សហរដ្ឋអាមេរិកចង់ឲ្យ NASA បង្កើត «ល្វែងម៉ោង» ទុកសម្រាប់ប្រើលើឋានព្រះចន្ទ
(បរទេស)៖ បច្ចុប្បន្ននេះ ការកំណត់ម៉ោង ឬពេលវេលាលើឋានព្រះចន្ទ គឺមិនទាន់មាននៅឡើយទេ ដោយមនុស្សលោកបានយកម៉ោង ថ្ងៃ ខែ និងឆ្នាំលើផែនដី ដើម្បីប្រើប្រាស់តែក្នុងពេលបំពេញបេសកកម្ម ណាមួយនៅលើឋានព្រះចន្ទប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ប្រាប់ឲ្យអង្គការ NASA គិតគូរក្នុងការបង្កើត «ល្វែងម៉ោង (Time Zone)» សម្រាប់ប្រើប្រាស់លើឋានព្រះចន្ទផ្ទាល់ ដែលជាភាសាបច្ចេកទេសនឹងហៅថា «ម៉ោងសម្របសម្រួលនៃព្រះចន្ទ (Coordinated Lunar Time ឬ LTC)»។

ការបង្កើត Time Zone សម្រាប់ព្រះចន្ទ គឺមិនមែនសម្រាប់កំណត់តែប្រតិទិន ឬនាឡិកានៅលើព្រះចន្ទប៉ុណ្ណោះទេ ដោយសហរដ្ឋអាមេរិកក៏កំពុងគិតគូរទៅលើបញ្ហាបច្ចេកទេស នៃការចុះចត និងបញ្ជាយានឲ្យបំពេញប្រតិបត្តិការ នៅឋានព្រះចន្ទនោះផងដែរ។ ព្រោះតែភាពខុសប្លែកគ្នា នៃកម្លាំងទំនាញនៅលើផ្ទៃព្រះចន្ទ ម៉ោងនៅលើនោះដើរលឿនជាងលើផែនដីប្រមាណណ ៥៨.៧ មីល្លីវិនាទីជារៀងរាល់ថ្ងៃ។ ចំនួននេះមើលទៅតិចតួចពិតមែន ប៉ុន្តែវាអាចបង្កផលប៉ះពាល់នៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្រ ព្យាយាមធ្វើសមកាលកម្ម (synchronize) យានអវកាសពីភពផែនដីទៅកាន់ទីនោះ។

ជុំវិញបញ្ហានេះ សាស្ត្រាចារ្យ Catherine Heymans មកពីស្ថាប័នតារាសាស្ត្រ Astronomer Royal នៃប្រទេសស្កុតឡេនដ៍ បានប្រាប់សារព័ត៌មាន BBC នៅដើមខែមេសា ឆ្នាំ២០២៤នេះថា «ទ្រឹស្តីជាមូលដ្ឋានរបស់ទំនាញសកល មានបញ្ហាដ៏ំខាន់មួយ នោះគឺពេលវេលាតែងតែដើរខុសៗគ្នា ទៅតាមទីកន្លែងនៅក្នុងចក្រវាល។ ទំនាញនៅលើឋានព្រះចន្ទគឺខ្សោយ ហើយម៉ោងក៏ដើរខុសពីលើផែនដីដែរ (ក្នុងកម្រិតតិចតួចដូចមានបញ្ជាក់ខាងលើ)»។

រដ្ឋាភិបាលសហរដ្ឋអាមេរិកសង្ឃឹមថា ក្រោយពេលបង្កើត «ល្វែងម៉ោង» រួចរាល់លើព្រះចន្ទ នោះទាំងស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននានានៃសហរដ្ឋអាមេរិក អាចធ្វើការសម្របសម្រួលគ្នាយ៉ាងល្អ រវាងម៉ោងលើផែនដី និងម៉ោងលើព្រះចន្ទ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC (ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤)
