បេះដូងពិតជាសំខាន់ណាស់! «នេះជាអាហារទាំង ០៩មុខ» ដែលជួយឲ្យបេះដូងដើរបានល្អ…
(បរទេស)៖ របបអាហារដែលផ្តល់សុខភាពប្រសើរជាទូទៅ ក៏អាចជារឿងល្អមួយសម្រាប់សុខភាពបេះដូងផងដែរ។ អ្នកក៏អាចកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូងបានដែរ តាមរយៈការញ៉ាំអាហារទាំងអស់នេះជាប្រចាំ។ មានបន្លែ និងផ្លែឈើច្រើនណាស់ដែលល្អចំពោះបេះដូង។
តាមការសិក្សាបានឲ្យដឹងទៀតថា ជំងឺបេះដូង និងសរសៃឈាមស្ទើរតែ ៧០ភាគរយ ហើយដែលអាចបង្ការបាន តាមរយៈការជ្រើសរើសអាហារទទួលទានដ៏ត្រឹមត្រូវ។ តើអាហារទាំងអស់នោះមានអ្វីខ្លះទៅ? ដូច្នេះសូមតាមដានអាហារប្រសើរៗ ទាំង ០៩ មុខខាងក្រោមនេះ ដែលមិនពិបាកស្វែងរកនោះឡើយ៖
១. ផ្លែប័រ៖ ផ្លែឈើមួយនេះសម្បូរទៅដោយ សារធាតុខ្លាញ់ទ្រទ្រង់សុខភាព Monounsaturated Fats និងជាប្រភពនៃប៉ូតាស្យូម ដែលជាជាតិរ៉ែដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺលើសសម្ពាធឈាម។ វាក៏ជាប្រភពនៃវីតាមីន C, Carotenoids និងជាតិសរសៃផងដែរ។ ក្រៅពីនេះ ផ្លែប័រក៏អាចជួយរាងកាយ បឺតស្រូបអង់ទីអុកស៊ីដង់ផ្សេងៗទៀត ដែលយើងបានញ៉ាំពីបន្លែដូចជា ការ៉ុត និងស្ពៃស្ពីណាចជាដើម។
២. ផ្លែបឺរីពណ៌ខៀវ៖ វាជាផ្លែឈើដែលសម្បូរសារធាតុ Resveratrol និង Flavonoids ដែលសុទ្ធសឹងតែជាអង់ទីអុកស៊ីដង់ សម្រាប់ជួយបង្ការជំងឺសរសៃឈាមបេះដូង។ អ្នកក៏អាចយកវាធ្វើជាទឹកក្រឡុកបានដែរ។
៣. សូកូឡាខ្មៅ៖ តាមការសិក្សាបានរកឃើញថា ការញ៉ាំសូកូឡាខ្មៅជាប្រចាំ អាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមបាន។ ចំពោះសារធាតុ Phenols ក្នុងសូកូឡាខ្មៅ ដែលមានមុខងារប្រឆាំងនឹងការរលាក និងសម្លាប់មេរោគនោះ អាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន។
៤. ប្រេងអូលីវ៖ ប្រេងអូលីវជាប្រភពនៃជាតិខ្លាញ់ Monounsaturated Fats ដ៏ល្អមួយ ដែលអាចជួយបន្ថយទាំងកម្រិតជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម។
៥. បន្លែពណ៌បៃតង៖ ស្ពៃស្ពីណាច ឬត្រកួនសុទ្ធតែជាអាហារដ៏ល្អ ដែលអាចផ្តល់ជាតិដែក និងវីតាមីន C ដល់រាងកាយ។ របស់ទាំងពីរនេះល្អបំផុតសម្រាប់សុខភាពធ្មេញ សក់ និងឆ្អឹង ខណៈពេលដែលវីតាមីន A និងម៉ាញ៉េស្យូម សម្រាប់ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ចៀសផុតពីភាពខឹងនាំឲ្យគាំងបេះដូងបាន។
៦. ថ្លើមសត្វ៖ អ្នកជំនាញខាងជំងឺបេះដូងបាននិយាយថា ថ្លើមមានជាតិខ្លាញ់ ដែលល្អចំពោះសុខភាពបេះដូង។
៧. ស្រូវអូត៖ ថ្វីបើស្រូវប្រភេទនេះមិនសូវមានអ្នកស្គាល់ និងញ៉ាំក៏ដោយ ប៉ុន្តែវាគឺជាអាហារមួយប្រភេទមានជាតិសរសៃរលាយ និងអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ ក្នុងឈាមបានទៀត។ ដូច្នេះកាលណាកូឡេស្តេរ៉ុលអាក្រក់មិនសូវមាន វាពិតជាល្អទាំងសរសៃឈាម និងបេះដូង។
៨. ត្រីសាលម៉ុង៖ ត្រីសាលម៉ុង និងត្រីសម្បូរខ្លាញ់ផ្សេងៗទៀតដូចជា ត្រីសាឌីន សុទ្ធតែជាអាហារដ៏ល្បីសម្រាប់សុខភាពបេះដូងទាំងអស់។ នេះដោយសារតែ វាផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបីច្រើន និងអាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម ឬកំណកជាប់សរសៃឈាមអាក់ទែបានទៀត។
៩. ប៉េងប៉ោះ៖ ប៉េងប៉ោះមានវីតាមីន C ដែលល្អចំពោះបេះដូង និងសម្បូរសារធាតុ Lycopene។ វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់ សម្រាប់ការពារកោសិកាកុំឲ្យខូចខាត ជាពិសេសកោសិកាបេះដូងតែម្តង៕