ហេតុអ្វីផ្ទៃមេឃមាន «ពណ៌ខៀវពេលថ្ងៃ» និងជើងមេឃ «ក្រហមឆ្អិនឆ្អៅពេលល្ងាច»? (យល់ដឹងឡើងវិញ+វីដេអូ)

1,498

(បរទេស)៖ វាគឺជារឿងងាយស្រួល និងធម្មតាៗក្នុងការមើលឃើញថា ផ្ទៃមេឃមានពណ៌ខៀវ ក៏ប៉ុន្តែតើអ្នក​មានធ្លាប់ឆ្ងល់ថា​ មកពីមូលហេតុអ្វី​ដែរ​ ឬទេ? មនុស្សឆ្លាតៗ​ជាច្រើននាក់ផ្សេង​ទៀត ក៏ធ្លាប់​មានចម្ងល់អំពីរឿង​នេះផងដែរ ហើយវា​បានចំណាយ​ពេលយ៉ាងយូរ ទម្រាំតែ​យើងបានស្វែង​រក​ឃើញចម្លើយ តាមបែបវិទ្យាសាស្ត្រ, នេះបើតាម​ការដកស្រង់ព័ត៌មាន​ពី គេហទំព័រ​របស់អង្គការ NASA

(Video From: Cambo Space Edu’s YouTube Channel)

ពន្លឺដែលចាំង​មកពីព្រះអាទិត្យ​ត្រូវបានមើលឃើញថា មានពណ៌ស ប៉ុន្តែតាមពិត​ទៅមានរួមផ្សំ​ឡើងពីគ្រប់ពណ៌​ទាំងអស់ ដូចដែល​មាននៅ​ក្នុង​ឥន្ធនូ។ ដូចទៅនឹងថាមពល​ដែលធ្វើដំណើរឆ្លង​កាត់មហាសមុទ្រ ថាមពលពន្លឺ​ក៏ធ្វើដំណើរនៅ​ក្នុងទម្រង់​ជារលកដែរ ដោយពន្លឺខ្លះ​ធ្វើដំណើរ​នៅក្នុងទម្រង់​ជារលកមាន​ប្រវែងខ្លីៗ (short wavelength) និងខ្លះទៀតធ្វើដំណើរ​នៅក្នុងទម្រង់​ជារលកប្រវែងវែងៗ (long wavelength)។ ហើយពន្លឺ​ដែលមានប្រវែង​រលកវែងជាង​គេ​គឺ «ពណ៌ក្រហម» ខណៈពន្លឺមានប្រវែងរលកខ្លីជាង​គេគឺ​ «ពណ៌ខៀវ»

(រូបភាពពីបរទេស ប្រែសម្រួល៖ Cambo Space)

គ្រប់ពន្លឺទាំងអស់​ធ្វើដំណើរនៅក្នុងគោលដៅ​ត្រង់ស្មើ លើកលែងតែមាន​អ្វីម៉្យាងមកប៉ះផ្លូវរបស់វា ដែលជាលទ្ធផល​អាចបំផ្លាញ ឬពត់​ផ្លាស់ប្តូរ​ទិសរបស់វា ក៏ប៉ុន្តែពន្លឺ​ក៏អាចបែកខ្ញែក ឬ​បាចសាចផងដែរ នៅក្នុងករណី​ដែលវាឆ្លងកាត់​ម៉ូលេគុលរបស់​ឧស្ម័នផ្សេងៗនៅក្នុង​បរិយាកាស។

(រូបភាពពីបរទេស ប្រែសម្រួលដោយ Cambo Space)
  • ផ្ទៃមេឃពណ៌ខៀវពេលថ្ងៃត្រង់៖ តួយ៉ាងនៅ​ពេលពន្លឺព្រះអាទិត្យ ឈានចូល​មកដល់បរិយាកាស​នៃភពរបស់យើង វានឹងបាចសាចពាសពេញ​បរិយាកាសទៅកាន់​គ្រប់​ទិស​ទី ដោយសារតែ​ឧស្ម័ន​ និងភាគល្អិតផ្សេងៗជាច្រើន​នៅក្នុងខ្យល់អាកាស ហើយនាពេល​នោះពន្លឺពណ៌ខៀវ នឹងរាយប៉ាយ​ទៅរាល់គ្រប់ទិសទី​ ច្រើន​ជាង​​​ពន្លឺ​មានពណ៌ដទៃៗទៀត ដោយសារតែ​វាធ្វើដំណើរក្នុង​ទម្រង់ជារលកខ្លីៗ​ប៉ុណ្ណោះ។ ប្រការហេតុនេះ​ទើបយើង មើលឃើញ​ផ្ទៃមេឃ​ជា​ទូ​ទៅ​មាន​​ពណ៌ខៀវ។
ជើងមេឃក្រហមពេលល្ងាច (រូបភាពពីបរទេស)

