បំភ្លេចឆ្នាំ2070សិន! កម្ពុជានឹងជួបបាតុភូត«សូរ្យគ្រាសដោយផ្នែក»នៅឆ្នាំ2031 (មានវីដេអូ)

1,209

(ភ្នំពេញ)៖ គ្រាន់តែបានដឹងឮថា កម្ពុជានឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០៧០ ដើម្បីភ្លក្សរសជាតិនៃការទស្សនា «សូរ្យគ្រាសពេញលេញ ឬ Total Solar Eclipse» ដូចនៅសហរដ្ឋអាមេរិកនោះ បងប្អូនជាច្រើន (រួមទាំងរូបខ្ញុំ) មានការខកចិត្តជាខ្លាំង។ តែមិនថ្វីទេ ព្រឹត្តិការណ៍ស្រដៀងគ្នានេះ នឹងចូលមកលួងចិត្ត ហើយក៏នៅសល់ពេលមិនដល់ ១ទសវត្សរ៍ទៀតដែរ ក្នុងការរង់ចាំ។

(Video From: Cambo Space Edu’s YouTube Channel)

ឥលូវនេះ ចូរនាំគ្នាបំភ្លេចចោលឆ្នាំ២០៧០ នោះសិនទៅ ហើយមកត្រៀមខ្លួនដើម្បីទស្សនាសូរ្យគ្រាសពិសេសមួយវិញ នោះគឺ «សូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Solar EclipseEclipse Ring of Fire)» ដែលប្រទេសកម្ពុជាយើងអាចឃើញដោយផ្នែក (Partial Eclipse) តែក៏អាចទៅទស្សនានៅប្រទេសក្នុងតំបន់យើងបាន ប្រសិនបើបងប្អូនមួយចំនួនមានលទ្ធភាព ហើយចង់ទទួលបាន បទពិសោធន៍ដ៏កម្របំផុត ដែលមិនងាយកើតមានលើប្រទេសយើងនេះ ដោយផ្ទាល់ភ្នែក។

  • សូរ្យគ្រាសកងភ្លើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១

ព្រឹត្តិការណ៍ សូរ្យគ្រាសចិញ្ចៀងភ្លើង ឬកងភ្លើង (Annular Solar Eclipse ឬ Eclipse Ring of Fire) នឹងអូសកាត់ពីលើតំបន់អាហ្វ្រិក មហាសមុទ្រឥណ្ឌា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (នៅសល់ពេល ៧ឆ្នាំទៀត)

យោងតាមផែនទីសូរ្យគ្រាសពីវែបសាយ Time and Date សូរ្យគ្រាសកងភ្លើង (Annular Solar Eclipse) ក្នុងកម្រិតពេញលេញ នឹងអូសកាត់ដំបូងគេលើប្រទេស អង់ហ្គោឡា, ហ្សាំប៊ី និងតង់ហ្សានី (នៅតំបន់អាហ្វិក) រួចក៏អូសកាត់ដែនសមុទ្រ អារ៉ាប់ (Arabian Sea) នៃមហាសមុទ្រឥណ្ឌា, ភាគខាងត្បូងប្រទេសឥណ្ឌា និងភាគខាងជើងប្រទេសស្រីលង្ហា (នៃតំបន់អាស៊ីខាងត្បូង)

សូរ្យគ្រាសកងភ្លើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (Credit: Time and Date)

ងាកមកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ គឺខេត្តមួយចំនួននៃភាគខាងត្បូងថៃ, រដ្ឋភាគខាងជើងប្រទេសម៉ាឡេស៊ី ដែលជាប់នឹងព្រំដែនថៃ, រដ្ឋសារ៉ាវ៉ាក (Sarawark) ប្រទេសម៉ាឡេស៊ីដែលជាប់នឹងឥណ្ឌូណេស៊ី, កោះធំ ប័រណេអូ (Borneo) ឬកាលីម៉ាន់តាន់ នៃប្រទេសឥណ្ឌូណេស៊ី, កោះស៊ូឡាវេស៊ីភាគកណ្តាល និងកោះជាច្រើនទៀតនៅជិតដល់ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី

% នៃសូរ្យគ្រាសដោយផ្នែកនៅក្រុងព្រះសីហនុ​,ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (Credit: Time and Date)

