NASA សង្គ្រោះ Voyager-1 បានសម្រេច ខណៈវាស្ថិតនៅចម្ងាយដល់ទៅ ២៤ពាន់លានkm (មានវីដេអូ)
(បរទេស)៖ អស់រយៈពេល ៥ខែមកហើយ ដែលយានអវកាស Voyager-1 របស់អង្គការ NASA បានជួបបញ្ហាដោយមិនអាចបញ្ជូនទិន្នន័យ និងឆ្លើយតបតាមការបញ្ជា ពីក្រុមការងារលើភពផែនដីឲ្យបានត្រឹមត្រូវ។ តែយ៉ាងណា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) យាននេះបានបញ្ជូនទិន្នន័យត្រឹមត្រូវ ត្រលប់មកកាន់ភពផែនដីវិញ ហើយនេះពិតជាក្តីរំភើបដ៏ធំសម្បើមមួយ សម្រាប់ក្រុមវិស្វករគ្រប់គ្រងបេសកកម្ម Voyager នៅឯមន្ទីរពិសោធន៍យាន JPL របស់ NASA។
យោងតាម NASA យានអវកាស Voyager-1 មិនអាចបញ្ជូនទិន្នន័យប្រើការបាន មកកាន់ភពផែនដីវិញតាំងតែពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ ហើយក្នុងរយៈពេល ៥ខែមកនេះ ក្រុមការងារ JPL ស្ទើរតែអស់សង្ឃឹមទៅហើយ ក្នុងការសង្គ្រោះយានដែលបានចាកចេញពីភពផែនដី តាំងតែពីឆ្នាំ១៩៧៧ មួយនេះ។ តែសំណាងល្អ ដោយសារ Voyager-1 នៅតែទទួលការបញ្ជាពីផែនដីបាន ដូច្នេះទើបការសង្គ្រោះយាននោះនៅតែស្ថិតក្នុងក្តីសង្ឃឹម ហើយនៅទីបំផុត Voyager-1 អាចបញ្ជូនទិន្នន័យត្រឹមត្រូវឡើងវិញ មកកាន់ក្រុមការងារលើភពផែនដី។
ក្រុមជំនាញ JPL នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា បញ្ហាបានកើតមានឡើងទៅលើកុំព្យូទ័រមួយក្នុងចំណោមកុំព្យូទ័រទាំង ៣ ដែលស្ថិតនៅក្នុងខ្លួនយាន Voyager-1 ឬដែលយើងតែហៅថា ប្រព័ន្ធជំនួយផ្នែកទិន្នន័យនៃការហោះហើរ (Flight Data Subsystem ឬ FDS) នោះ។ ប្រព័ន្ធ FDS នោះមានតួនាទីប្រមូលយកទិន្នន័យពីទីអវកាស និងរៀបចំរក្សាទុក ហើយបាញ់បញ្ជូនមកកាន់ភពផែនដី ប៉ុន្តែបញ្ហាបានកើតឡើង។
ក្រុមការងារ JPL បានសង្កត់ធ្ងន់ថា បញ្ហាបានកើតមានឡើងទៅលើបន្ទះឈីប (chip) មួយ ដែលមានតួនាទីរក្សាទុកមួយផ្នែកនៃទិន្នន័យនៅក្នុងអង្គចងចាំ (memory) របស់ប្រព័ន្ធ FDS ហើយក្នុងនោះក៏រួមមានទាំង code មួយចំនួននៃកម្មវិធី (software) កុំព្យូទ័ររបស់ FDS ផងដែរ។ នៅទីបំផុតក្រោយផ្លាស់ប្តូរ និងកែសម្រួលតំបន់ផ្ទុកទិន្នន័យដ៏ស្មុគស្មាញ ព្រមទាំងការសម្រេចឲ្យមានការ update ជាប្រចាំ ទើបប្រព័ន្ធដំណើរការក្នុងខ្លួនយាន Voyager-1 វិលមកកាន់ភាពប្រក្រតីវិញ។
គួរបញ្ជាក់ថា យាន Voyager-1 គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គឺមានចម្ងាយខ្ទង់ ២៤ពាន់លានគីឡូម៉ែត្រពីផែនដី។ ប្រការនេះមានន័យថា ការបញ្ជាអ្វីមួយទៅកាន់ Voyager-1 បានប្រើពេល ២២ម៉ោងកន្លះទើបទៅដល់ ហើយក្រុមការងារលើផែនដីក៏ត្រូវបានរង់ចាំ ២២ម៉ោងកន្លះទៀត ទើបអាចទទួលដំណឹងអំពីការបញ្ជានោះថា មានប្រសិទ្ធភាពឬអត់ រួចទើបពួកគេអាចសម្រេចចិត្ត ទៅលើការបញ្ជានៅដំណាក់កាលបន្ទាប់ទៀត។ សម្រាប់យាន Voyager-2 វិញនៅតែដំណើរការជាធម្មតា បើទោះបីជាយានទាំង ២ បានចាកចេញពីផែនដីប្រមាណ ៤៦ឆ្នាំមកហើយក្តី៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/JPL-Caltech (ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤)