រម្លឹក៖ «១១ មីនា ២០១១» ជប៉ុនរងគ្រោះរញ្ជួយដីកម្រិតធ្ងន់, រលកយក្សស៊ូណាមិ និងការផ្ទុះរោងចក្រនុយក្លេអ៊ែរ (មានវីដេអូ)
(បរទេស)៖ ពិភពលោកទាំងមូលនៅតែចងចាំជាប់ជានិច្ច ចំពោះមហាសោកនាដកម្ម ជាប្រវត្តិសាស្ត្រនៃប្រជាជាតិជប៉ុន ដែលបានកើតមានឡើងកាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០១១ នោះគឺគ្រោះរញ្ជួយដីកម្រិតធ្ងន់, រលកយក្សស៊ូណាមិក៏កំណាច និងការផ្ទុះរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលជារួមបានផ្តាច់ជីវិតប្រជាជនជប៉ុន អស់រាប់ម៉ឺននាក់ (បូកទាំងអ្នកបាត់ខ្លួន ដែលគ្មានថ្ងៃត្រូវបានរកឃើញ)។
គ្រោះរញ្ជួយដីបាតសមុទ្រ (សមុទ្រប៉ាស៊ីហ្វិកភាគខាងកើតជប៉ុន ឬភាគឦសានទីក្រុងតូក្យូ) ក្នុងកម្រិតរហូតដល់ទៅ ៩.០នៃរង្វាស់រិចទ័រ (ជាកម្រិតខ្ពស់កម្រកើតមានជាទីបំផុត) បានកើតមានឡើង នៅវេលាម៉ោង ២៖៤៦នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១នោះ និងបានបង្កទៅជារលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ទៅ ១៤ម៉ែត្រ បោកបក់មកលើតំបន់ជាច្រើននៃខេត្ត Iwate, Miyagi, Chiba, Fukushima និង Ibaraki ស្ថិតនៅជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិចភាគខាងកើត និងឦសានប្រទេសជប៉ុន។
រញ្ជួយដីកម្រិតធ្ងន់លើនេះ ក៏បានជះឥទ្ធិពលដល់រោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា (Fukushima) ដែលស្ថិតនៅខេត្ត Fukushima ភាគឦសានប្រទេសជប៉ុនផងដែរ ដោយក្នុងនោះវាបានផ្ទុះ និងបង្កឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់នោះ។ ខាងក្រោមនេះជាវីដេអូពេញ អំពីគ្រោះមហន្តរាយកាលណោះ៖
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២០,០០០នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះមហន្តរាយផ្ទួនៗខាងលើនេះ ដោយក្នុងនោះជាង ២,៥០០នាក់ មិនត្រូវបានរកឃើញសាកសពឡើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតបានរងរបួស និងជាង ៤៧០,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។
សម្រាប់ការខាតបង់ផ្នែកសេដ្ឋកិច្ចជប៉ុនដោយចំពោះវិញ គឺប្រមាណខ្ទង់ ១៩៩ពាន់លានដុល្លារសហរដ្ឋអាមេរិក (១៦.៩ទ្រីលានយ៉េន បើតាមទិន្នន័យពីរាជរដ្ឋាភិបាលជប៉ុន) ខណៈធនាគារពិភពលោក (World Bank) វិញបានគណនាថា ជប៉ុនបានខាតបង់សេដ្ឋកិច្ចប្រមាណ ២៣៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១១ និងបានក្លាយជាការខាតបង់ដ៏អាក្រក់បំផុតផ្នែកសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយសារគ្រោះមហន្តរាយធម្មជាតិ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤)