ហេតុអ្វីសួរថាតើ «សូរ្យគ្រាស» នៅសហរដ្ឋអាមេរិកអាចមានបញ្ហាអ្វីឬអត់? (មានវីដេអូ)

2,731

(បរទេស)៖ ជម្រាបសួបងប្អូនអ្នកតាមដាន Cambo Space ជាទីស្រលាញ់រាប់អាន, ពេលនេះខ្ញុំសូមធ្វើការបកស្រាយរឿងមួយ, ដោយសារមានបងប្អូនប្រហែល ៣ ទៅ ៤នាក់បានសួរខ្ញុំថា «តើសូរ្យគ្រាសនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នឹងមានបញ្ហាអីអត់បង?» ខ្ញុំហាក់រាងភាំងដែរ, ដំបូងប្រិយមិត្តតែម្នាក់បានសួរខ្ញុំ ខ្ញុំមិនងឿងឆ្ងល់ទេ តែដល់សួរ ៣-៤នាក់បានសាកសួរអ៊ីចឹងទៅ ខ្ញុំក៏គិតថាគួរតែបកស្រាយជូនពួកគាត់។

(Video From: Cambo Space Edu’s YouTube Channel)

ខ្ញុំដឹងថា បងប្អូនសួរខ្ញុំបែបនេះ ព្រោះបងប្អូនបានទស្សនា ព័ត៌មានខ្មែរយើងមួយចំនួន ដែលផ្សាយបំប៉ោងទាំងអត្ថន័យ និងទាំងប្រតិកម្មចំពោះ «បាតុភូតសូរ្យគ្រាស» ដែលនឹងកើតឡើងនៅសហរដ្ឋអាមេរិកនោះ។ និយាយដោយត្រង់ សូម្បីតែអ្នកម្តាយខ្ញុំក៏បានសួរខ្ញុំដែរថា «សូរ្យគ្រាសនៅនៅអាមេរិកហ្នឹងម៉េចវិញកូន?» គាត់សួរបែបនេះ ព្រោះគាត់ទើបទស្សនាវីដេអូមួយចំនួន ដែលបានផ្សព្វផ្សាយលើស (បំផ្លើសបំភ្លៃ) ពីព្រឹត្តិការណ៍នោះ។

សូរ្យគ្រាសពេញលេញ (រូបភាពពី NASA)

បងប្អូន… ពាក្យថា «សូរ្យគ្រាស» គឺជា «សូរ្យគ្រាស» នឹងហើយ… «វាជាបាតុភូតធម្មជាតិ» ដែលតែងតែកើតឡើងយ៉ាងកម្រនៅក្នុងមួយឆ្នាំៗ ហើយប្រទេសដែលមានផ្ទៃដីធំធេងដូចជា រុស្ស៊ី កាណាដា សហរដ្ឋអាមេរិក ចិន ប្រេស៊ីល និងអូស្ត្រាលីជាដើម គឺមានភាគរយខ្ពស់ជាងគេបំផុត ក្នុងការជួបប្រទះបាតុភូត «សូរ្យគ្រាសពេញលេញ»Total Solar Eclipse នៅក្នុងមួយឆ្នាំៗ។ ឥលូវនេះ ខ្ញុំសូមពន្យល់ដោយចែកជាចំណុចខ្លីៗដូចខាងក្រោម៖

១៖ ប្រភេទនៃសូរ្យគ្រាស និងចំនួនជាមធ្យមដែលកើតឡើងក្នុងមួយឆ្នាំៗ

សម្រាប់ប្រភេទនៃសូរ្យគ្រាស Cambo Space ធ្លាប់បានពន្យល់ជូនបងប្អូនរួចមកហើយ នោះគឺមាន ៣ ប្រភេទជាចម្បងគឺ៖ Total Solar Eclipse៖ សូរ្យគ្រាសពេញលេញ ឬពេញបរិបូណ៌, Annular Solar Eclipse ឬ Eclipse Ring of Fire៖ ជាពេលព្រះចន្ទគោចរមកបិទបាំងពន្លឺព្រះអាទិត្យ តែមិនជិះទេ (សល់រង្វង់ដូចកងភ្លើងព័ទ្ធជុំវិញ), Partial Solar Eclipse៖ សូរ្យគ្រាសដោយផ្នែក (អាចមានទី៤ដែលកម្រនោះគឺ Hybrid Solar Eclipse)

ប្រភេទនៃសូរ្យគ្រាស (រៀបរៀងដោយ Cambo Space)

