យាន Voyager ទាំង២អាចស្ថិតក្នុងទីអវកាសដល់ «រាប់ពាន់លានឆ្នាំ»? NASA ប្រាប់ពីស្ថានភាពយាន Voyager-1 (UPDATE) (មានវីដេអូ)
(បរទេស)៖ ៤៦ឆ្នាំហើយដែលយានអវកាស Voyager ទាំង ២ បានចាកចេញពីភពផែនដី (Voyager-1 នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៧ និង Voyager-2 នៅថ្ងៃ២០ ខែសីហា ឆ្នាំ១៩៧៧) ហើយគ្រប់គ្នាក៏តែងតែទទួលបានព័ត៌មាន update អំពីយានទាំង ២គ្រឿងជាបន្តបន្ទាប់ផងដែរ ជាពិសេសគឺចាប់តាំងពីពេលដែលពួកវា ឈានចូលដល់វ័យ ៤០ឆ្នាំនោះ។
មកទល់នឹងខែមីនា ឆ្នាំ២០២៤នេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃមន្ទីរពិសោធន៍ដំណើរការយានអវកាស (JPL) របស់អង្គការ NASA ប្រាប់ដំណឹងប្រកបដោយពន្លឺមួយនោះគឺយាន Voyager-1 ដែលបានជួបបញ្ហាផ្នែកទំនាក់ទំនង ជាមួយក្រុមការងារលើភពផែនដី តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ អាចនឹងមានសង្ឃឹមក្នុងការស្តារទំនាក់ទំនងឡើងវិញ ប៉ុន្តែគេត្រូវរង់ចាំពេលបន្តិចទៀតសិន។
ជុំវិញបញ្ហានេះ បណ្ឌិត Suzanne Dodd អ្នកចាត់ការទូទៅលើកម្មវិធីគ្រប់គ្រង យានអវកាស Voyager ទាំងពីរបានលើកឡើងថា «វាអាចជាបញ្ហានៃកម្មវិធីកុំព្យូទ័រ ដែលគ្រប់គ្រងប្រព័ន្ធទិន្ន័យនៃការហោះហើរ (Flight Data System ឬ FDS) របស់ Voyager-1។ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Voyager-1 បានបង្ហាញនូវសញ្ញាប្រកបដោយក្តីសង្ឃឹម នៃការស្តារខ្លួនឯងឡើងវិញ។ យាននេះបានបញ្ជូនសញ្ញានានាមកកាន់ក្រុមជំនាញ ដែលអាចឲ្យពួកគេប្រើការបាន។ វាមិនដូចអ្វីដែលយើងធ្លាប់បានរំពឹងទុកនោះទេ តែយ៉ាងហោចណាស់វាបានប្រាប់យើងថា ប្រព័ន្ធ FDS អាចដំណើរការបានខ្លះៗ…»។
លោកស្រី Dodd ក៏បានពណ៌នាផងដែរថា បញ្ហាដែលបាននិងកំពុងកើតឡើងលើ Voyager-1 គឺស្មុគស្មាញបំផុត ដែលក្រុមលោកស្រីមិនធ្លាប់បានជួបប្រទះនោះឡើយ គិតចាប់តាំងលោកស្រីចូលមកដឹកនាំ កិច្ចការងារនេះនៅឆ្នាំ២០១០។ អ្នកជំនាញជើងចាស់រូបនេះបានអះអាងថា ការជំរុញឲ្យយាន Voyager ទាំងពីរបន្តដំណើរការ គឺជាភាពប្រកួតប្រជែងធំបំផុត ក្នុងប្រវត្តិសាស្ត្រនៃវិស័យអវកាស ព្រោះក្រុមវិស្វករ និងអ្នកបង្កើតកម្មវិធី ដែលបានជួយផលិត Voyager ទាំំង ២ ចេញមកនោះ ស្ទើរតែទាំងអស់ទៅហើយបានចូលនិវត្តន៍ ឬមួយក៏ទទួលមរណភាព។
សម្រាប់ចម្ងល់មួយទៀត ដែលមនុស្សមួយចំនួនតែងតែសួរ នោះគឺថាតើយាន Voyager ទាំង ២ អាចស្ថិតនៅក្នុងទីអវកាសបានប៉ុន្មានឆ្នាំដែរ ទើបវារលាយបាត់រូបរាង? ឥលូវនេះ យើងសូមនិយាយតែពីភាពធុនមាំរបស់យានទាំង ២ ទៅបានហើយ ដោយមិនលើកឡើងអំពីថា តើពួកវាអាចដំណើរការដល់ពេលណានោះឡើយ។
ជុំវិញចម្ងល់នេះដែរ អ្នកជំនាញជើងចាស់មួយរូបឈ្មោះ Alan Cummings ដែលធ្លាប់បានបំពេញការងារឲ្យគម្រោងផលិតយាន Voyager របស់ NASA ចាប់តាំងពីឆ្នាំ១៩៧៣ នោះបានរៀបរាប់ថា គម្រោងដើមរបស់ NASA គឺចង់ប្រើប្រាស់យានទាំង ២ ឲ្យបំពេញបេសកកម្មស្នូលតែរយៈពេល ៥ឆ្នាំប៉ុណ្ណោះ, តែកាលណោះលោកផ្ទាល់ធ្លាប់បានគិតទុកជាមុនរួចហើយថា យានទាំង២នេះនឹងអាចដំណើរការបានយ៉ាងហោចណាស់ក៏ ៣០ឆ្នាំ ទៅ ៤០ឆ្នាំដែរ។
នៅក្រោយបញ្ចប់បេសកកម្មស្នូល ក្នុងការសិក្សាប្រព័ន្ធភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពណិបទូន (Neptune) និងភពអ៊ុយរ៉ានុស (Uranus) រួចរាល់ហើយនោះ ក្រុមការងារ NASA បានមើលឃើញថា ឧបករណ៍សំខាន់ៗលើយានទាំង ២ ភាគច្រើននៅតែដំណើរការល្អ ហេតុដូច្នេះទើបយានទាំង ២ បានទទួលបញ្ជាថ្មីឲ្យធ្វើដំណើរឆ្ពោះទៅកាន់តំបន់អន្តរលំហអវកាស (Interstellar Space) តែម្តង។
ទីបំផុត Voyager-1 បានក្លាយជាយានដំបូងគេនៃមនុស្សលោក ក្នុងការចាកចេញពីប្រព័ន្ធព្រះអាទិត្យចូល Interstellar Space នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ (ក្នុងរយៈចម្ងាយ ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ) និងយានទី ២ គឺ Voyager-2 នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ (ក្នុងរយៈចម្ងាយ ១៧.៩ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ)។
លោក Cummings បានគូសបញ្ជាក់់ថា «នៅក្រោយពេលដែល Voyager ទាំង២លែងធ្វើទំនាក់ទំនងជាមួយផែនដីទៀត នោះពួកវានឹងនៅតែបន្តចល័តក្នុងទីអវកាសដដែល នឹងអាចបានដល់ទៅខ្ទង់ ១ពាន់លានឆ្នាំទៅមុខទៀត ក្នុងករណីដែលមិនមានអ្វីមករារាំងផ្លូវរបស់ពួកវា»។ យើងក៏មិនត្រូវភ្លេចបន្ទះឌីសមាស (Golden Record) នៅក្នុងយានទាំង ២ គ្រឿងនោះដែរ…៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/JPL/Business Insider (ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤)