគេក្នុងចំណោមព្រះចន្ទធំៗបំផុតទាំង៤របស់ Jupiter)។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែកំពុងបន្តការសិក្សានៅឡើយ ហើយក៏កំពុងត្រៀមខ្លួនសម្រាប់ បេសកកម្មយាន យូរ៉ូប៉ា ឃ្លីបភើរ (Europa Clipper) ដែលនឹងត្រូវបាញ់បញ្ជូនចេញពីភពផែនដីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះដែរ (Europa Clipper នឹងទៅដល់ព្រះចន្ទ Europa នៅឆ្នាំ២០៣០)

បេសកកម្ម Europa Clipper នៅឆ្នាំ២០៣០ (រូបភាពពី NASA)

Europa Clipper មានបំពាក់នូវឧបករណ៍សង្កេត spectrometer ដែលអាចថតរូបភាពគុណភាពខ្ពស់ នៃផ្ទៃព្រះចន្ទ Europa, បង្កើតផែនទីនៃសមាសធាតុផ្សំ និងបរិយាកាសដ៏ស្តើងនៃព្រះចន្ទ, ប្រព័ន្ធរ៉ាដាសម្រាប់សង្កេតរកវត្តមានទឹកនៅក្នុងសំបកព្រះចន្ទ និងឧបករណ៍វាស់ស្ទង់ «ម៉ាញេតូម៉ែត្រ (magnetometer)» ព្រមទាំងឧបករណ៍វាស់ស្ទង់កម្លាំងទំនាញ ដើម្បីដោះស្រាយចម្ងល់អំពីសមុទ្រទឹករាវ ក្រោមសំបកទឹកកក និងបរិស្ថានជ្រៅៗរបស់សមុទ្រនោះផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិគ្រប់យ៉ាងដោយ Cambo Space)
ប្រភព៖ NASA/Nature Astronomy (ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤)

480×240 Banner