សូរ្យគ្រាសគ្រប់ប្រភេទជាទូទៅអាចកើតឡើងចាប់ពី ទៅ ៥ដងក្នុងមួយឆ្នាំៗ នៅលើទីតាំងនានារបស់ផែនដី ខណៈសូរ្យគ្រាសពេញលេញ (Total Solar Eclipse) វិញ តែងកើតមានឡើងតែរៀងរាល់ ១៨ខែម្តងប៉ុណ្ណោះ នៅទីតាំងណាមួយនៃផែនដី (អាចចំលើមហាសមុទ្រ ឬផ្ទៃដី) ហើយប្រភេទ Total Solar Eclipse នេះទៀតសោត ក៏អាចកើតឡើងតែក្នុងរង្វង់ ៣៧៥ឆ្នាំម្តងប៉ុណ្ណោះ នៅលើទីតាំងដដែលណាមួយ (ឧទាហរណ៍៖ សូរ្យគ្រាសមួយឆ្នូតដូចអ្វីដែលនឹងអូសកាត់ប្រទេសម៉ិកស៊ិក, សហរដ្ឋអាមេរិក និងកាណាដានោះ នឹងអាចកើតឡើងបែបនោះម្តងទៀតនៅរយៈពេល ៣៧៥ឆ្នាំក្រោយ), នេះបើតាមការគូសបញ្ជាក់ដោយអង្គការ NASA

២៖ ដំណើរសូរ្យគ្រាសនៅម៉ិកស៊ិក អាមេរិក និងកាណាដា

បើគិតតាមម៉ោង EDT នៅភាគខាងកើតសហរដ្ឋអាមេរិក (EDT យឺតជាងម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ១ម៉ោង និងយឺតជាងម៉ោងនៅភ្នំពេញ ១១ម៉ោង) សូរ្យគ្រាសនឹងចាប់ផ្តើមនៅវេលាម៉ោង ១៖០៧នាទីរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ រួចនឹងបញ្ចប់ទៅវិញនៅវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃដដែល។ ដូច្នេះមានន័យថា ព្រឹត្តិការណ៍សូរ្យគ្រាសពេញលេញនៅអាមេរិក នឹងមានរយៈពេល ២ម៉ោង និង ២៣នាទី

បើគិតពីម៉ោងនៅកម្ពុជាវិញ នោះនឹងជាពេលរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ទៅហើយ។ ដូច្នេះបងប្អូនមិនគួររង់ចាំទស្សនាការ Live ផ្ទាល់អ្វីនោះទេ (សូមគេងឲ្យឆ្អែត និងរក្សាសុខភាពឲ្យល្អវិញទៅ) ដោយរង់ចាំព្រឹកឡើងសឹមមើលវីដេអូ និងរូបភាពគេថតស្រាប់ៗហើយក៏បានដែរ។

ការទស្សនាសូរ្យគ្រាសកន្លងមកនៅសហរដ្ឋអាមេរិក (រូបភាពពីបរទេស)

យោងតាមវីដេអូពីអង្គការ NASA ដំណើរសូរ្យគ្រាសនៅម៉ិកស៊ិក ដែលបងប្អូនឃើញសញ្ញា 3m និង 4m នោះគឺតំណាងឲ្យរយៈពេល ៣នាទី និង ៤នាទី ដែលជាថេរវេលាឲ្យអ្នកនៅតំបន់នោះ អាចមើលឃើញសូរ្យគ្រាសពេលពេញលេញ (នឹងមានការពន្យល់ក្នុងវីដេអូ)។ បើនិយាយជារួម សូរ្យគ្រាសនឹងអូសកាត់ទឹកដីម៉ិកស៊ិកមុន រួចទើបបន្តទៅកាន់សហរដ្ឋអាមេរិក ហើយនឹងបញ្ចប់ត្រឹមប្រទេសកាណាដា។

៣៖ តើសូរ្យគ្រាសនេះមានបញ្ហា…? តើប្រទេសកាណាដាបិទសាលា? តើសហរដ្ឋអាមេរិកក្រើនរំលឹកប្រជាជនអ្វីខ្លះ?

