រូបភាព «កាឡាក់ស៊ីមិនប្រក្រតី» នេះផ្តិតដោយតេឡេស្កូបអវកាស James Webb! (មានវីដេអូ)
(បរទេស)៖ ដូចលោកអ្នកបានដឹងរួចហើយថា កាឡាក់ស៊ី (Galaxy) នៅក្នុងចក្រវាល (Universe) ត្រូវបានបែងចែកជា ៣ ប្រភេទធំៗ នោះគឺកាឡាក់ស៊ីរាងគូទខ្យង (Spiral Galaxy) ដូច Milky Way របស់យើងជាឧទាហរណ៍, កាឡាក់ស៊ីរាងពងក្រពើ (Elliptical Galaxy) និងកាឡាក់ស៊ីរាងមិនប្រក្រតី (Irregular Galaxy)។
សម្រាប់ Irregular Galaxy គឺជាពពួកកាឡាក់ស៊ី ដែលខ្លះមិនសូវពេញលក្ខណៈ និងខ្លះទៀតមិនមានរូបរាងជាក់លាក់ ឬខ្លះទៀតអាចត្រឹមចាត់ទុកជា កញ្ចុំផ្កាយខ្នាតធំនៅក្នុងទីអវកាស ព្រោះតែមានម៉ាស និងមាឌតូចពេក (អាចហៅថា Irregular Dwarf Galaxy)។
ដូចជាកាឡាក់ស៊ីដែលតេឡេស្កូបអវកាស James Webb ទើបផ្តិតបាននៅអំលុងខែមីនា ឆ្នាំ២០២៤នេះ យើងអាចចាត់វាចូលក្នុងជំពូក Irregular Dwarf Galaxy បាន ព្រោះវាមានទំហំតូច និងរូបរាងមិនប្រក្រតី។ កាឡាក់ស៊ី I Zwicky 18 ដូចក្នុងរូបភាពនេះ មានចម្ងាយប្រមាណ ៥៩លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
តាមរយៈរូបភាពពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដោយ James Webb យើងអាចមើលឃើញចំណុចកណ្តាលរបស់់ I Zwicky 18 មានតំបន់កកើតផ្កាយចំនួន ២ តំបន់ធំៗកំពុងពុះកញ្ជ្រោល និងហ៊ុមព័ទ្ធទៅដល់បណ្តុំពពកធូលីប្រៀបបីដូចពពុះ ដែលត្រូវបានបង្កើតឡើងដោយធាតុវិទ្យុសកម្ម (radiation) និងខ្យល់ (wind) យ៉ាងក្តៅគគុក បញ្ចេញមកពីផ្កាយក្មេងៗ ដែលកំពុងកកើតនៅចំកណ្តាលកាឡាក់ស៊ីនោះ។
គួរបញ្ជាក់ថា I Zwicky 18 ធ្វើឲ្យក្រុមតារាវិទូចាប់អារម្មណ៍ ព្រោះតែវាមានពោពេញដោយសមាសធាតុម្យ៉ាង ដែលធ្ងន់ជាងអេល្យូម (Helium) ដែលជាភាពកម្របំផុតមួយ។ សមាសធាតុប្រភេទនោះ គឺស្រដៀងនឹងអ្វីដែលមាននៅក្នុងកាឡាក់ស៊ី ដែលពោពេញដោយផ្កាយកកើតថ្មីៗ នៅពេលចក្រវាលទើបមានវ័យក្មេងនៅឡើយ។ លទ្ធផលសង្កេតពី James Webb នេះនឹងជួយក្រុមអ្នកវិទ្យាសាស្ត្រឲ្យយល់ច្បាស់បន្ថែមអំពីវដ្តនៃអាយុផ្កាយ និងឥទ្ធិពលនៃផ្កាយទាំងអស់នោះ ដែលជួយជំរុញចលនាក្នុងកាឡាក់ស៊ីជារួម៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤)