យានជប៉ុន «SLIM» ឆ្លងផុតយប់ទី២លើព្រះចន្ទ និងគួរឲ្យភ្ញាក់ផ្អើល… (មានវីដេអូ)
(បរទេស)៖ មិនមែនអ្វីៗសុទ្ធតែអាចដូចការរំពឹងទុកនោះទេ តែការខុសការរំពឹងទុកមួយនេះ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែសម្រាប់ប្រទេសជប៉ុនមួយឡើយ។ ជាក់ស្តែង ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ទើបតែបានទទួលរូបភាពថ្មីពីយានស្រាវជ្រាវ SLIM (Smart Lander for Investigating Moon) ដែលបង្ហាញថា វាកំពុងដំណើរការនៅឡើយ មិនទាន់ខូចដូចការរំពឹងទុកខ្លះនោះទេ។
រាត្រីលើឋានព្រះចន្ទពិតជាគួរឲ្យភ័យខ្លាច ព្រោះវាមានពេលរហូតដល់ទៅខ្ទង់ ២សប្តាហ៍ បើគិតតាមពេលវេលាលើផែនដី។ ២សប្តាហ៍ដោយគ្មានពន្លឺព្រះអាទិត្យ យាន SLIM ត្រូវឆ្លងកាត់ឲ្យបាននូវបញ្ហាធំៗ ២ នោះគឺទី១៖ ការប្រមូលថាមពលពីពន្លឺព្រះអាទិត្យមករក្សាទុក សម្រាប់ប្រើនៅពេលងងឹត និងទី២៖ យាននេះត្រូវទប់ទល់នឹងសីតុណ្ហភាពដ៏ត្រជាក់បំផុត (នៅតំបន់សងខាងអេក្វាទ័រព្រះចន្ទ សីតុណ្ហភាពលើផ្ទៃព្រះចន្ទពេលមានពន្លឺថ្ងៃអាចកើនដល់ ១២១អង្សាសេ ខណៈពេលយប់វិញអាចចុះដល់ – ១៣៣ អង្សាសេ)។
ក្រុមការងារ JAXA បានបញ្ចេញរូបភាពថ្មីលើផ្ទៃព្រះចន្ទ ថតដោយកាមេរ៉ាអង្កេតលើយាន SLIM កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ រូបភាពថ្មីនេះពិតជាបង្ហាញថា យាននេះនៅតែអាចដំណើរការយ៉ាងល្អ ក្រោយពីទើបឆ្លងផុតយប់ទី ២ លើផ្ទៃព្រះចន្ទ។ យាន SLIM បានចុះចតក្នុងរណ្តៅ Shioli ស្ថិតផ្នែកនៃព្រះចន្ទដែលបែរមករកផែនដីជានិច្ច (nearside) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែការចុះចតកាលណោះ បានខុសការចង់បានបន្តិច (យានផ្អៀងដួលលើផ្ទៃព្រះចន្ទ)។ កាលណោះគ្រប់គ្នាបានបង្ហាញក្តីបារម្ភថា SLIM មិនអាចស្រូបថាមពលគ្រប់គ្រាន់ ដើម្បីដំណើរការ និងឆ្លងកាត់សូម្បីតែយប់ទី១នៅលើផ្ទៃព្រះចន្ទបានឡើយ។
គួរបញ្ជាក់ថា យាន SLIM ដែលមានទម្ងន់ខ្ទង់ ២០០គីឡូក្រាម បានធ្វើឲ្យជប៉ុនក្លាយជាប្រទេសទី ៥ លើពិភពលោក ដែលអាចបញ្ជូនយានទៅចុះចតលើផ្ទៃព្រះចន្ទដោយរលូន។ ប្រទេសដែលទទួលបានជោគជ័យរួចមកហើយមានដូចជា អតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា។
គោលដៅចម្បងរបស់ SLIM គឺការព្យាយាមបង្កើតបច្ចេកវិទ្យា ក្នុងចុះចតយានលើផ្ទៃព្រះចន្ទ ប្រកបដោយសុក្រិតភាពជាទីបំផុត តាមរយៈបេសកកម្មទ្រង់ទ្រាយតូច។ នៅក្នុងបេសកកម្មនេះទៀតសោត ជប៉ុនក៏មានគោលដៅក្នុងការសិក្សាអំពីស្ថានភាពទូទៅនៃព្រះចន្ទ និងភពផ្សេងៗទៀត តាមរយៈការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនយាន ដែលមានទម្ងន់ស្រាលផងដែរ។
បន្ថែមពីខាងលើនេះ SLIM ក៏បានដឹកយកទៅជាមួយនូវ គ្រឿងយន្តខ្នាតតូចពីរគ្រឿងមានឈ្មោះថា LEV-1 និង LEV-2 ដែលមានទំហំប៉ុនគ្រាប់តេនីស ឲ្យចល័ត និងផ្តិតរូបភាពពេលយាន SLIM ចុះចត និងនៅលើផ្ទៃព្រះចន្ទ ហើយបញ្ជូនទិន្នន័យទៅកាន់យានមេផង និងបេសកកម្មលើផែនដីផង តាមរយៈប្រព័ន្ធបញ្ជូនរលកសញ្ញាវិទ្យុនៅក្នុងកូនរ៉ូបូតតូចៗ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃការស្រាវជ្រាវព្រះចន្ទ, ហើយជប៉ុនក៏បានសម្រេចជោគជ័យផងដែរ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ JAXA/SPACE (ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤)