Breaking News៖ នាវាអវកាស «Starship ទី៣» ផ្ទុះឆេះដោយមិនអាចចុះចតលើ មហាសមុទ្រឥណ្ឌា (មានវីដេអូ)

1,206

(តិចសាស់)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានឲ្យដឹងនៅប៉ុន្មាននាទី ក្រោយនាវាអវកាស Starship ឡើងទៅដល់គន្លងគោចរជុំវិញភពផែនដីថា នាវានេះមិនអាចចុះចតទៅលើផ្ទៃមហាសមុទ្រឥណ្ឌា ដែលត្រូវបានគ្រោងទុកថានឹងអាចកើតឡើងនៅរយៈពេល ១ម៉ោង ក្រោយហោះឡើងពីផ្ទៃផែនដីនោះឡើយ។ នៅទីបំផុត Starship បានផ្ទុះឆេះដូចលើកទី តែមានភាពអស្ចារ្យជាងមុនឆ្ងាយ ព្រោះតែវាបានហោះហើរបានយូរជាងមុន ខណៈបំណែកនានារបស់វាបានធ្លាក់ទៅក្នុងផ្ទៃសមុទ្រ នៅក្នុងរយៈកម្ពស់ ៦៥km ពីផ្ទៃសមុទ្រ។

(ទស្សនាវីដេអូសង្ខេប)

នៅក្នុងការធ្វើតេស្តលើកទី (Starship Orbital Flight Test 3) នាវាអវកាស Starship របស់ SpaceX បានហោះចេញពីមូលដ្ឋាន Boca Chica ឬ Gateway To Mars របស់ក្រុមហ៊ុនអវកាស​ឯកជន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ស្ថិតនៅរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៨៖២៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ (ម៉ោងនៅកម្ពុជា)

(ទស្សនាវីដេអូពេញនៃការធ្វើតេស្ត)

ដំណើរការជារួមបានប្រព្រឹត្តប្រកបដោយភាពរលូនជាទីបំផុត ហើយដំណាក់ជាបន្តបន្ទាប់ដូចជា Hot Stagging (ការផ្តាច់រ៉ុក្កែត Super Heavy ចេញពី Starship) និងការរុញខ្លួនឯងរបស់ Starship ឡើងទៅដល់រយៈកម្ពស់ ១៥០គីឡូម៉ែត្រក្នុងទីអវកាស រួចទើបពន្លត់ម៉ាស៊ីនទាំង ៦គ្រឿងរបស់វាវិញ ក៏បានសម្រេចជោគជ័យផងដែរ ខណៈកាលពីលើកទី២ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះ Starship មិនទាន់បានពន្លត់ម៉ាស៊ីនផង ក៏ដំណើរការមុខងារបំផ្ទុះខ្លួនឯងដើម្បីកម្ទេចចោលក្នុងអវកាសកម្ពស់ ១៤៨km ដោយសារតែការលេចធ្លាយឥន្ធនៈទៅហើយ។

ទោះបីជាលើកទី ៣ នេះ SpaceX នៅតែមិនអាចសម្រេចតាមគោលដៅជាថ្មីម្តងទៀត តែជាក់ស្តែងដំណាក់រលូន និងចំណុចជោគជ័យបន្ថែម ក៏សមឲ្យគ្រប់គ្នាឈ្វេងយល់ផងដែរ ដូចអ្វីដែលអ្នកអត្ថាធិប្បាយរបស់ SpaceX បានប្រាប់យើងទាំងអស់គ្នាថា «នេះគឺជាការធ្វើតេស្ត ហើយការធ្វើតេស្តជាជំហានដែលត្រូវស្វែងយល់ជាដំណាក់កាលៗ ដើម្បីបន្តបោះជំហានទៅរកអនាគត»។ យោងតាមការ Live ផ្ទាល់នៃដំណើរការ Starship Orbital Flight Test 3 យើងអាចបែងចែកជាដំណាក់កាលដូចខាងក្រោម (គិតតាមម៉ោងនៅកម្ពុជា)៖

  • នៅម៉ោង ៨៖២៦នាទីយប់ ម៉ាស៊ីនទាំង (Raptor) ទាំង ៣៣គ្រឿងរបស់រ៉ុក្កែត Super Heavy បានដំណើរការទាំងអស់ និងរុញច្រាន Starship ឡើងពីផ្ទៃផែនដី។
  • នៅរយៈពេល ១នាទី និង ២៨វិនាទីក្រោយមក Super Heavy បានរុញ Starship ឡើងដល់កម្ពស់ ១៩km ពីផ្ទៃផែនដីក្នុងល្បឿនជិត ២,០០០km/១ម៉ោង។
  • ២នាទី និង ៥០វិនាទី ក្រោយឡើងផុតពីផ្ទៃដី Starship និង Super Heavy ផ្តាច់ខ្លួនចេញពីគ្នាបានសម្រេចជោគជ័យ (យើងហៅថា Hot Stagging) ក្នុងល្បឿនជាង ៥,៦០០km/១ម៉ោង។
  • បន្ទាប់មកទៀត រ៉ុក្កែត Super Heavy បានទម្លាក់ខ្លួនមកធ្វើការចុះចតលើផ្ទៃសមុទ្រ នៃតំបន់ឈូងសមុទ្រម៉ិកស៊ិក ខណៈ Starship បានបន្តដំណើរឡើងទៅកាន់ គន្លងគោចរជុំវិញផែនដី ដោយម៉ាស៊ីនខ្លួនឯងចំនួន ៦គ្រឿង។
  • រ៉ុក្កែត Super Heavy បានព្យាយាមចុះចត តែមិនបានសម្រេចនោះទេគិតត្រឹមរយៈពេល ៧នាទីក្រោយការឡើងផុតពីផ្ទៃដី (វាបានផ្ទុះឆេះពេលចុះជិតដល់ផ្ទៃសមុទ្រនៃឈូងសមុទ្រម៉ិកស៊ិក)។
  • ៨នាទី និង៣៨នាទីក្រោយឡើងផុតពីដី Starship បានឡើងដល់រយៈកម្ពស់ ១៥០km ពីផ្ទៃផែនដី និងពន្លត់ម៉ាស៊ីនទាំង ៦គ្រឿងរបស់វា ដើម្បីស្ថិតនៅក្នុងគន្លងគោចរ នៅក្នុងល្បឿនជាង ២៦,០០០km/១ម៉ោង។
  • ១១នាទីក្រោយឡើងផុតពីដី Starship បានឡើងដល់រយៈកម្ពស់ ១៧០km ពីផ្ទៃផែនដី ដោយនៅក្នុងគន្លងគោចរ នៅក្នុងល្បឿនជាង ២៦,៤០០km/១ម៉ោង។
  • ២៤នាទី និង ២០នាទីក្រោយឡើងផុតពីដី Starship បានឡើងដល់រយៈកម្ពស់ ២៣៤km ពីផ្ទៃដីក្នុងគន្លងគោចរកន្លះជុំជុំវិញភពផែនដីក្នុងល្បឿងជាង ២៦,២០០km/១ម៉ោង ដើម្បីទៅចុះចតលើផ្ទៃមហាសមុទ្រឥណ្ឌា។
  • ៣០នាទីក្រោយចាកចេញពីផ្ទៃដី Starship បានចាប់ផ្តើមចុះចតមកវិញ ដោយបុកបរិយាកាសផែនដី។
  • ៤៥នាទីក្រោយចាកចេញពីផ្ទៃ Starship ចុះមកវិញដោយទម្លុះបរិយាកាស និងចុះដល់រយៈកម្ពស់ ១១២km ពីផ្ទៃសមុទ្រក្នុងល្បឿនជាង ២៦,៦០០km/១ម៉ោង។
  • ជាង ៤៩នាទីក្រោយការហោះហើរ និងទម្លាក់ខ្លួនចូលបរិយាកាសផែនដីវិញ Starship បានផ្ទុះឆេះក្នុងដែនអាកាសនៅរយៈកម្ពស់ ៦៥km ពីលើផ្ទៃសមុទ្រក្នុងល្បឿនជាង ២៥,៧០០km/១ម៉ោង៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិបកប្រែ៖ Cambo Space)
ប្រភព៖ SpaceX/SPACE (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤)

480×240 Banner