ជាលើកដំបូង ដែលរកឃើញប្រហោងខ្មៅ (Black Hole) ធំបែបនេះ ស្ថិតនៅកៀកផែនដី! (មានវីដេអូ)

4,736

(បរទេស)៖ ការរកឃើញប្រហោងខ្មៅ (Black Hole) ថ្មីៗនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ឬសូម្បីតែនៅក្នុងកាឡាក់ស៊ីនានានៃចក្រវាល អាចថាជារឿងធម្មតាៗទៅហើយ សម្រាប់បច្ចុប្បន្នកាលនេះ។ ប៉ុន្តែ, ការរកឃើញប្រហោងខ្មៅធំ និងស្ថិតនៅកាន់តែកៀកៗនឹងប្រព័ន្ធព្រះអាទិត្យយើង ពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍មិនស្ងប់ បើទោះបីជាការពិត Black Hole ទាំងអស់នោះ មិនមែនជាការគំរាមកំហែង ដល់យើងសោះក៏ដោយ។

(Video From: Cambo Space Edu’s YouTube Channel)
រូបតំណាង Stellar Mass Black Hole (រូបភាពពី WTTW)

Black Hole ធំថ្មី ដែលទើបត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ នៅក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានឈ្មោះថា ហ្កៃយ៉ា BH3 (Gaia BH3) ស្ថិតនៅចម្ងាយមិនដល់ ២,០០០ឆ្នាំពន្លឺពីផែនដីនោះឡើយ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ នេះមិនមែនជាប្រហោងខ្មៅនៅកៀកយើងបំផុត ដែលត្រូវបានរកឃើញមកទល់នឹងបច្ចុប្បន្ននោះឡើយ ដោយប្រហោងខ្មៅនៅកៀកផែនដីបំផុត និងត្រូវបានបញ្ជាក់វត្តមានជាផ្លូវការនោះគឺ Gaia BH1 ដែលមានចម្ងាយប្រមាណ ១,៥៦០ឆ្នាំពន្លឺពីភពផែនដី។

វត្តមានរបស់ Gaia BH1 BH2 និង BH3 នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ (រូបភាពពី ESA/ESO)

បើនិយាយទៅលើម៉ាសវិញ ប្រហោងខ្មៅ Gaia BH1 ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០២២នោះ គឺស្មើតែ «៩.៦ដង» នៃម៉ាសរបស់ព្រះអាទិត្យយើងប៉ុណ្ណោះ ខណៈ Gaia BH3 ដែលទើបរកឃើញក្តៅៗនៅក្នុងឆ្នាំ២០២៤នេះវិញ មានម៉ាសស្មើនឹង «៣៣ដង» នៃម៉ាសព្រះអាទិត្យ។ ដោយឡែកប្រហោងខ្មៅកៀកផែនដីគួរសមមួយទៀត ឈ្មោះ Gaia BH2 ដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធភ្លោះ (binary system) ជាមួយតារាយក្សក្រហមមួយទៀតនោះ ស្ថិតនៅចម្ងាយ ៣,៨០០ឆ្នាំពន្លឺពីផែនដី និងត្រូវបានរកឃើញកាលពីឆ្នាំ២០២៣

ប្រហោងខ្មៅថ្មី Gaia BH3 គោចរជុំវិញដោយផ្កាយធំមួយដួងយ៉ាងរន្ថាន់ចុះឡើងៗ (Image credit: ESO/L. Calçada)

ប្រហោងខ្មៅប្រភេទដូចជា Gaia BH3 នោះតែងតែកកើតឡើង នៅក្រោយពេលតារាយក្សណាមួយអស់ឥន្ធនៈសម្រាប់ទ្រទ្រង់ចំហេះតទៅទៀត ហើយក៏ដួលរលំ (ផ្ទុះ) រួចទើបបង្កើតចេញទៅជា Black Hole ភ្លាមៗតែម្តង។ កន្លងមក Black Hole ធំគួរសមមួយ ល៏ត្រូវបានចាត់ទុកថាកៀកនឹងផែនដីដែរ នោះគឺ Cyg X-1 (មានម៉ាសស្មើនឹងព្រះអាទិ្យយើង ២០ដង) ស្ថិតនៅក្នុងតារានិករ Cygnus និងមានចម្ងាយជាង ៦,០០០ឆ្នាំពន្លឺពីផែនដី។

តើនេះជាលើកដំបូងឬ? ប្រាកដណាស់, ការរកឃើញ Gaia BH3 នៅក្នុងកម្រិតម៉ាស ៣៣ដងនៃព្រះអាទិត្យយើងនេះ គឺត្រូវបានចាត់ទុកជា «Black Hole ខ្នាតធំកម្រិតនេះដំបូង» ដែលត្រូវបានបញ្ជាក់ជាផ្លូវការថា ស្ថិតនៅកៀកផែនដីក្នុងរយៈចម្ងាយមិនដល់ ២,០០០ឆ្នាំពន្លឺ។ សម្រាប់ Gaia BH3 នេះត្រូវបានចាត់ទុកថា មានម៉ាសធ្ងន់ និងមាឌធំហើយនៅក្នុងចង្កោមនៃពពួក Black Hole កម្រិត Stellar ដែលមានម៉ាសជាមធ្យមប្រមាណ «១០ដង» នៃម៉ាសរបស់ព្រះអាទិត្យនោះ។

ការប្រៀបធៀបទំហំ Black Hole មុនៗ និងក្រោយ (រូបភាពពី Sky News)

គួរបញ្ជាក់ថា Gaia BH3 ក៏មិនខុសពី Gaia BH1 និង BH2 ដែរ នោះគឺវាត្រូវបានរកឃើញតេឡេស្កូបអវកាស Gaia របស់អឺរ៉ុប ដែលកំពុងគោចរក្នុងគន្លង L2 (Lagrange Point 2) មានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី។ ដោយសារតែ Gaia BH3 ជាប្រភេទ Black Hole ដែលមានសភាពស្ងប់ស្ងាត់ ឬលាក់ខ្លួន ដូច្នេះវាតម្រូវតេឡេស្កូបអវកាស Gaia សម្ងំដើម្បីមើលបម្រែបម្រួលនៃពន្លឺផ្កាយនានា នៅត្រង់តំបន់ដែលគេសង្ស័យថា អាចមាន Black Hole នោះ។

តេឡេស្កូបអវកាស Gaia (រូបភាពពីបរទេស)

ក្រោយការសង្កេត នៅទីបំផុតក្រុមតារាវិទូដែលគ្រប់គ្រងលើ Gaia បានដឹងថា តំបន់ខ្មៅដែលផ្កាយធំមួយដួងកំពុងគោចរជុំវិញយ៉ាងរន្ថាន់ចុះឡើងៗនោះ គឺជាប្រហោងខ្មៅលាក់ខ្លួន ដែលមានម៉ាសស្មើនឹង ៣៣ដង នៃម៉ាសរបស់ព្រះអាទិត្យ និងមានចម្ងាយមិនដល់ ២,០០០ឆ្នាំពន្លឺពីផែនដីនោះឡើយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/ESO (ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤)

480×240 Banner