សម្រាប់នៅប្រទេសកាណាដា ខេត្ត និងក្រុងដែលនឹងមើលឃើញ សូរ្យគ្រាសពេញលេញនោះ បានប្រកាសឲ្យបិទសាលាមត្តេយ្យ និងបឋមសិក្សាជាដើម នៅចំថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នោះតែម្តង ហើយសាលារៀនដូចគ្នានៅតាមរដ្ឋមួយចំនួនរបស់អាមេរិក ដែលស្ថិតតាមគន្លងធ្វើដំណើររបស់ សូរ្យគ្រាសពេញលេញ នោះក៏ដូចគ្នាដែរ។

ហេតុអ្វីត្រូវបិទសាលារៀន? ពីព្រោះក្មេងៗស្ថិតក្នុងវ័យពិបាកគ្រប់គ្រង ដូច្នេះអាជ្ញាធរកំពុងណែនាំឲ្យអាណាព្យាបាល ថែរក្សាពួកគេឲ្យនៅក្នុងផ្ទះ ឬប្រសិនបើចង់ទស្សនាខ្លាំងត្រូវរកវ៉ែនតាការពារពន្លឺត្រឹមត្រូវ ដែលប្រើប្រាស់សម្រាប់តែទស្សនាសូរ្យគ្រាសប៉ុណ្ណោះ។

  • ចំណាត់ការចំពោះសត្វចិញ្ចឹម៖ សត្វចិញ្ចឹមដូចជា ឆ្កែ និងឆ្មាជាដើម គឺភាគច្រើនតែងតែស្លន់ស្លោ ពេលឃើញមនុស្សច្រើន ឬក៏ពេលមេឃសុខៗងងឹតស្លប់ ខុសប្រក្រតី។ ដូច្នេះគួរទុកពួកវានៅក្នុងផ្ទះ ឬទ្រុងឲ្យបានត្រឹមត្រូវអំលុងការកើតមានសូរ្យគ្រាសពេញលេញនោះ។
  • ត្រៀមទុកចំណីអាហារ៖ សម្រាប់សហរដ្ឋអាមេរិក ឲ្យតែមានព្រឹត្តិការណ៍បែបនេះម្តងៗ គឺទីក្រុង និងរដ្ឋនៅតាមបណ្តោយផ្លូវសូរ្យគ្រាស តែងតែមានមនុស្សមកពីរដ្ឋផ្សេងៗ មករង់ចាំទស្សនាយ៉ាងកកកុញ, តាមដងផ្លូវ, ហាង, ភោជនីយដ្ឋាន និងផ្សារទំនើបជាដើម។ ប្រជាជនត្រូវបានណែនាំឲ្យទិញចំណីអាហារ និងរបស់របរប្រើប្រាស់ចាំបាច់រក្សាទុកជាមុន ដើម្បីបង្ការការខ្វះខាត ឬដាច់ស្តុកភ្លាមៗ នៅអំឡុងថ្ងៃនោះ។
  • ប្រុងប្រយ័ត្នភាពកកកុញ៖ សារព័ត៌មាន ABC7 New York បានគណនាថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នឹងក្លាយជាការព្រឹត្តិការណ៍ទស្សនា, ថតរូប និង Live វីដេអូ ធំបំផុតក្នុងប្រវត្តិសាស្ត្រសហររដ្ឋអាមេរិក ដោយគ្រាន់តែរដ្ឋនៅតាមបណ្តោយផ្លូវសូរ្យគ្រាសនោះស្រាប់ គឺមានប្រជាជនរស់នៅជាង ៣២លាននាក់ទៅហើយ ខណៈមនុស្សជាច្រើនទៀតនឹងធ្វើដំណើរពីរដ្ឋធានា ទៅទស្សនាផ្ទាល់ផងដែរ។
ផែនទីសូរ្យគ្រាសនៅសហរដ្ឋអាមេរិកសម្រាប់ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ (រូបភាពពី abc)

សរុបសេចក្តីមក នេះជាព្រឹត្តិការណ៍សូរ្យគ្រាសដ៏កម្របំផុតមួយ ដែលអាចឲ្យសហរដ្ឋអាមេរិកមើលឃើញ តែក៏មិនមានអ្វីត្រូវបានគិតថា ជាបញ្ហាត្រូវប្រកាសអាសន្ន ឬព្រួយបារម្ភអ្វីនោះដែរ។ ការព្រួយបារម្ភទាំងឡាយ គឺទៅលើសកម្មភាពរបស់មនុស្សទៅវិញទេ ដូចអ្វីដែលអាជ្ញាធរសហរដ្ឋអាមេរិក និងកាណាដា បានក្រើនរម្លឹកទៅកាន់ប្រជាជនរបស់ខ្លួន សម្រាប់ថ្ងៃពិសេសនោះឯង៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/Sky News (ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤)

480×240 Banner