យល់ដឹងអំពីប្រហោងចក្រវាល «Supervoid» ដែលយើងធ្លាប់ងឿងឆ្ងល់… (UPDATE)

511

(បរទេស)៖ កាលពីឆ្នាំ២០១៥ ប្រហោង​ដ៏​ធំ​បំផុតដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​​ឲ្យឈ្មោះថា «Supervoid» ឬហៅថា «ប្រហោងចក្រវាល» ដែល​មុខកាត់របស់វា​មានវែងរហូត​ដល់ទៅ ១.៨ពាន់លាន​ឆ្នាំពន្លឺឯណោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) គឺពិតជា​ទំហំដែលមិនគួរឲ្យជឿទាល់​តែសោះ​តែម្តង ត្រូវបានរកឃើញ​នៅក្នុងចក្រវាល (Universe)

តាមពិត Supervoid គឺជាប្រហោង​ ឬលំហដ៏ធំធេង ដែលមនុស្សមិនទាន់​អាចកំណត់​ធាតុ​ពិត​របស់វានោះ​ឡើយ ប៉ុន្តែជាការពិត​វាកំពុងធ្វើឲ្យប្រហោង​ខ្មៅមហាយក្ស (Supermassive Black Hole) ដែលយើងធ្លាប់​តែភ័យខ្លាច ពេល​លឺព័ត៌មាន​នានាអំពីវានោះ ក្លាយមកនៅត្រឹមតែ​​ជាវត្ថុ​តូចល្អិតមួយ​ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង Supervoid។ បើយើងគិតពីទំហំរបស់ ប្រហោង​ ឬលំហដ៏ងងឹតនោះ គឺអាចស្តុកកាឡាក់ស៊ី​ធំៗជាងកាឡាក់ស៊ី Milky Way យើងរហូតទៅដល់រាប់សិបឯណោះ ដែលវាពិតជារឿងមិនធម្មតានោះទេ។

យល់ដឹងអំពីប្រហោងចក្រវាល «Supervoid» ដែលយើងធ្លាប់ងឿងឆ្ងល់… (UPDATE)
ផ្កាយរណប Planck បង្ហាញផែនទីចក្រវាល និងជ្រុងលើផ្ទៃមេឃផែនដីត្រង់តារានិករ Eridanus ដែលអាចសម្លឹងរកឃើញ Supervoid (រូបភាពពីបរទេស)

ប្រហោងចក្រវាល Supervoid ដែលស្ទើរតែគ្មានអ្វីសោះ​នៅក្នុងនោះ ត្រូវបាន​រក​ឃើញដោយក្រុម​អ្នកវិទ្យាសាស្ត្រមួយក្រុមនៃសកលវិទ្យាល័យរដ្ឋ Hawaii សហរដ្ឋអាមេរិក ដោយពួកគេបាន​រកឃើញ Supervoid នោះនៅពេលដែល ធ្វើការអង្កេតលើកាឡាក់ស៊ីនានា​​ក្នុងចក្រវាល ហើយនាពេលនោះស្រាប់តែកាឡាក់ស៊ី​ក្នុងចំនួនជាង ១០,០០០ ហាក់ដូចជា​បាត់វត្តមាន។ ពួកគេ​ក៏បាន​ចោទជាសំនួរបែប​កំប្លែងថា តើកាឡាក់ស៊ីទាំងនោះ បានធ្លាក់ចូលក្នុងប្រហោង​ងងឹតបាត់ទៅហើយឬ?

គួរបញ្ជាក់ថា នៅក្នុងបេសកកម្មកាលពីឆ្នាំ២០១៥នោះ តារាវិទូមួយរូបឈ្មោះ អ៊ីសវ៉ាន ហ្សាពូទី (István Szapudi) ដែលកំពុងដឹកនាំ​ក្រុមការងារខាង​លើនេះ ក៏បាននិងកំពុង​សិក្សា​អំពី​ទ្រិស្តី Big Bang ជាមួយគ្នា​ផងដែរ ហើយពីមុនមក​លោកធ្លាប់អះអាងថា ការរកឃើញ​ប្រហោងងងឹត ឬទទេនៅក្នុងចក្រវាលយើងនេះ ពិតជារឿង​​មួយ​ដែល​មិនអាចទៅរួចនោះ​ឡើយ។

ប៉ុន្តែសម្រាប់​អ្នកវិទ្យាសាស្ត្រមួយរូបទៀតគឺ លោក អ៊ែនដ្រាស៍ កីវ៉ាក (András Kovács) មកពីសកលវិទ្យាល័យ អ៊ីតវ៉ូស ឡរែនដ៍ (Eötvös Loránd) ក្នុងទីក្រុង ប៊ូដាពេសត៍ (Budapest) ប្រទេសហុងគ្រី ដែលបានសិក្សាអំពី Supervoid នេះដែរបាននិយាយថា «នេះជាប្រហោង​ងងឹត (ប្រហោងចក្រវាល) Supervoid ដ៏មហាធំអស្ចារ្យ​បំផុត​ ដែលមិនធ្លាប់ត្រូវបានរកឃើញ​នោះឡើយ»។

