នេះអាចជាលទ្ធផលស្រាវជ្រាវ «មិនល្អ» ចំពោះបេសកកម្មលើ ភពព្រះអង្គារ (មានវីដេអូ)

2,117

(បរទេស)៖ ភពព្រះអង្គារ (Mars) ជាទីឋានដ៏ស្ងួតហួតហែង និងប្រហែលជាគ្មានជីវិតអ្វីទាំងអស់ យោងតាមភាពជាក់ស្តែងសព្វថ្ងៃនេះ ប៉ុន្តែភស្តុតាងជាច្រើនកន្លងមកបានបង្ហាញថា ទឹក (water) ពិតជាធ្លាប់មានវត្តមានពាសពេញភពក្រហមនោះ កាលពីរាប់ពាន់លានឆ្នាំមុន គ្រាន់តែស្ថិតនៅក្នុងរយៈពេលយូរកម្រិតណានោះ នៅតែជាចម្ងល់របស់ក្រុមអ្នកវិទ្យាសាស្ត្រនៅឡើយ។

(Video From: Cambo Space Edu’s YouTube Channel)

សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទឹកអាចធ្លាប់មានវត្តមាននៅលើផ្ទៃភពអង្គារក្នុងរយៈពេល «តិចជាងការគិតពីមុន»។ នោះក៏ព្រោះតែតំបន់ជ្រលងមួយចំនួន (gullies) ដែលត្រូវបានយាន Mars Reconnaissance Orbiter (MRO) របស់អង្គការ NASA សង្កេតឃើញលើភពអង្គារ ដែលពីមុនធ្លាប់ត្រូវបានគេគិតថា បានកកើតឡើងដោយសារលំហូរនៃទឹកនោះ ជាក់ស្តែងអាចត្រូវបានបង្កើតឡើងដោយ «កាបូនឌីអុកស៊ីតកក (carbon dioxide ice)» ដែលហួតនៅទីនោះប៉ុណ្ណោះ។

រូបភាព 3D នៃយាន MRO របស់ NASA (រូបភាពពី NASA/JPL-Caltech)

ដោយសារតែទឹករាវ (liquid water) ត្រូវបានចាត់ទុកថាជាសមាសធាតុដ៏សំខាន់ ដែលត្រូវការសម្រាប់ការកកើត និងចិញ្ចឹមដល់សារពាង្គកាយមានជីវិតនោះ លទ្ធផលស្រាវជ្រាវថ្មីនេះអាចជា «ដំណឹងអាក្រក់» សម្រាប់បេសកកម្មស្វែងរក «ដាននៃអតិសុខុមប្រាណពីអតីតកាល» នៅលើភពអង្គារ សម្រាប់ថ្ងៃអនាគត។

  • តើទឹកមានវត្តមានក្នុងថេរវេលាខ្លី នៅលើផ្ទៃភពអង្គារមានន័យដូចម្តេច?

អ្នកដឹកនាំការស្រាវជ្រាវខាងលើឈ្មោះ Lonneke Roelofs មកពីសាកលវិទ្យាល័យ យូត្រេចត៍ (Utrecht) ប្រទេសហូឡង់ បានពន្យល់ថា «នេះជាការជះឥទ្ធិពលលើគំនិតរបស់យើង អំពីវត្តមានទឹកលើភពអង្គារជាទូទៅ ហើយក៏ទៅលើការស្វែងរកដាននៃជីវិត នៅលើភពក្រហមនោះផងដែរ។ លទ្ធផលនៃការស្រាវជ្រាវរបស់ខ្ញុំបានបង្ហាញថា ឱកាសនៃជីវិតដែលអាចធ្លាប់កើតមាននៅលើភពអង្គារ គឺតិចជាងការគិតពីមុន»។

អ្នកនាង Roelofs បានគូសបញ្ជាក់បែបនេះថា «បច្ចុប្បន្ន, នៅក្នុងបរិយាកាសភពព្រះអង្គារមាន កាបូនឌីអុកស៊ីត ៩៥%។ ក្នុងរដូវរងានៅលើភពអង្គារ សីតុណ្ហភាពធ្លាក់ចុះដល់ – ១២០ អង្សាសេ ដែលត្រជាក់ល្មមអាចបង្កកឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាសភពនេះបាន។ នៅពេលកក ឧស្ម័នកាបូនឌីអុកស៊ីតអាចផ្លាស់ប្តូរដោយផ្ទាល់ទៅជា កាបូនឌីអុកស៊ីតកក (កំណកកាបូនឌីអុកស៊ីត) ភ្លាមៗ ដោយរំលងដំណាក់កាលក្លាយជាវត្ថុរាវកម្រិតមធ្យមតែម្តង។ ដំណើរការស្រដៀងគ្នានេះ ក៏ត្រូវបានគេមើលឃើញនៅលើផែនដីដែរ នោះគឺនៅពេលដែលចំហាយទឹក (water vapor) ប្រែក្លាយទៅជាគ្រីស្តាល់ទឹកកក (ice crystals) ដែលគ្របដណ្តប់លើផ្ទៃដីនោះ»។

