មានការភ្ញាក់ផ្អើលក្រោយរកឃើញ «ភ្នំភ្លើងដ៏ធំ» លាក់បាំងលើភពព្រះអង្គារ! (លទ្ធផលសិក្សាថ្មី)
(បរទេស)៖ ភពព្រះអង្គារ (Mars) នៅតែបន្តផ្តល់ភាពភ្ញាក់ផ្អើល ដល់ក្រុមអ្នកស្រាវជ្រាវនៅលើភពផែនដីនេះ ខណៈលទ្ធផលសិក្សាថ្មីមួយបានបង្ហាញថា មាន «ភ្នំភ្លើងដ៏ធំ (giant volcano)» និងអ្វីដែលអាចជា «ស្រទាប់ទឹកកក (glacier ice sheet)» កំពុងលាក់ខ្លួនក្រោមតំបន់ចុងម្ខាងនៃជ្រលង Valles Marineris ដ៏វែងអន្លាយរបស់ភពក្រហមនោះ។
នេះគឺជាសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតប្រចាំខែមីនា ឆ្នាំ២០២៤នេះ ហើយភ្នំភ្លើងលាក់ខ្លួនខាងលើនេះ ស្ថិតនៅក្នុងតំបន់ប្រជុំភ្នំភ្លើង Tharsis ដ៏ល្បីល្បាញ ដែលស្ថិតនៅក្បែរតំបន់អេក្វាទ័រភពអង្គារផងដែរ។ ដោយសារតែតំបន់មួយនោះមានភាពស្មុគស្មាញ និងពិបាកឲ្យគេវែកញែកនោះ ទើបក្រុមអ្នកវិទ្យាសាស្ត្របានមើលរំលង តាំងតែពីបេសកកម្ម Mariner 9 របស់អង្គការ NASA បានផ្តិតរូបភាពលើទីនោះដំបូងកាលពីឆ្នាំ១៩៧១មកម្ល៉េះ។

យោងតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវរកជីវិតនៅទីឋានដទៃ (SETI) នៃសហរដ្ឋអាមេរិក របកគំហើញថ្មីលើភពអង្គារខាងលើនេះ ត្រូវបានប្រកាសនៅក្នុងសន្និបាតផ្នែកវិទ្យាសាស្ត្រភព និងព្រះចន្ទ (Lunar and Planetary Science Conference) លើកទី ៥៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Woodlands រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក)។
លទ្ធផលដែលទទួលបានគឺពឹងផ្អែកលើទិន្នន័យពីបេសកកម្មយាន Mariner 9, យាន Viking 1 និង Viking 2, យាន Mars Global Surveyor (MGS), យាន Mars Odyssey និងយាន Mars Reconnaissance Orbiter (MRO) របស់អង្គការ NASA ក៏ដូចជាយាន Mars Express របស់អង្គការអវកាសអឺរ៉ុប ESA ផងដែរ។
- ទីតាំងជាក់លាក់នៃភ្នំភ្លើងទើបរកឃើញថ្មីនេះ
បើគិតពីយាន Mariner 9 ដែលបានផ្តិតរូបភាពដំបូងលើតំបន់ខាងលើនេះ តាំងតែពីឆ្នាំ១៩៧១នោះ វាមានរយៈពេលជាង ៥០ឆ្នាំមកហើយ ទម្រាំតែក្រុមអ្នកវិទ្យាសាស្ត្រ អាចវែករកឃើញភ្នំភ្លើងអាថ៌កំបាំងមួយនេះ។ វាស្ថិតនៅចន្លោះតំបន់មួយឈ្មោះ Noctis Labyrinthus (មានសណ្ឋានដូចសួនវង្វេង) និងចុងម្ខាងនៃជ្រលង Valles Marineris ដ៏វែងអន្លាយរបស់ភពអង្គារនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រស្គាល់តំបន់ខាងលើនេះច្បាស់ ព្រោះតែវាស្ថិតនៅក្នុងចង្កោមនៃភ្នំភ្លើងសំខាន់ៗចំនួន ៣ នោះគឺ Ascraeus Mons, Pavonis Mons និង Arsia Mons។ ទោះបីជាមានការបាក់ស្រុតខ្លាំងទៅហើយក្តី ក៏ភ្នំភ្លើងថ្មីនេះ ត្រូវបានគេគណនាថា មានអង្កត់ផ្ចិតយ៉ាងហោចណាស់ ៤៥០គីឡូម៉ែត្រ និងកម្ពស់ ៩,០២២ម៉ែត្រ។
អ្នកដឹកនាំការសិក្សានេះ ដែលមានឈ្មោះថា Pascal Lee មកពីវិទ្យាស្ថាន SETI បានលើកឡើងថា «ខណៈយើងកំពុងពិនិត្យមើលទីតាំងភូមិសាស្ត្រនៃតំបន់មួយ ដែលយើងបានរកឃើញសំណល់នៃផ្ទាំងទឹកកក កាលពីឆ្នាំមុន (២០២៣) នោះ យើងក៏ផ្ទុះអារម្មណ៍ភ្លាម ព្រោះនៅក្រោមនោះគឺជាភ្នំភ្លើងដ៏ធំ និងបានបាត់ស្រុតទៅយ៉ាងជ្រៅ…»។
- ក្តីសង្ឃឹមនៃការស្វែងរកដាននៃជីវិត
នៅក្នុងសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថាន SETI បានគូសបញ្ជាក់ថា «ការរកឃើញថ្មីនេះ ជាការចង្អុលទៅរកកន្លែងថ្មីដ៏គួរឱ្យរំភើប ដើម្បីឲ្យយើងស្វែងរកតំរុយនៃជីវិត និងជាគោលដៅប្រកបដោយសក្តានុពល សម្រាប់បេសកកម្មដោយគ្រឿងយន្ត និងមនុស្សនៅទីនោះនាពេលអនាគត…»។
ក្រុមជំនាញ SETI បានពន្យល់ទៀតថា ជាធម្មតាតំបន់នៅស្របបណ្តោយខ្សែអេក្វាទ័រ នៃភពអង្គារនោះ ត្រូវបានគេជឿជាក់ថា ពោពេញដោយកំណប់រ៉ែជាច្រើនប្រភេទ ដែលអាចនឹងប្រាប់យើងឲ្យដឹង អំពីអតីតកាលដ៏យូរលង់របស់ភពក្រហមនោះ។ SETI បានសង្កត់ធ្ងន់ថា «ការគិតទៅដល់ភ្នំភ្លើងណាមួយ ដែលបានចូលរួមក្នុងការបង្កើត ឲ្យមានរ៉ែទាំងអស់នេះ កន្លងមកគឺស្ថិតក្នុងសង្ស័យប៉ុណ្ណោះ។ ដូច្នេះវាប្រាកដជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ ដែលយើងពិតជាបានរកឃើញភ្នំភ្លើងដ៏ធំមួយនៅទីនោះមែន»។

យោងតាមទិន្នន័យពីបេសកកម្មរបស់ NASA និង ESA គេអាចបែងចែកតំបន់ភ្នំភ្លើង ដែលត្រូវបានគេដាក់ឈ្មោះថា Noctis Volcano នោះជា២គឺ៖ តំបន់ក្នុង (Inner Zone) ដែលស្ថិតនៅក្នុងរង្វង់ ២៥០km ពីចំណុចកណ្តាល និងតំបន់ក្រៅ (Outer Zone) ដែលស្ថិតក្នុងរង្វង់ ៤៥០Km ពីចំណុចកណ្តាល។
- អាថ៌កំបាំងនៅតែមាន
ទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា តំបន់ដែលមានអង្កត់ផ្ចិតរហូតដល់ទៅ ៤៥០គីឡូម៉ែត្រនោះ ជាភ្នំភ្លើងយក្សក៏ពិតមែន តែគេមិនទាន់អាចសន្មត់ថា វាជាភ្នំភ្លើងស្លាប់ឬមួយក៏អាចបញ្ចេញសកម្មភាពឡើងវិញនោះឡើយ។

សម្រាប់ក្តីចម្ងល់ធំមួយទៀតនោះ គឺតំបន់ភ្នំភ្លើងនេះស្ថិតនៅទីតាំងដែលមាន បរិយាកាស និងកម្តៅសមរម្យ ដោយកាលពីអតីតកាល តំបន់អាចធ្លាប់មានការផ្សាភ្ជាប់គ្នារវាងទឹករាវ និងទឹកកក ហើយបរិស្ថានបែបនេះ ក៏អាចឲ្យជីវិតនានាកកើតឡើងផងដែរ, ហេតុដូច្នេះបេសកកម្មរុករកដាននៃជីវិត លើភពអង្គារទៅថ្ងៃមុខ គួរតែមានការគាំទ្រឲ្យលើកយកតំបន់ភ្នំភ្លើង Noctis នោះជាអាទិភាព៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការបកប្រែ៖ Cambo Space)
ប្រភព៖ SPACE/NASA/ESA/SETI (ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤)