អ្នកវិទ្យាសាស្ត្រ​ខាងលើនេះ បានសង្កត់ធ្ងន់​ទៀតថា «បើយើងយក​ទីកន្លែងទំនេរ​ទាំងឡាយ​ក្នុង​ចក្រវាឡរួម​បញ្ចូលគ្នា នោះ Supervoid នេះគឺ​ជាអ្វីមួយ​​ដែលកម្រ​បំផុតមិនធ្លាប់មាន​នោះឡើយ។ យើងអាច​រំពឹងថា មានប្រហោងងឹត​មហាធំរបៀបនេះ តែពីរទៅបី​ប៉ុណ្ណោះ នៅក្នុងចក្រវាឡ​ទាំងមូល (ចង់សម្តៅលើចក្រវាលដែលយើងអាចសង្កេតឃើញ (Observable Universe) ដែលមានអង្កត់ផ្ចិត ៩៣ពាន់លានឆ្នាំពន្លឺ)»។

អ្វីៗដូចបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានដែលបានផ្សព្វផ្សាយ កាលពីឆ្នាំ២០១៥ ហើយសម្រាប់ឆ្នាំ២០២៤នេះ ការពន្យល់គឺមានលក្ខណៈងាយយល់ និងសាមញ្ញប៉ុណ្ណោះ។ ប្រហោងចក្រវាល Void (សម្រាប់ខ្នាតតូច) និង Supervoid (សម្រាប់ខ្នាតធំ) គឺសម្តៅទៅលើតំបន់មួយចំនួនក្នុងចក្រវាល ដែលមិនសូវមានកាឡាក់ស៊ី ឬខ្សត់កាឡាក់ស៊ីខ្លាំងតែម្តង។ យើងអាចប្រៀបប្រដូចស្ថានភាពបែបនេះ ទៅនឹងតំបន់វាលខ្សាច់មួយនៅក្នុងដែនដីដ៏ធំធេងនៃសហរដ្ឋអាមេរិក ដែលមិនសូវមានមនុស្សរស់នៅ ឬអាចគ្មានសោះតែម្តង។

គួរបញ្ជាក់ថា Supervoid ខាងលើនេះ អាចចាត់ទុកថាមានទំហំធំធេងជាងគេហើយ តាមរយៈការសង្កេតដោយតេឡេស្កូប PS1 និង WISE ដោយការសម្លឹងទៅកាន់ ផ្ទៃមេឃត្រង់តារានិករ Eridanus ហើយបើមើលក្នុងផែនទីចក្រវាលក្នុងទម្រង់ microwave គេឃើញ Supervoid នោះស្ថិតនៅក្នុងតំបន់ Cold Spot របស់ចក្រវាល។ CMB Cold Spot ឬ WMAP Cold Spot ជាតំបន់ត្រជាក់របស់ចក្រវាល ព្រោះតែវាជាលំហដែលក្សត់កាឡាក់ស៊ី។

សម្រាប់ការរាប់ចំនួនឲ្យជាក់លាក់តែម្តងនៃ Void និង Superovid គឺជារឿងដែលត្រឹមស្ថិតក្នុងការសន្និដ្ឋាន តែបើតាមការគណនាជាក់ស្តែង ទៅលើទំហំនៃចក្រវាល ដែលយើងអាចសង្កេតឃើញនោះ ចន្លោះប្រហោង ឬលំហ Void និង​ Supervoid គឺស្មើនឹងជាង ៨០% ទៅហើយនៃទំហំចក្រវាលទាំងមូល។

បន្ថែមពីនេះនៅក្នុង Void និង Supervoid មិនមែនថា គ្មានកាឡាក់ស៊ីសោះតែម្តងនោះឡើយ តែអាចមាននៅក្នុងចំនួនតិចតួចបំផុត។ សម្រាប់ Void ដែលស្ថិតនៅកៀកផែនដី ឬកាឡាក់់ស៊ី Milky Way យើងបំផុតនោះមានឈ្មោះថា Local Void។ ប្រហោងចក្រវាល Local Void នេះមានមុខកាត់ ១៥០លានឆ្នាំពន្លឺ ហើយចំណុចកណ្តាលរបស់វា មានចម្ងាយខ្ទង់ ៧៥លានឆ្នាំពន្លឺពីផែនដី។ ប្រការនេះក៏មានន័យថា កាឡាក់ស៊ីរបស់យើងកំពុងស្ថិតនៅជុំវិញ ឬជាយនៃប្រហោង Void ដែលជាលំហស្ទើរតែគ្មានកាឡាក់ស៊ីសោះនោះផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ Independent/NASA (updated: ថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤)

480×240 Banner