NASA៖ បរិមាណទឹកកកសមុទ្រ នៅតំបន់ប៉ូលផែនដី «ថយចុះខ្លាំង» (មានវីដេអូ)
(បរទេស)៖ របាយការណ៍ថ្មីពីអង្គការ NASA នៃសហរដ្ឋអាមេរិកបានបង្ហាញថា ទឹកកកលើផ្ទៃសមុទ្រ (sea ice) ដែលកកើតឡើងតាមរដូវ នៅតំបន់ប៉ូលទាំងពីររបស់ភពផែនដី មានបរិមាណថយចុះក្នុងកម្រិតខ្ពស់បំផុត គិតតាមលទ្ធផលសង្កេតកាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
ស្ថានភាពអាក្រក់នេះ គឺជិតស្មើនឹងកម្រិតអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលតំបន់ប៉ូលទាំងពីរធ្លាប់បានជួបប្រទះទៅហើយ ក្នុងចំណោមលទ្ធផលទាបបំផុតទាំង ១៤ លើក ដែលត្រូវបានសង្កេតដោយ មជ្ឈមណ្ឌលជាតិសម្រាប់ការដកស្រង់ទិន្នន័យអំពីព្រិល និងទឹកកក នៃសហរដ្ឋអាមេរិកហៅកាត់ថា NSIDC (National Snow and Ice Data Center)។ កម្រិតទឹកកកសមុទ្រដ៏ទាបបំផុតក្នុងប្រវត្តិសាស្ត្រនៃការធ្វើកំណត់ត្រា ៤៦ឆ្នាំមកនេះគឺកាលពីឆ្នាំ២០១៧។

Sea ice តាមរដូវ គឺជាទឹកសមុទ្រដែលកក និងអណ្តែតលើផ្ទៃសមុទ្រ នៅលើផ្ទៃសមុទ្រទឹកកកអាកទិក (Arctic) ប៉ូលខាងជើង និងជុំវិញទ្វីបទឹកកកអង់តាកទិក (Antarctica) ប៉ូលខាងត្បូង។
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ទឹកកកសមុទ្រអាកទិក បានកកើតឡើងក្នុងវិសាលភាព ១៥.០១លានគីឡូម៉ែត្រក្រលា ដែលត្រូវបានចាត់ទុកជាកម្រិតទាបលើកទី ១៤ តាមរយៈទិន្នន័យពីផ្កាយរណប នាប៉ុន្មានទសវត្សរ៍មកនេះ។ ដោយឡែកសម្រាប់ ការកកើតទឹកកកសមុទ្រ នៅជុំវិញទ្វីបអង់តាកទិកវិញ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានវិសាលភាព ១.៩៩លានគីឡូម៉ែត្រក្រលា ដែលនេះជាកម្រិតធ្លាក់ចុះបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ។
សម្រាប់តំបន់មហាសមុទ្រទឹកកកអាកទិក រដូវរងាដែលរាងងងឹត និងត្រជាក់ខ្លាំង (ទឹកកកពេញផ្ទៃសមុទ្រ) មានរយៈ ៩ខែ និងរដូវត្រជាក់ធម្មតា (very cool summer) មានរយៈពេលតែ ៣ខែប៉ុណ្ណោះ នៅក្នុងមួយឆ្នាំៗ។ ដោយឡែកនៅ Antarctica វិញ រដូវរងា (ត្រជាក់ខ្លាំង និងរាងងងឹត) ចាប់ផ្តើមពីអំលុងខែមីនា ដល់តុលា ខណៈរដូវក្តៅ (នៅតែត្រជាក់ដដែល តែមិនសូវខ្លាំង) ចាប់ផ្តើមពីអំលុងខែតុលា ដល់ខែមីនាវិញ។

យោងតាមអ្នកវិទ្យាសាស្ត្រផ្នែកទឹកកកមួយរូបឈ្មោះ Linette Boisvert មកពីមជ្ឈមណ្ឌល Goddard Space Flight របស់អង្គការ NASA បានលើកឡើងថា «ទឹកកកលើផ្ទៃសមុទ្រ ដើរតួនាទីដូចជាទ្រនាប់ ឬរនាំងរវាងមហាសមុទ្រ និងបរិយាកាស។ ទឹកកកដែលគ្របលើផ្ទៃទឹកសមុទ្រនេះ តែងតែជួយទប់ស្កាត់បានយ៉ាងច្រើន នូវការផ្លាស់ប្តូរកម្តៅ និងសំណើមពីផ្ទៃមហាសមុទ្រដែលក្តៅ ទៅកាន់បរិយាកាស ដែលស្ថិតនៅពីលើវា…»។

ក្នុងន័យនេះអ្នកវិទ្យាសាស្ត្រខាងលើបានសង្កត់ធ្ងន់ថា «ការថយចុះបរិមាណទឹកកក ពីលើផ្ទៃសមុទ្រ (សម្តៅលើ sea ice ដែលកកើតតាមរដូវ) នោះនឹងធ្វើឲ្យមហាសមុទ្រជះចំហាយក្តៅ ទៅកាន់បរិយាកាសពីលើតំបន់ប៉ូលទាំង ២ ហើយក៏ជំរុញឲ្យទឹកកកនៅប៉ូលទាំង ២ រលាយបន្ថែមទៀត…»។ ប្រាកដណាស់ ការរលាយទឹកកកប៉ូលទាំង ២ គឺជាគ្រោះមហន្តរាយសម្រាប់មនុស្ស នៅលើភពផែនដីទាំងមូល។

គួរបញ្ជាក់តាមទិន្នន័យជាប្រវត្តិសាស្ត្រថា តំបន់នៃទឹកកកសមុទ្រ (sea ice) នៅជុំវិញទ្វីបអង់តាក់ទិក (Antarctic) មានការប្រែប្រួលយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបរិមាណទឹកកកជាមធ្យម នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នៅតែបង្ហាញពីស្ថិរភាព។ ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្របទឹកកកសមុទ្រជុំវិញទ្វីបអង់តាក់ទិក បានបង្ហាញការធ្លាក់ចុះ។ ទោះជាបែបនេះក្តី វាហាក់ជារឿងឆាប់ពេកក្នុងការឈ្វេងយល់ថា តើទឹកកកសមុទ្រនាពេលថ្មីៗនេះ ដែលមានកម្រិតទាបនៅប៉ូលខាងត្បូង ជាការចង្អុលថ្មីទៅរកការផ្លាស់ប្តូររយៈពេលវែង ឬត្រឹមជាការប្រែប្រួលតាមស្ថិតិដូចរាល់ដងនោះ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤)
