រូបភាពថ្មីនៃ Black Hole មហាយក្សនៅចំកណ្តាល Milky Way ត្រូវបានបញ្ចេញ! (របកគំហើញថ្មី) (មានវីដេអូ)

1,574

(បរទេស)៖ ក្រុមការងារអន្តរជាតិគ្រប់គ្រងលើ បណ្តាញតេឡេស្កូប EHT (Event Horizon Telescope) ដែលមានវិសាលភាពប៉ុនភពផែនដីនោះ ទើបតែបានបញ្ចេញរូបភាពថ្មីចុងក្រោយនៅចុងខែមីនា ឆ្នាំ២០២៤នេះ នៃប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ី Milky Way និងមានចម្ងាយជាង ២៦,៦០០ឆ្នាំពន្លឺពីភពផែនដីរបស់យើងនោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)

មិនត្រឹមតែជាការបង្ហាញនូវ រូបភាពថ្មីចុងក្រោយរបស់ Sagittarius A* ប៉ុណ្ណោះទេ តែក្រុមអ្នកវិទ្យាសាស្ត្ររបស់ EHT ក៏បានបង្ហើបឲ្យដឹងពី «របកគំហើញថ្មីពិសេសមួយ» ដែលពួកគេទើបឈ្វេងយល់អំពីប្រហោងខ្មៅមហាយក្ស ដែលប្រៀបបីដូចជា «បេះដូង» របស់កាឡាក់ស៊ីយើងនេះផងដែរ។ តើរបកគំហើញថ្មីនោះជាអ្វី? អត្ថបទនេះ នឹងពន្យល់លោកអ្នកជាបន្តបន្ទាប់។

បណ្តាញតេឡេស្កូប EHT (រូបភាពពីបរទេស)
  • យល់ដឹងពីរូបភាពថ្មីនៃ Sagittarius A*

ឥលូវនេះចូរយើងស្វែងយល់អំពី ទិដ្ឋភាពជាក់ស្តែងរបស់រូបភាព Sagittarius A* ថ្មីនេះជាមុនសិន ដោយក្រុមការងារ EHT ធ្លាប់បានបញ្ចេញវាជាលើកដំបូងបំផុត កាលពីអំលុងខែឧសភា ឆ្នាំ២០២២ តែកាលណោះគឺមិនសូវច្បាស់ឡើយ ហើយក្រុមការងារ EHT បានបកស្រាយជុំវិញចម្ងល់ពីមហាជន ទៅលើរូបភាពស្រអាប់នេះថា «ការថតរូបប្រហោងខ្មៅរបស់ Milky Way មួយសន្លឹកជាលើកដំបូងនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ»។

រូបភាពពិតនៃប្រហោងខ្មៅ Sagittarius A* ពេលទើបត្រូវបានបញ្ចេញដំបូង (Image Credit: EHT Collaboration)

សម្រាប់រូបភាពថ្មីដែលទើបត្រូវបានបញ្ចេញក្តៅៗនេះ គ្រប់គ្នាអាចឃើញនូវ រលកពន្លឺ (polarized light) នៅជុំវិញចំណុចកណ្តាលពណ៌ខ្មៅរបស់ Sagittarius A* ដែលរូបភាពចាស់ពីមុន មិនបានបង្ហាញនោះឡើយ ព្រោះតែកម្រិតនៃការប្រមូលផ្តុំទិន្នន័យសំខាន់ៗ។ ប៉ុន្តែចំណុចសំខាន់ មិនមែនស្ថិតតែនៅលើវត្តមាន polarized light តែមួយមុខនេះទេ។

រូបភាពពិតនៃប្រហោងខ្មៅ Sagittarius A* ក្រោយការបូកទិន្នន័យបន្ថែម (Image Credit: EHT Collaboration)
  • របកគំហើញថ្មីពីរូបភាពថ្មីនេះ

ជាមួយនឹងលទ្ធផលសង្កេតថ្មីដោយ EHT បានបង្ហាញចេញយ៉ាងនូវ ឥទ្ធិពលដែនម៉ាញេទិច (magnetic fields) របស់ Sagittarius A* ដែលមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលមាន នៅជុំវិញប្រហោងខ្មៅមហាយក្ស M87* នៃកាឡាក់ស៊ី M87 (ជារូបថតពិតដំបូងនៃប្រហោងខ្មៅមហាយក្សមួយ) ដែលក្រុមការងារ EHT បានបញ្ចេញកាលពីឆ្នាំ២០១៩នោះដែរ។

រូបភាពពិតនៃប្រហោងខ្មៅ M87* (Image Credit: EHT Collaboration)

នេះជារបកគំហើញប្រកបដោយភាពភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ព្រោះ Sagittarius A* របស់កាឡាក់ស៊ី Milky Way មានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង «៤.៣លានដង» ខណៈ M87* របស់កាឡាក់ស៊ី M87 មានម៉ាសធ្ងន់ជាងព្រះអាទិត្យដល់ទៅ «៦.៥ពាន់លានដង» ឯណោះ តែប្រហោងខ្មៅមហាយក្សទាំង ២ បែរជាមាន «ទម្រង់ ឬរបៀបរៀបរយនៃដែនម៉ាញេទិចស្រដៀងគ្នា»

គួរបញ្ជាក់ថា លទ្ធផលសង្កេតថ្មីពី EHT នេះ ក៏នាំឲ្យគេសន្និដ្ឋានផងដែរថា ដែនម៉ាញេទិចដ៏ខ្លាំង និងមានរបៀបរៀបរយដ៏ប្រសើរ (well-organized magnetic fields) គឺជារឿងធម្មតាសម្រាប់ Black Holes ទាំងអស់ ដែលជាបេះដូងរបស់កាឡាក់ស៊ីនីមួយៗ។

  • ចម្ងល់អំពីការផ្ទុះជះ Jet ចេញពីបេះដូងរបស់ Milky Way

ទោះបីជាយ៉ាងណា ចម្ងល់ក៏នៅតែមានផងដែរនោះគឺប្រហោងខ្មៅមហាយក្ស M87* មានការជះចេញនូវកំសួលថាមពល (jet) ទៅកាន់ទីអវកាស ដែលជាបាតុភូតតែងតែកើតមានចេញពីពពួក Supermassive Black Hole។ ដោយឡែកសម្រាប់ Sagittarius A* វិញ គេនៅមិនទាន់ឃើញបាតុភូតផ្ទុះជះ jet បែបនោះនៅឡើយទេ។

ការផ្ទុះជះ Jet ពី M87* (រូបភាពពី NASA)

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការជះចេញ jet ពីបេះដូង Milky Way ដែលអាចកំពុងលាក់បាំងពីយើង ឬមួយក៏អាចមានពន្លឺស្រទន់ពេកដែលពិបាកឲ្យឃើញនោះ គឺត្រូវការការសង្កេតជាបន្តទៀត៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ EHT/SPACE (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤)

480×240 Banner