សម្រាប់ប្រទេសកម្ពុជាយើង គឺនឹងអាចមើលឃើញ «សូរគ្រាសដោយផ្នែក» នោះក្នុងរង្វង់ ៧៩% ចុះដល់ ៦០% នៅទូទាំងប្រទេស ដែលចាត់ទុកថាជាកម្រិតខ្ពស់គួរសម។ យោងតាមផែនទីសូរ្យគ្រាសពី Time and Date ដដែល យើងអាចកំណត់បានថា បណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាពិសេសកោះពូលូវ៉ៃរបស់កម្ពុជា នឹងអាចមើលឃើញកម្រិត ៧៨.៨៦% នូវសូរ្យគ្រាសកងភ្លើងក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១នោះ ខណៈក្រុងព្រះសីហនុ នឹងមើលឃើញកម្រិត ៧៦%, រាជធានីភ្នំពេញក្បែរកម្រិត ៧១% និងតំបន់ឆ្ងាយជាងគេ គឺកន្ទុយនាគ (មុំបីរវាងកម្ពុជា ឡាវ និងវៀតណាម) អាចមើលឃើញក្បែរៗកម្រិត ៦០%

% នៃសូរ្យគ្រាសដោយផ្នែកនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ្នំពេញ, នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (Credit: Time and Date)

សម្រាប់ដែនដីមុនគេរបស់កម្ពុជានោះគឺប្រជុំកោះ ពូលូវ៉ៃ សូរ្យគ្រាសកងភ្លើងដោយផ្នែកនឹងចាប់ផ្តើមនៅវេលាម៉ោង ១៤៖០៥នាទី, ពេលលេញកម្រិត ៧៨.៨៦% នៅវេលាម៉ោង ១៥៖៤៧នាទី និងបញ្ចប់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១៧៖០៩នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ ហើយថេរវេលានេះ គឺខុសគ្នាតិចតួចបំផុតរវាងតំបន់ផ្សេងៗទៀតរបស់កម្ពុជាព្រោះប្រទេសយើងមានផ្ទៃដីតូច។

% នៃសូរ្យគ្រាសដោយផ្នែកលើកោះពូលូវ៉ៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (Credit: Time and Date)
  • តើកម្ពុជាយើងនឹងមើលឃើញសូរ្យគ្រាសនៅឆ្នាំ២០៣១ នោះដូចម្តេច?

សូរ្យគ្រាសកងភ្លើងក៏មានកម្រិតពេញលេញរបស់វាដែរ នោះគឺនៅពេលដែលព្រះចន្ទគោចរមកបិទបាំងពន្លឺព្រះអាទិត្យដែរតែមិនជិត ១០០% នោះទេ និងនាំឲ្យយើងឃើញមាន «កងភ្លើង ឬចិញ្ច្រៀនភ្លើង» ដែលជាវត្តមានព្រះអាទិត្យនៅសល់ព័ទ្ធជុំវិញថាសមូលពណ៌ខ្មៅមួយ ដែលជាព្រះចន្ទនោះឯង។ ប្រទេសដែលមើលឃើញកម្រិតកងភ្លើងពេញលេញ គឺត្រូវបានបញ្ជាក់ដូចខាងលើរួចមកហើយ។

នេះជាទិដ្ឋភាពសូរ្យគ្រាសដោយផ្នែក ដែលយើងអាចមើលឃើញនៅកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០៣១ (រូបភាពដើមពីបរទេស)

ដោយឡែកសម្រាប់កម្ពុជាយើងវិញ វាត្រូវបានហៅថា សូរ្យគ្រាសដោយផ្នែក (Partial Solar Eclipse) ទៅវិញ ព្រោះនឹងមិនពេញលេញដូចនៅភាគខាងត្បូងថៃ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនោះឡើយ។ សម្រាប់សូរ្យគ្រាសលើកោះពូលូវ៉ៃដែលនឹងមានកម្រិត ៧៨.៨៦% ឬសូម្បីតែក្រុងព្រះសីហនុក្នុងកម្រិត ៧៦% នោះ នឹងអាចឲ្យយើងមើលឃើញពេញភ្នែកគួរសម ព្រោះកម្រិតនេះគឺល្មមគ្រប់គ្រាន់នឹងឲ្យយើងឃើញស្រមោលខ្មៅធំមួយ បាំងបិទមួយផ្នែកធំនៃពន្លឺព្រះអាទិត្យឲ្យរាងងងឹត ចំពេលរសៀលជ្រាលជ្រេដែលព្រះអាទិត្យ កំពុងស្ថិតនៅលើមេឃពីលើផ្ទៃសមុទ្រភាគខាងលិចប្រទេសថែមទៀត… «គ្រាន់តែនឹកស្រមៃត្រួសៗ ក៏មានអារម្មណ៍ថាអស្ចារ្យមុនរួចស្រេចបាត់ទៅហើយ»។

  • តើមុនទៅដល់ឆ្នាំ២០៣១ យើងអាចមើលឃើញសូរ្យគ្រាសអ្វីផ្សេងទៀតទេ?

