Oops! អាចម៍ផ្កាយទំហំប៉ុនរថយន្ត «ហោះកៀកផែនដីខ្លាំង» កាលពីថ្ងៃម្សិលមិញ (១១មេសា)

765

(បរទេស)៖ មន្ទីរអង្កេតតារា Pan-STARRS 2 Observatory ដែលមានមូលដ្ឋានលើកោះ ម៉ាវអ៊ី (Maui) នៃរដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានប្រកាសទាំងមុន និងក្រោយពីការហោះកៀកភពផែនដីយើង ដោយអាចម៍ផ្កាយខ្នាតតូចមួយដុំ ដែលមានទំហំប៉ុនរថយន្តមួយគ្រឿង។

ក្រុមជំនាញនៃមន្ទីរ Pan-STARRS 2 អះអាងថា អាចម៍ផ្កាយខាងលើនេះអាចមានមុខកាត់ចន្លោះពី ២.៥ម៉ែត្រ ទៅ ៥ម៉ែត្រ ហើយវាមានឈ្មោះថា 2024 GJ2។ ការគោចរមកកៀកភពផែនដី ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នោះ គឺនៅក្នុងគម្លាតតែ ១៨,៧០០km តែប៉ុណ្ណោះ ដែលនេះពិតជាកៀកខ្លាំងណាស់ ខណៈបណ្តាញផ្កាយរណបអង្កេតទីតាំងភូមិសាស្ត្ររបស់ផែនដី គោចរក្នុងគម្លាតរហូតដល់ ៣៥,៧៨៥km ពីផ្ទៃផែនដី។

រូបតំណាងអាចម៍ផ្កាយខ្នាតតូចគោចរកៀកផែនដី (រូបភាពពីបរទេស)

2024 GJ2 ស្ថិតនៅក្នុងជំពូកអាចម៍ផ្កាយអាប៉ូឡូ (Apollo asteroids) ដែលជាពពួកដុំថ្មអវកាសខ្នាតតូច ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់ទុកថា ជាពពួកអាចម៍ផ្កាយតូចៗដែលមានឱកាសអាចហោះកាត់ផែនដី នៅក្នុងគម្លាតយ៉ាងកៀក និងត្រូវធ្វើការតាមដានយ៉ាងដិតដល់។ ក្នុងករណី 2024 GJ2 នេះ ក្រុមអ្នកវិទ្យាសាស្ត្របានសង្កេតឃើញ និងជូនដំណឹង មុន២ថ្ងៃនៃការមកដល់របស់វា។

មន្ទីរអង្កេតតារា Pan-STARRS នៅហាវ៉ៃ (រូបភាពពីបរទេស)
  • តើនឹងមានអ្វីកើតឡើងបើ 2024 GJ2 ធ្លាក់មកលើផែនដី?

ក្រុមអ្នកជំនាញ ESA បានអះអាងថា ទោះបីជា 2024 GJ2 ធ្លាក់មកលើផែនដី ក៏វាមិនអាចបង្កគ្រោះថ្នាក់អ្វីនោះដែរ។ សម្រាប់ដុំថ្មអវកាសទំំហំ ២.៥ម៉ែត្រ – ៥ម៉ែត្របែបនេះ ពេលធ្លាក់ចូលក្នុងដែនទំនាញផែនដី និងបុកបរិយាកាសនោះនឹងផ្ទុះបែកខ្ទេចខ្ទីអស់ នៅក្នុងស្រទាប់បរិយាកាសផែនដីជាក់មិនខាន។

ការគោចរកៀកផែនដីដោយ 2024 GJ2 (រូបភាពពី NASA/ESA)

គួរបញ្ជាក់តាម ESA ទៀតថា អាចម៍ផ្កាយខ្នាតតូចឈ្មោះ 2024 GJ2 នោះនឹងមកកៀកផែនដីយើងម្តងទៀតនៅឆ្នាំ២០៩៣ ឯណោះ។ គិតមកទល់ឆ្នាំ២០២៤នេះ អង្គការ NASA បានរកឃើញវត្ថុអវកាស ឬអាចម៍ផ្កាយកៀកៗផែនដី (Near Earth Objects ឬ NEOs) សរុបជិត ៣៥,០០០ដុំហើយ ក្នុងនោះមួយចំនួនតូច អាចមានលទ្ធភាពបង្កបញ្ហាដល់ផែនដី…។ ហេតុដូច្នេះហើយទើបការសង្កេត និងសិក្សា តែងតែធ្វើឡើងយ៉ាងដិតដល់បំផុតចំពោះវត្ថុអវកាសទាំងអស់នេះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/ESA/SPACE (ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤)

480×240 Banner