ក្រោយរងការបុក អាចម៍ផ្កាយនេះប្រែប្រួលទាំងរូបរាង និងចលនា (លទ្ធផលសង្កេតថ្មីពី NASA) (មានវីដេអូ)
(បរទេស)៖ បេសកកម្មយានអវកាសរបស់អង្គការ NASA ហោះទៅបំបុកអាចម៍ផ្កាយ ដើម្បីបង្វែរទិសដៅហៅកាត់ថា DART (Double Asteroid Redirection Test) ដែលបានកើតមានឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នោះ នៅតែបន្តស្ថិតក្នុងក្រអៅបេះដូងនៃអ្នកស្នេហាវិស័យអវកាស និងវិទ្យាសាស្ត្រជានិច្ច ជាពិសេសនោះគឺអ្នកដែលបារម្ភអំពីសន្តិសុខភពផែនដី។
ទោះបីជាក្រោយការបុកបានតែប៉ុន្មានសប្តាហ៍ ក្រុមការងារអង្គការ NASA បានចេញលទ្ធផលបឋមថា បេសកកម្ម DART បានទទួល «ជោគជ័យលើសពីការស្មាន» ក៏ដោយក៏ក្រុមអ្នកតាមដាននៅតែបន្តការសាកសួរ និងខ្លះចង់ឃើញលទ្ធផលនេះផ្ទាល់ភ្នែក។ ជាការពិតណាស់ ការឃើញផ្ទាល់ភ្នែកមានន័យថាជាការមើលឃើញនឹងភ្នែក ហើយក្រុមអ្នកវិទ្យាសាស្ត្រពិតជាគ្មានវិធីណាអាចឲ្យលោកអ្នកនាង មើលឃើញនឹងភ្នែកទៅរួចឡើយ។

ដូច្នេះលទ្ធផលដែលត្រូវបានបង្ហាញចេញនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ គឺទទួលបានមកពីការបូកសរុបលទ្ធផល ដែលបានមកពីប្រភពសំខាន់ៗចំនួន ៣ ដូចជា៖
ទី១៖ ប្រព័ន្ធបណ្តាញបញ្ជូនទិន្នន័យរយៈចម្ងាយឆ្ងាយ Deep Space Network (DSN) នៅជាមួយបេសកកម្មយាន DART ដែលបានថតរូបភាព និងវីដេអូ ហើយបញ្ជូនមកឲ្យក្រុមការងារលើផែនដីជាបណ្តើរៗ រហូតយាន DART បុកអាចម៍ផ្កាយ។ រូបភាពនានាទទួលបានពី DSN អាចឲ្យយើងគណនាពីគម្លាតរវាងអាចម៍ផ្កាយទាំង ២ នៅមុនពេលដែលយាន DART បុកចំ។

ទី២៖ ប្រព័ន្ធរ៉ាដា DSN’s Goldstone Solar System Radar ស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានតួនាទីជះរលកសញ្ញាវិទ្យុទៅកាន់អាចម៍ផ្កាយទាំង ២ គឺ Didymos (ធំ) និង Dimorphos (តូច) ដើម្បីវាស់ស្ទង់ទីតាំង និងល្បឿនរបស់ពួកវា ក្រោយការបុកដោយយាន DART រួចរាល់។ ភ្លាមៗប្រព័ន្ធរ៉ាដា DSN បានជួយឲ្យ NASA គណនាអំពីឥទ្ធីពលរបស់ DART លើអាចម៍ផ្កាយទាំង ២ ដោយលើសពីការរំពឹងទុកខ្លាំង នៅក្នុងកម្រិតអប្បរមា។

ទី៣៖ ការប្រើប្រាស់តេឡេស្កូបនានាលើផែនដី ដើម្បីសង្កេតដោយផ្ទាល់ទៅកាន់ អាចម៍ផ្កាយទាំង ២ ដើម្បីយល់ដឹងអំពីការប្រែប្រួលផ្ទៃរបស់ពួកវា នៅពេលត្រូវនឹងពន្លឺថ្ងៃចាំងពីលើ ដែលតែងតែប្រែប្រួលជានិច្ចនោះ។ តាមរយៈការប្រៀបធៀប ទម្រង់ពន្លឺជះពីអាចម៍ផ្កាយ Dimorphos នៅមុន និងក្រោយពេលយាន DART បុកចំ នោះគេអាចដឹងអំពីការប្រែប្រួលទម្រង់ ឬរូបរាងរបស់វាបាន។
- ការប្រែប្រួលឥរិយាបថ និងរូបរាងជាក់ស្តែងនៃអាចម៍ផ្កាយ Dimorphos
DART បានបុកចំ Dimorphos (មានមុខកាត់ ១៧០ម៉ែត្រ) ដែលជាដៃគូ (អាចហៅថាព្រះចន្ទក៏បាន) របស់អាចម៍ផ្កាយធំ Didymos (មានមុខកាត់ ៧៨០ម៉ែត្រ) ខណៈដែលអាចម៍ផ្កាយទាំង ២ ពីដំបូងឡើយមានគម្លាត ១,១៨៩ម៉ែត្រពីគ្នា និង Dimorphos គោចរជុំវិញ Didymos មួយជុំប្រើពេល ១១ម៉ោង និង ៥៥នាទី។

ក្រោយការបុករួចរាល់ ការគោចររបស់ Dimorphos ជុំវិញ Didymos ត្រូវបានជំរុញឲ្យលឿនជាងមុនប្រមាណ ៣២នាទី និង ៤២វិនាទី (មានន័យថា មួយជុំនៅសល់ពេល ១១ម៉ោង, ២២នាទី និង ៣៧វិនាទី) ខណៈគម្លាតនៃការគោចររបស់អាចម៍ផ្កាយទាំង ២ ក៏កាន់តែកៀកជាងមុនដែរ។ លទ្ធផលនេះបង្ហាញថា ឥទ្ធិពលនៃការបុករបស់យាន DART ពិតជាបានបង្កការប្រែប្រួលដល់ Dimorphos និង Didymos យ៉ាងពិតប្រាកដ។

ក្រៅពីថេរវេលានៃការគោចរប្រែប្រួល ទម្រង់រូបរាងរបស់ Dimorphos ក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរ។ តាមរយៈរូបភាពបែប illustration ខាងលើនេះ យើងឃើញទម្រង់ដើមរបស់ Dimorphos ដែលមានរាងដូចគោមភ្លើង (Oblate Spheroid) និងក្រោយការបុកក៏បានប្រែទៅជាវត្ថុមានរាងដូច ផ្លែឪឡឹកទ្រវែង (Triaxial Ellipsoid)។

សរុបសេចក្តីមក បេសកកម្ម DART ពិតជាភាពជោគជ័យ និងជាក្តីសង្ឃឹមសម្រាប់មនុស្សលោក ក្នុងការឈានទៅបង្កើតខែលការពារពេញលេញសម្រាប់ផែនដី ពីអាចម៍ផ្កាយគ្រោះថ្នាក់នានានៅថ្ងៃអនាគត។ មកទល់ពេលនេះ NASA មិនទាន់មានបេសកកម្មអ្វីថ្មីបន្ទាប់ពី DART នោះឡើយ ដោយខ្លួនរង់ចាំយាន OSIRIS-APEX ធ្វើការសង្កេតអាចម៍ផ្កាយ Apophis នៅឆ្នាំ២០២៩ ខណៈអង្គការអវកាសអឺរ៉ុប ESA វិញនឹងជួយ NASA សង្កេត Didymos នៅឆ្នាំ២០២៦ តាមរយៈបេសសកម្មយាន Hera៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤)