គិតចាប់ពីឆ្នាំ២០២៤ នេះដល់ឆ្នាំ២០៣០ កម្ពុជាយើងក៏នឹងមើលឃើញ សូរ្យគ្រាសដោយផ្នែក (Partial Solar Eclipse) ចំនួន ២ លើកដែរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតីចតួចបំផុតដូចជាខាងក្រោម៖

ទី១៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៧, អាចថាពិបាកទស្សនានឹងភ្នែក ឲ្យដឹងថាវាកើតឡើង ព្រោះស្ថិតក្នុងកម្រិតតិចតួចពេក។ សម្រាប់ទីក្រុងភ្នំពេញ នឹងមើលឃើញក្នុងកម្រិត ១២% ប៉ុណ្ណោះ ខណៈក្រុងព្រះសីហនុអាចមើលឃើញ ១៥.៥% និងកោះពូលូវ៉ៃ មើលឃើញដល់ ១៧.៣៣%។ នេះអាចថាពិបាកនឹងមើឃឃើញ ព្រោះកម្រិតអតិបរមានៃសូរ្យគ្រាសដោយផ្នែកនោះ នឹងកើតឡើងនៅម៉ោង ១៨៖២៨នាទីល្ងាចថ្ងៃនោះ (ព្រះអាទិត្យជិតលិចបាត់)។

(Credit: Time and Date)

ទី២៖ ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៨, អាចថាល្មមទស្សនាដឹងបានថា មានសូរ្យគ្រាសដោយផ្នែកកើតឡើង។ សម្រាប់ទីក្រុងភ្នំពេញនឹងអាចមើលឃើញខ្ទង់ ២៤.១២%, ក្រុងព្រះសីហនុ ២៧.១២% និងកោះពូលូវ៉ៃរហូតដល់ទៅ ២៨.៧៨% ហើយសូរ្យគ្រាសដោយផ្នែកក្នុងថ្ងៃនោះ នឹងឈានដល់កម្រិតអតិបរមានៅវេលាម៉ោង ៨៖៤១នាទីព្រឹក (នឹងងាយឲ្យទស្សនាព្រោះជាពេលព្រឹក និងមិនសូវក្តៅផងដែរ)។

(Credit: Time and Date)

សូមបញ្ជាក់ប្រាប់បងប្អូនថា កម្រិតជា % ទាំងអស់ដែលត្រូវបានលើកឡើងនេះ គឺចង់សម្តៅទៅលើកម្រិតដែលវត្តមានព្រះចន្ទអាចបិទបាំងពន្លឺព្រះអាទិត្យ មិនឲ្យចាំងមកលើទឹកដីកម្ពុជាយើងនោះឯង ព្រោះសូរ្យគ្រាសជាពេលដែលព្រះចន្ទស្ថិតនៅចន្លោះរវាងផែនដី និងព្រះអាទិត្យ ក្នុងខ្សែបន្ទាត់តែមួយ។ បន្ថែមពីនេះ ការរើសយកកោះពូលូវ៉ៃ និងក្រុងព្រះសីហនុមកជាឧទាហរណ៍ ព្រោះកោះពូលូវ៉ៃនេះជាដែនដីឆ្ងាយជាងគេបំផុតរបស់កម្ពុជា ដែលស្ថិតនៅក្នុងឈូងសមុទ្រ និងមានចម្ងាយជិត ១០០km ពីក្រុងព្រះសីហនុ ហើយក៏ជាតំបន់ដែលអាចមើលឃើញ ព្រឹត្តិការណ៍នោះ ក្នុងកម្រិតខ្ពស់ជាងទីកន្លែងផ្សេងៗរបស់កម្ពុជាផងដែរ៕

(Video From: Cambo Space Edu’s YouTube Channel)

រៀបរៀងដោយ៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិគ្រប់យ៉ា់ង៖ Cambo Space)
ប្រភព៖ Time and Date (ថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤)

480×240 Banner