យ៉ាងណាមិញ​ពេលងាកទៅ​មើលក្បែរជើង​មេឃវិញ យើងសង្កេតឃើញថា​ ផ្ទៃមេឃបាន​រំសាយពណ៌​ទៅខៀវខ្ចី​ស្ទង់ៗ ឬមួយក៏ពណ៌​សតែម្តង​។ នេះគឺព្រោះ​តែពន្លឺព្រះអាទិត្យ​ដែលឈានដល់ជើងមេឃ បានធ្វើដំណើរ​ឆ្លងកាត់បរិយាកាស​កាន់តែជ្រៅ ក៏ដូចជា​រងខ្យល់អាកាសកាន់តែវែងឆ្ងាយថែម​​ទៀត ជាងពន្លឺព្រះអាទិត្យ​ដែលចល័តមកដល់ចំពីលើក្បាលយើងផ្ទាល់។

ជាងនេះទៅទៀត​ ដោយសារ​តែពន្លឺព្រះអាទិត្យ​​ឆ្លងកាត់ខ្យល់​ទាំងនេះ ម៉ូលេគុល​​របស់​វាក៏បំបែក​ពន្លឺពណ៌ខៀវ​​ជាច្រើនលើក​ច្រើន​សារ​ ទៅកាន់ទិសដៅ​​ជាច្រើន។ បន្ថែមពីនេះផ្ទៃផែនដីក៏បានរួមចំណែកបំផ្លាត​ និងធ្វើឲ្យពន្លឺ​ទាំងនោះ​ខ្ទាតខ្ចាត់ខ្ចាយ​ផងដែរ ដែលប្រការនេះ​បាននាំឲ្យមាន ការលាយឡំ​ពណ៌​​ជា​ច្រើន​បញ្ចូល​​គ្នា​ម្តង​ទៀត​។ ដូច្នេះហើយ ពេលខ្លះ​យើងមើលឃើញ​ពណ៌ស​ ច្រើនជាងពណ៌ខៀវលើផ្ទៃមេឃ។

(រូបភាពពីបរទេស ប្រែសម្រួលដោយ Cambo Space)
  • ផ្ទៃមេឃពណ៌ក្រហមឬទឹកក្រូចពេលល្ងាច៖ ចំពោះនៅពេលព្រះអាទិត្យ​រៀបលិច ហើយជើងប្រែជាមានពណ៌​ក្រហមឆ្អិនឆ្អៅវិញនោះ គឺកើតឡើងស្របពេល​ដែលព្រះអាទិត្យ បន្ទាប​ខ្លួនកាន់តែទាបជិតលិច​ផុតបាត់។ តែពេលនោះពន្លឺ​របស់ព្រះអាទិត្យ នៅ​តែធ្វើដំណើរឆ្លងកាត់​បរិយាកាសផែនដីមក​បន្ថែមទៀត ហើយក៏ជាពេលដែលពន្លឺពណ៌ខៀវ​ ចល័តខ្ចាត់ខ្ចាយ​ទៅបាត់ដែរ ទើបអនុញ្ញាតឲ្យ ពន្លឺ​ពណ៌​ក្រហម​ និងលឿង ធ្វើដំណើរឆ្លងកាត់មកដល់ភ្នែក​ទាំងគូរបស់អ្នក ដែលមើលទៅប្រៀបបីដូចជា «ពណ៌សាច់ផ្លែល្ហុងរៀបនឹងទុំ»

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (អត្ថបទដើមនៅខែមេសា ឆ្នាំ២០១៧/បង្ហោះឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤)

480×240 Banner