NASA កំពុងសិក្សា «ខ្យល់ពុល» នៅតំបន់អាស៊ីអាគ្នេយ៍ និងត្រៀមបង្កើត «ឧបករណ៍ជូនដំណឹង» (មានវីដេអូ)

2,398

(បរទេស)៖ ជារៀងរាល់ឆ្នាំ ផ្សែងអ័ព្ទពុលតាមរដូវដែលបង្កឡើងដោយសកម្មភាព ដុតស្រែ-ចំការតាមទម្លាប់ និងខ្យល់ពុលពីទីក្រុងធំៗផងដែរ តែងតែគ្របដណ្តប់ពាសពេញតំបន់អាស៊ីអាគ្នេយ៍។ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA សហរដ្ឋអាមេរិក និងក្រុមការងារអន្តរជាតិមួយហៅកាត់ថា ASIA-AQ កំពុងរួមគ្នាសិក្សាលើស្ថានភាពខ្យល់ពុលនៅតំបន់អាស៊ីអាគ្នេយ៍ជាចម្បង ជាពិសេសនៅក្នុងប្រទេសថៃ ដែលកំពុងចូលរួមកិច្ចការងារនេះជាផ្លូវការជាមួយអង្គការ NASA ផ្ទាល់។

(Video From: Cambo Space Edu’s YouTube Channel)

កាលពីអំលុងខែមីនា ឆ្នាំ២០២៤ ក្រុមការងារ ASIA-AQ (Airborne and Satellite Investigation of Asian Air Quality) ឬក្រុមស៊ើបអង្កេតគុណភាពខ្យល់នៃតំបន់អាស៊ីពីលើអាកាស បានធ្វើដំណើរទៅកាន់ប្រទេសថៃ និងបំពេញការងារនៅទីនោះមួយរយៈ។ ពួកគេបានគណនាគុណភាពខ្យល់ទាំងនៅលើដី, ក្នុងដែនអាកាស និងពីទីអវកាសផងដែរ ខណៈយន្តហោះ DC-8 និង Gulfstream III របស់អង្គការ NASA បានហោះទៅកាន់ផ្នែកជាច្រើនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីប្រមូលយកទិន្នន័យអំពីគុណភាពខ្យល់ជារួម។

ក្រុមការងារ NASA និង ASIA-AQ ជិះយន្តសង្កេតខ្យល់ពុលនៅប្រទេសថៃក្នុងខែមីនា ឆ្នាំ២០២៤ (រូបភាពពី NASA)

វែបសាយ NASA Earth បានរៀបរាប់ថា អំលុងរដូវនៃការដុតស្រែ-ចំការតាមទម្លាប់ ក្នុងទំហំតូចតាចៗ តែកើតឡើងនៅច្រើនតំបន់ផ្សេងៗគ្នាបែបនោះ គេសង្កេតឃើញច្រើននៅតាមតំបន់ព្រៃខ្ពង់រាបនៃបណ្តាប្រទេសដូចជាកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងថៃ។ ការដុតស្រែ-ចំការនេះភាគច្រើនកើតឡើងនៅអំលុងខែមីនា និងមេសា ជារៀងរាល់ឆ្នាំ (ខែមេសាជាពេលសកម្មភាពដុតនេះឡើងដល់កម្រិតកំពូល ព្រោះវាក៏ជាពេលដែលមានអាកាសធាតុក្តៅស្ងួតខ្លាំង) ហើយក៏ចាប់ផ្តើមថយចុះវិញនៅខែឧសភា ដែលរដូវវស្សាចាប់ផ្តើមចូលមកដល់។

ក្រុមការងារ NASA និង ASIA-AQ ជិះយន្តសង្កេតខ្យល់ពុលនៅប្រទេសថៃក្នុងខែមីនា ឆ្នាំ២០២៤ (រូបភាពពី NASA)

នៅពេលដែលផ្សែង (smoke) ចេញពីសកម្មភាពដុតស្រែ-ចំការទាំងនោះ រួមគ្នាជាមួយផ្សែងចេញពីទីក្រុង (ផ្សែងរោងចក្រ, យានយន្ត និងសកម្មភាពបញ្ចេញផ្សែង ផ្សេងៗទៀតក្នុងទីប្រជុំជន) វានឹងក្លាយជាអ័ព្ទដែលមានស្រទាប់ក្រាស់ៗ។ អ័ព្ទដ៏ក្រាស់ទាំងនោះ គឺផ្សំឡើងពីភាគល្អិតនៃឧស្ម័ន ជាច្រើនប្រភេទដូចជា នីដ្រូសែន (អាសូត) ឌីអុកស៊ីត (nitrogen dioxide), ស៊ុលផួឌីអុកស៊ីត (sulfur dioxide), កាបូនម៉ូណូអុកស៊ីត (carbon monoxide) និងអូហ្សូន (ozone) ដែលទៅបំផ្លាញគុណភាពខ្យល់អាកាសជារួម «ហើយផ្សែងអ័ព្ទពុលប្រភេទនេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សុខភាព»

លទ្ធផលសង្កេតការដុតស្រែចំការតាមរដូវ នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងដោយផ្កាយរណបសហរដ្ឋអាមេរិក (Credit: NASA/NOAA)

គួរបញ្ជាក់ថា អង្គការ NASA ក៏កំពុងធ្វើការជាមួយអង្គការ USAID និងដៃគូនានានៅតំបន់អាស៊ី ព្រមទាំងកម្មវិធី SERVIR របស់ខ្លួន និងស្ថាប័នរដ្ឋរបស់ថៃផងដែរ ដើម្បីអភិវឌ្ឍឲ្យបាននូវ «ឧបករណ៍ ឬរបៀបប្រកាសអាសន្ន» ដើម្បីជូនដំណឹងដល់ប្រជាជនក្នុងប្រទេសថៃ និងអាចឈានដល់ថ្នាក់តំំបន់នៅថ្ងៃអនាគតអំពីអ័ព្ទ និងផ្សែង នៅអំលុងរដូវនៃការដុតស្រែចំការតាមទម្លាប់ ព្រមទាំងប្រើប្រើប្រាស់ផ្កាយរណបរបស់ NASA ដើម្បីអង្កេតករណីភ្លើងឆេះព្រៃ ក្នុងន័យជូនដំណឹងទៅក្រុមពន្លត់អគ្គិភ័យ នៅតាមប្រទេសទាំងនោះឲ្យបានទាន់ពេលផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA Earth (ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤)

480×240 Banner