រូបភាពថ្មីពី James Webb បង្ហាញពីតំបន់ពិសេស និងកម្របំផុតមួយក្នុងចក្រវាល!

495

(បរទេស)៖ រូបភាពមួយសន្លឹកថ្មីដែលលោកអ្នកឃើញនេះ គឺជាតំបន់កកើតផ្កាយមួយឈ្មោះ NGC 604 ដែលស្ថិតនៅក្នុងកាឡាក់ស៊ី Triangulum galaxy ឬ M33។ ការសម្លឹងមើលដោយឧបករណ៍ចាប់យក ពន្លឺក្រហមទាំងហ្វ្រា (Infrared Light) របស់ Webb បាននាំឲ្យយើងមើលឃើញឥទ្ធិពលនៃផ្កាយជាង ២០០ដួងដែលកម្របំផុត និងគ្មានឡើយតំបន់បែបនេះនៅក្នុងកាឡាក់ស៊ី Milky Way យើង។

ផ្កាយជាង ២០០ដួងដ៏ពិសេស និងកម្រខាងលើនេះ គឺស្ថិតក្នុងកម្រិតធំ និងក្តៅខ្លាំងបំផុតដូចជា B-type និង O-type ជាដើម។ ពពួក O-type ជាប្រភេទតារាកម្រខ្លាំង ដោយពួកវាអាចមានពន្លឺខ្លាំងជាងព្រះអាទិត្យយើង រហូតដល់រាប់លានដងឯណោះ។ សម្រាប់ពពួក B-type វិញក៏ជាតារាកម្រិតធ្ងន់ដែរ ដោយពួកវាមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើង ១០ដងជាមធ្យម និងមានពន្លឺពណ៌ខៀវយ៉ាងភ្លឺចិញ្ចាច។

តំបន់កកើតផ្កាយ NGC 604 ផ្តិតដោយ NIRCam របស់ James Webb (Credit: NASA, ESA, CSA, STScI)

នៅក្នុងរូបភាពពន្លឺក្រហមអាំងហ្វ្រាជិតផ្តិតដោយឧបករណ៍ NIRCam របស់ James Webb យើងអាចមើលឃើញតំបន់ប្រៀបដូចពពុះតូចៗ ដែលមានប្រភពចេញពីតំបន់ពពុះធំៗ។ យើងក៏អាចមើលឃើញខ្យល់ផ្កាយ (stellar wind) ជះចេញពីតំបន់ភ្លឺខ្លាំង ដែលសុទ្ធសឹងជាផ្កាយធំៗប្រកបដោយកម្តៅក្តៅ និងមានវ័យក្មេងៗនៅឡើយ។

គួរបញ្ជាក់ថា កាឡាក់ស៊ី Triangulum galaxy ឬ M33 មានចម្ងាយខ្ទង់ ២.៧៣លានឆ្នាំពន្លឺពីផែនដីយើង ឬអាចចាត់ទុកថា ជាកាឡាក់ស៊ីកៀកៗយើងបំផុត។ សម្រាប់ NGC 604 វិញត្រូវបានចាត់ទុកជាបង្អួចដ៏ប្រសើរបំផុត ក្នុងការឲ្យក្រុមតារាវិទូសិក្សាអំពីដំណើរវិវត្តនៃតារាធំៗ និងក្មេងៗនៅក្នុងចក្រវាល៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
(Credit: NASA/ESA/CSA) (ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤)

480×240 Banner