ជ្រលងភពអង្គារថតដោយ MRO (រូបភាពពី (Image credit: HiRISE (High Resolution Imaging Experiment), a camera on board the Mars Reconnaissance Orbiter (photo no.: ESP_039114_1115))

នៅពេលដែលសីតុណ្ហភាពនៃរដូវក្តៅមកដល់លើភពអង្គារ កាបូនឌីអុកស៊ីតកកទាំងនោះ អាចត្រលប់ទៅជាទម្រង់ឧស្ម័នវិញ ដោយប្រែពីរឹងទៅជាឧស្ម័នតែម្តង ដោយរំលងដំណាក់កាលក្លាយជារាវ ហើយដំណើរការបែបលោតផ្លោះនេះ ត្រូវបានក្រុមជំនាញហៅថា «sublimation» ដែលជាភាពប្រែប្រួលដ៏ឆាប់រហ័សបំផុតមួយ។

អ្នកនាង Roelofs បានសង្កត់ធ្ងន់ថា «ដំណើរការ sublimation នេះគឺមានលក្ខណៈជាការផ្ទុះខ្លាំងៗបំផុត ដោយសារតែសម្ពាធខ្យល់ដ៏ទាបរបស់ភពអង្គារ។ សម្ពាធនៃឧស្ម័នដែលត្រូវបានបង្កើត បានបំបែកគ្រាប់ថ្មតូចក្នុងល្បាប់ដីឲ្យបែកខ្ញែកខ្លួនបាន ដែលបណ្តាលឱ្យពួកវាក្លាយជាវត្ថុធាតុហូរចុះ ស្រដៀងទៅនឹងដីបាក់ដែលហូរចុះពីលើតំបន់ភ្នំនៅលើផែនដីយ៉ាងដូច្នោះឯង។ លំហូរដីតាមរបៀបទាំងនេះ អាចផ្លាស់ប្តូររូបរាង (សណ្ឋានដី) របស់ភពអង្គារ បើទោះបីជាគ្មានវត្តមានទឹកក៏ដោយ»។

ជ្រលងភពអង្គារថតដោយ MRO (រូបភាពពី NASA)
  • តើលទ្ធផលស្រាវជ្រាវថ្មីនេះមានន័យដូចម្តេច?

នេះមិនមែនជាលើកទី នោះទេដែលក្រុមអ្នកស្រាវជ្រាវ បានសង្ស័យអំពីតំបន់មួយចំនួនលើភពអង្គារ ដែលមានសណ្ឋានដីប្រៀបដីដូចជាធ្លាប់មានវត្តមានទឹកហូរកាត់ ដោយពួកគេបានអះអាងថា អាចជាសណ្ឋានដែលត្រូវបានបង្កឡើងដោយ បាតុភូត sublimation ដូចបានរៀបរាប់ខាងលើនេះប៉ុណ្ណោះ ហើយពួកគេបានធ្វើការសន្និដ្ឋាន ដោយផ្អែកលើទិន្នន័យពីផ្កាយរណប និងការធ្វើគំរូម៉ូដែលតាមកកុំព្យូទ័រ។

ដោយឡែកសម្រាប់លទ្ធផលស្រាវជ្រាវរបស់ក្រុមការងារអ្នកនាង Roelofs វិញ គឺពឹងផ្អែកលើការបង្កើតបរិស្ថានសិប្បនិមិត្ត នៅក្នុងបន្ទប់ពិសោធន៍ (Mars Chamber) ដែលស្រដៀងនឹងភពអង្គារ ហើយក៏បង្កើតឲ្យមានបាតុភូត sublimation នៃកាបូនឌីអុកស៊ីតកក ក្រោមស្ថានភាពដូចបរិយាកាសភពអង្គារនោះតែម្តង។ លទ្ធផលសិក្សានេះ ក៏យោងលើភាពជាក់ស្តែង នៃទិដ្ឋភាពជ្រលងមួយចំនួនដែលយាន MRO របស់ NASA ថតបានលើភពអង្គារផងដែរ។

អាចជាភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុន (រូបភាពពីបរទេស)

សរុបសេចក្តីមក សម្រាប់លទ្ធផលស្រាវជ្រាវថ្មីនេះបានបង្ហាញថា តំបន់ជ្រលងៗខ្លះលើភពអង្គារ ដែលយើងធ្លាប់គិតថា អាចត្រូវបានបង្កើតឡើងដោយសារតែទឹកហូរកាត់ក្នុងរយៈពេលយូរនោះ អាចមិនមែនជាការពិតនោះឡើយ។ ប្រការនេះក៏អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសន្និដ្ឋានទៅកាន់ចំណុចសំខាន់មួយទៀត នោះគឺការអះអាងថា ភពអង្គារធ្លាប់មានវត្តមានទឹកនៅក្នុងរយៈពេលយូរនោះ ក៏អាចជារឿងដែលមិនត្រឹមត្រូវផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិ៖ Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤)

480×240 Banner