Hubble សង្កេតមើលភពព្រហស្បតិ៍, ឃើញការប្រែប្រួល Great Red Spot និងបរិយាកាស (មានវីដេអូ)

656

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានបញ្ចេញលទ្ធផលក្នុងការសង្កេតមើល Great Red Spot និងបរិយាកាសរបស់ភពព្រហស្បតិ៍ (Jupiter) ហើយលទ្ធផលពិតជានឹងធ្វើឲ្យ យើងគ្រប់គ្នាចាប់អារម្មណ៍។

(Video From: Cambo Space Edu’s YouTube Channel)

បើតាមក្រុមការងារ NASA ពួកគេបានប្រើប្រាស់ Hubble ក្នុងការសង្កេត Jupiter ពីចន្លោះថ្ងៃទី ៥ – ៦ ខែមករា ឆ្នាំ២០២៤ ស្របពេលដែលភពឧស្ម័នលេខ១ ប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះ កំពុងស្ថិតក្នុងគន្លងគោចរដែលកៀកនឹងភពផែនដីនៅឡើយ ហើយដែលកាលណោះមនុស្សលើផែនដី ក៏តែងតែឃើញភពនេះបង្ហាញចេញនូវពន្លឺចំកណ្តាលផ្ទៃមេឃចាប់ពីពេលព្រលប់តទៅផងដែរ។

រូបពិតនៃ Great Red Spot និងបរិយាកាសភពព្រហស្បតិ៍ថតដោយ Hubble (រូបភាពពី NASA/ESA)

តារាវិទូ អេមី សាយមិន (Amy Simon) ដែលចូលរួមក្នុងកិច្ចការងារនេះបានប្រាប់ថា Hubble បានផ្តិតរូបភាពផ្នែកម្ខាងនៃភពព្រហស្បតិ៍ ដែលមានវត្តមាន «ចំណុចក្រហមដ៏ធំអស្ចារ្យ ឬ Great Red Spot» នៅទីនោះ និងម្ខាងទៀត ដែលបង្ហាញពីបរិយាកាសទូទៅ។

យោងតាមតារាវិទូដដែលបានឲ្យដឹងទៀតថា «បើនិយាយតែទៅលើបរិយាកាសជារួម គេឃើញវត្តមាននៃព្យុះធំៗជាច្រើន និងពពកពណ៌សតូចៗ ដែលសុទ្ធសឹងជាចំណុចសម្គាល់ថា មានសកម្មភាពពុះកញ្ជ្រោលច្រើនណាស់ កំពុងកើតមាននៅក្នុងបរិយាកាសភពព្រហស្បតិ៍ ក្នុងគ្រាដែលតេឡេស្កូបអវកាស Hubble ធ្វើការសង្កេត (ដើមខែមករា ឆ្នាំ២០២៤) នោះ»។

Jupiter ក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រាថតដោយ James Webb (រូបភាពពី NASA/ESA/CSA)

បើតាមអង្គការ NASA ភពព្រហស្បតិ៍ បានគោចរទៅដល់ចំណុចកៀកព្រះអាទិត្យបំផុត នៃគន្លងគោចររបស់ខ្លួន កាលពីអំលុងខែមករា ឆ្នាំ២០២៣ ដោយប្រការនេះបានធ្វើឲ្យឥទ្ធិពលនៃព្រះអាទិត្យ ដែលស្ថិតនៅចំពេលចុងវដ្តដ៏កញ្ជ្រោលទៀតនោះ ជះឥទ្ធិពលខ្លាំង និងធ្វើឲ្យបរិយាកាសភពព្រហស្បតិ៍ បង្ហាញសញ្ញាពុះកញ្ជ្រោលទៅតាមនោះដែរ។

យ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Great Red Spot ដែលស្ថិតនៅអឌ្ឍគោលខាងត្បូងភពព្រហស្បតិ៍ (ក្រោមខ្សែអេក្វាទ័របន្តិច) នោះ មានទំហំតូចជាងការសង្កេតកាលពីឆ្នាំមុនៗ។ Great Red Spot ដែលជាព្យុះបាននិងកំពុងបោកបក់លើភពព្រហស្បតិ៍ យ៉ាងហោចណាស់ជិត ២០០ឆ្នាំទៅហើយនោះ ត្រូវបានក្រុមតារាវិទូអះអាងថា កំពុងរួមមាឌវិញយ៉ាងលឿន លើសពីការគណនាកាលពី ៥ឆ្នាំមុនទៅទៀត។

រូបគំនូរនៃ Great Red Spot ដោយក្រុមតារាវិទូនៅចុងសតវត្សរ៍ទី១៩ (រូបភាពពីបរទេស)

កាលពីចុងសតវត្សរ៍ទី ១៩ ព្យុះ Great Red Spot ត្រូវបានក្រុមតារាវិទូគណនាថា មានអង្កត់ផ្ចិត ៤១,០០០Km ដែលអាចផ្ទុកវត្ថុប៉ុនភពផែនដីយើងបានដល់ទៅ ៣ ឯណោះ បើគិតតែទៅលើប្រវែងអង្កត់ផ្ចិតនោះ។ ដោយឡែកនៅពេលយាន Voyager-1 និង Voyager-2 បានហោះកាត់ Jupiter កាលពីឆ្នាំ១៩៧៩ គេបានឃើញ Great Red រួមមាឌនៅសល់តែ ២៣,៣០០km ប៉ុណ្ណោះនៃអង្កត់ផ្ចិត និងអាចមានជម្រៅដល់ទៅជាង ៦០០km

រូបពិត (ដំឡើងគុណភាព) នៃ Great Red Spot ថតដោយ Voyager-1 នៅឆ្នាំ១៩៧៩ (រូបភាពពី NASA)

កាលពីឆ្នាំ១៩៩៥ Hubble បានសង្កេត Great Red Spot ជាលើកដំបូង នឹងឃើញវានៅសល់អង្កត់ផ្ចិតប្រវែង ២០,៩៥០km ខណៈនៅឆ្នាំ២០១៤ នៅសល់ ១៦,៥០០km។ មកដល់ឆ្នាំ២០២៣ អ្នកថតរូបជំនាញមួយរូបឈ្មោះ Damian Peach បានប្រើតេឡេស្កូបដើម្បីសង្កេតមើល Great Red Spot របស់ Jupiter និងបានគណនាឃើញថា វានៅសល់អង្កត់ផ្ចិត ១២,៥០០km ដែលល្មមអាចដាក់ផែនដីបានមួយ។

Hubble សង្កេតមើលភពព្រហស្បតិ៍, ឃើញការប្រែប្រួល Great Red Spot និងបរិយាកាស (មានវីដេអូ)
រូប 3D នៃ Great Red Spot និងយានអវកាស Juno (រូបភាពពី NASA)

សម្រាប់មូលហេតុដែល Great Red Spot បង្ហាញវត្តមានដ៏យូរ ហើយចុះរួមមាឌមកវិញយ៉ាងលឿនបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ។ យ៉ាងណាក៏ដោយ ក៏មានព្យុះធំំៗមួយចំនួនទៀតដែរ តែមិនធំដល់ Gread Red Spot នេះឡើយនៅលើបណ្តុំពពកផ្នែកខាងលើភពព្រហស្បតិ៍ ដែលមានកម្រាស់ជាមធ្យម ៣០km នោះ។

រូបពិតនៃ Great Red Spot ថតដោយ Hubble នៅឆ្នាំ១៩៩៥ (រូបភាពពី NASA/ESA)

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៨ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានគណនាថា Great Red Spot នៃភពព្រហស្បតិ៍ អាចនឹងរលាយបាត់រូបរាងនៅយ៉ាងហោចណាស់ ២០ឆ្នាំទៀត ប៉ុន្តែដោយសារតែភាពប្រែប្រួលមិនទៀងរបស់បាតុភូតធម្មជាតិដ៏មហាអស្ចារ្យ ដែលពិបាកឲ្យគេប៉ាន់ស្មាននោះ ទើបកាលពីឆ្នាំ២០២៣ មានការគណនាជាថ្មីថា Great Red Spot អាចនឹងនៅបន្តរក្សាវត្តមានរហូតដល់រាប់សតវត្សរ៍ទៀតក៏ថាបានដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/NASA/ESA (ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤)

480×240 Banner