ខុមមិន168នាំសំណាង? នេះត្រឹមជារូបភាពថតដោយយាន Curiosity លើភពអង្គារប៉ុណ្ណោះ (មានរូបភាព)

2,027

(បរទេស)៖ រូបភាពមួយចំនួនដែលត្រូវបានថតដោយ យានស្រាវជ្រាវភពអង្គារ Curiosity ដែលកំពុងស្ថិតនៅក្នុងរណ្តៅ Gale Crater អាចពង្វក់អារម្មណ៍យើងឲ្យនឹកគិតទៅដល់ស្រកានាគ ព្រោះតែទម្រង់ដុំថ្មទាំងឡាយដូចក្នុងរូបភាពទាំងអស់នេះ។ យ៉ាងណាក៏ដោយ នេះត្រឹមជាគំនិតបែបរវើរវាយប៉ុណ្ណោះ ហើយក៏មិនគួរយករូបនេះទៅដាក់ឲ្យគេឯង «ខុមមិន 168» ដើម្បីឲ្យលាភជ័យហូរចូលពេញផ្ទះនោះដែរ។

បណ្តុំថ្មក្រលាៗដូចស្រកានាគថតដោយយាន Curiosity (រូបភាពពី NASA/JPL-Caltech)

រូបភាពទាំងអស់នេះត្រូវបានថតក្នុងបេសកកម្មថ្ងៃទី ៤,១៥៧ ដល់ថ្ងៃទី ៤,១៥៨ (នៃពេលវេលាលើភពអង្គារ) របស់យាន Curiosity និងត្រូវបានបញ្ជូនមកផែនដី កាលពីថ្ងៃទី១៥ – ១៦ ខែមេសា ឆ្នាំ២០២៤។ នេះជាការផ្តិតរូបភាពធម្មតាៗទៅហើយដោយយាន Curiosity ព្រោះវាមានតួនាទីសង្កេតទិដ្ឋភាពប្លែកក្នុងរណ្តៅ Gale Crater ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដឹងថា ជាអតីតបឹងស្តុកទឹកធំមួយលើភពអង្គារនោះ។ ប៉ុន្តែ, ហេតុអ្វីដុំថ្មទាំងអស់នោះ មានសភាពដូចស្រកានាគបែបនោះ?

បណ្តុំថ្មក្រលាៗដូចស្រកានាគ (រូបភាពពី NASA/JPL-Caltech)

ជាការពិតណាស់ យាន Curiosity នៅតែបន្តចល័តសន្សឹមៗឡើងភ្នំ Mount Sharp ដែលជាទីទួលនៅចំកណ្តាល Gale Crater ហើយដុំថ្ម និងទេសភាពចម្លែកៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនមកហើយត្រូវបានផ្តិតយក និងបញ្ជូនមកកាន់ភពផែនដី គិតចាប់តាំងពីវាបានចុះទៅដល់ទីនោះកាលពីឆ្នាំ២០១២។ យ៉ាងណាក៏ដោយ បណ្តុំថ្មថ្មីៗទាំងអស់នេះគឺចម្លែក និងគួរចាប់អារម្មណ៍ខ្លាំងមិនធ្លាប់មាន។

រណ្តៅ Gale Crater លើភពអង្គារ ដែលយាន Curiosity កំពុងធ្វើប្រតិបត្តិការ (រូបភាពពី NASA)

ដោយសារតែទីនោះធ្លាប់មានវត្តមាន «ទឹក» កាលពីរាប់ពាន់លានឆ្នាំមុន ហើយទឹកបានបាត់បង់ទៅវិញបន្តិចម្តងៗ បូករួមទាំងប្រភេទនៃថ្ម ឥទ្ធិពលនៃខ្យល់បក់ និងព្យុះធូលីជាប្រចាំលើភពអង្គារទៀតនោះ ទើបសណ្ឋានដី និងថ្មជាច្រើនបន្សល់ទុកនូវរូបរាងប្លែកៗ ដែលកកើតឡើងដោយសារតែការធ្លាប់មានទឹក និងខ្យល់បោកបក់ក្នុងពេលដ៏យូរ (វាមិនខុសពីបាតបឹង ឬតំបន់ធ្លាប់មានទឹកលើផែនដី ដែលនៅសេសសល់ ក្រោយទឹករីងហួតអស់បន្តិចម្តងៗនោះឡើយ)៕

យាន Curiosity (រូបភាពពី NASA/JPL-Caltech)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/JPL-Caltech (ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤)

480×240 Banner