ទិដ្ឋភាព «បឹងកម្អែលភ្លើង» លើផ្ទៃព្រះចន្ទ Io នៃភពព្រហស្បតិ៍ សង្កេតឃើញដោយយាន Juno (មានវីដេអូ)

1,915

(បរទេស)៖ រូបភាពថ្មីបានមកពីយានអវកាស ជូណូ (Juno) របស់អង្គការ NASA ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) នោះ ទើបតែបានបញ្ចេញបន្ថែមពាក់ព័ន្ធនឹង ទិដ្ឋភាពលើតំបន់ប៉ូលខាងត្បូង របស់ព្រះចន្ទ អាយអូ (Io) នៃភពឧស្ម័នយក្សនេះ ខណៈយើងគ្រប់គ្នាសុទ្ធតែដឹងហើយថា នោះជាព្រះចន្ទដែលពោពេញដោយភ្នំភ្លើង និងបឹងនៃកម្អែលភ្លើងយ៉ាងហូរហៀរ ក្នុងចំនួនច្រើនជាងគេបំផុត ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ NASA ក៏បានបង្ហាញទិដ្ឋភាព «បឹងកម្អែលភ្លើង» និង «ភ្នំស្រួច» ផងដែរ ដែលទិដ្ឋភាពទាំង ២ នេះកើតចេញពីទិន្នន័យពិតៗ ក្រោយការហោះកៀក Io បំផុតដោយ Juno កាលពីប៉ុន្មានខែមុន។

(Video From: Cambo Space Edu’s YouTube Channel)

រូបភាពដែលទើបត្រូវបានកែសម្រួល ឲ្យចេញពណ៌ធម្មជាតិនេះ ត្រូវបានថតនៅកំលុងពេលដែល Juno ហោះកាត់ io ជាថ្មីកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ខណៈការថតពីលើប៉ូលខាងត្បូង Io គឺមិនធ្លាប់ត្រូវបានធ្វើឡើងនោះឡើយពីមុនមក។ អ្នកជំនាញមួយរូបរបស់បេសកកម្ម Juno គឺលោក Scott Bolton បានលើកឡើងកាលពីថ្ងៃទី១៩ ខែមេសាថា៖ «Io គឺជាទីឋានដែលពោពេញដោយភ្នំភ្លើង (ឬការហូរកម្អែលភ្លើងបង្កើតទៅជាបឹង) ហើយយើងក៏បានសង្កេតឃើញសកម្មភាពនេះ មួយចំនួនផងដែរ…»។

ទិដ្ឋភាពនៃប៉ូលខាងត្បូងព្រះចន្ទ Io (រូបភាពពិតថតដោយ Juno) (រូបភាពពី NASA/Juno’s Team)

លោក Bolton បានគូសបញ្ជាក់បន្ថែមទៀតថា៖ «កន្លងមក, យើងបានសង្កេតមើលយ៉ាងកៀក ទៅលើបឹងនៃកម្អែលភ្លើងមួយផងដែរ ដែលមានអង្កត់ផ្ចិតរហូតដល់ ២០០គីឡូម៉ែត្រ និងមានឈ្មោះថា Loki Patera។ យើងក៏ឃើញកោះដ៏គួរឲ្យចាប់អារម្មណ៍ នៅកណ្តាលផ្ទៃបឹងនៃកម្អែលភ្លើងទាំងនោះថែមទៀត។ ការសង្កេតតាមរយៈឧបករណ៍ នៅលើខ្លួនយាន Juno បានឲ្យយើងដឹងថា ផ្ទៃបឹងនៃកម្អែលភ្លើងនោះមានសភាពថ្លាប្រៀបបីដូចជាកញ្ចក់ (ក្រោយការចុះថយសីតុណ្ហភាព) ដោយប្រការនេះបាននាំឲ្យយើងនឹកឃើញទៅដល់កញ្ចក់ obsidian ដែលត្រូវបានបង្កើតដោយកម្អែលភ្នំភ្លើងលើភពផែនដីនេះផងដែរ…»។

បឹងនៃកម្អែលភ្លើងក្រោយចុះថតសីតុណ្ហភាព និងមានប្រវែង ២០០km លើផ្ទៃព្រះចន្ទ Io (រូបភាពពី NASA/Juno’s Team)

NASA ក៏បានយកទិន្នន័យសំខាន់ៗផ្តិតបានដោយ Juno លើតំបន់អឌ្ឍគោលខាងជើងព្រះចន្ទ Io បង្កើតចេញទៅជាវីដេអូ (animation) ចំពោះភ្នំដ៏ចម្លែកមួយផងដែរ ដោយយើងអាចឃើញមានកំពូលស្រួចៗនោះ ហើយវាត្រូវបានដាក់ឈ្មោះឲ្យថា Steeple Mountain ដែលមានកម្ពស់ប្រមាណជា ៥-៧គីឡូម៉ែត្រ។ ជាច្រើនទសវត្សរ៍មកនេះ ការសិក្សាអំពីភាពសកម្មរបស់ Io នៅតែជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ជាពិសេសគឺទៅលើអតីតកាលនៃការកកើតប្រព័ន្ធព្រះអាទិត្យ ដែលបាននាំឲ្យព្រះចន្ទនេះមានសភាពដូចសព្វថ្ងៃ (ភ្នំភ្លើង បឹងកម្អែលភ្លើង និងការហូរកម្អែលភ្លើងយ៉ាងសកម្មមានជាង ៤០០ទីតាំង និងជាទីឋានដែលមានសកម្មភាពរញ្ជួយដី ច្រើនជាងគេប្រចាំក្នុងប្រព័ន្ធព្រះអាទិត្យ)។

ទិដ្ឋភាពភ្នំមានកំពូលស្រួចៗយ៉ាងចម្លែកលើផ្ទៃ Io (រូប 3D បង្កើតឡើងដោយយោងលើទិន្នន័យពិត) (រូបភាពពី NASA/Juno’s Team)

គួរបញ្ជាក់ថា យាន Juno បានហោះតែក្នុងរយៈកម្ពស់ ១,៥០០km ប៉ុណ្ណោះចំនួន ២លើក ទៅកៀកនឹងព្រះចន្ទ Io ដោយលើកទី១កាលពីអំលុងខែធ្នូ ឆ្នាំ២០២៣ និងលើកទី២នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៤។ ការហោះកៀកនឹងព្រះចន្ទ Io ដែលមានអង្កត់ផ្ចិតជាង ៣,៦៤០km (ធំជាងព្រះចន្ទផែនដីបន្តិច / ព្រះចន្ទផែនដីមានអង្កត់ផ្ចិត ៣,៤៧៤.៨km) បាននាំឲ្យ Juno ថតបានទាំងរូបភាពពិតៗផង និងទិន្ន័យសំខាន់ៗអំពីផ្ទៃ Io ផង ដើម្បីបង្កើតចេញជាវីដេអូតំណាង (វីដេអូ animation) ដែលយោងទៅលើទិន្នន័យពិតៗទាំងនោះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤)

480×240 Banner