តើយើងឆ្លងផុត Solar Maximum ហើយឬនៅ? ព្រះអាទិត្យទើបជះអណ្តាតភ្លើង «៤ដង» ស្ទើរព្រមៗគ្នា…
(បរទេស)៖ តេឡេស្កូបអវកាសសង្កេតព្រះអាទិត្យ Solar Dynamics Observatory (SDO) របស់អង្គការ NASA បានផ្តិតយកសកម្មភាពដ៏ពុះកញ្ជ្រោលដែលកម្រមានជាទីបំផុត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នោះគឺការផ្ទុះជះអណ្តាតភ្លើង (solar flare) ពីផ្ទៃរបស់ព្រះអាទិត្យចំនួន ៤លើក ស្ទើរក្នុងពេលតែមួយតែម្តង។
អណ្តាតភ្លើងព្រះអាទិត្យ (solar flare) គឺជាការផ្ទុះកើតចេញពីផ្ទៃព្រះអាទិត្យ ដែលតែងតែបញ្ចេញនូវធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (electromagnetic radiation) នៅក្នុងសន្ទុះដ៏ខ្លាំងក្លា។ ការផ្ទុះជះអណ្តាតភ្លើងព្រះអាទិត្យនេះ កើតមានឡើងនៅពេលថាមពលម៉ាញេទិច (magnetic energy) ប្រមូលផ្តុំនៅក្នុងបរិយាកាសរបស់ព្រះអាទិត្យ ហើយក៏ដល់កម្រិតត្រូវផ្ទុះជះចេញភ្លាមៗ។
យោងតាមលទ្ធផលសង្កេតដោយកាមេរ៉ារបស់ SDO ការផ្ទុះជះ solar flare ចំនួន ៤លើក ដែលស្ទើរតែបានកើតឡើងដំណាលៗគ្នានោះ ៣ព្រឹត្តិការណ៍មានប្រភពចេញពីចំណុចខ្មៅព្រះអាទិត្យ (sunspot) ចំនួន ៣ទីតាំង និងមួយព្រឹត្តិការណ៍ទៀតចេញពី តំបន់មានចលនាម៉ាញេទិចដ៏សកម្មមួយ។ សកម្មភាពផ្ទុះជះ solar flare ទាំង ៤លើកនោះមានចម្ងាយរាប់សែនគីឡូម៉ែត្រពីគ្នា ប៉ុន្តែមានភាពប្រទាក់ក្រលាគ្នានៅក្នុងបរិយាកាសផ្នែកខាងលើរបស់ព្រះអាទិត្យ ដែលយើងស្គាល់ថា ស្រទាប់ខូរ៉ូណា (corona) នោះ។
យោងតាមក្រុមតារាវិទូ ការផ្ទុះជះ solar flare បណ្តាក់គ្នាស្ទើរក្នុងពេលតែមួយនេះ ត្រឹម២ដងត្រូវបានគេហៅថា sympathetic solar flares។ ប៉ុន្តែ, ព្រឹត្តិការណ៍កាលពីថ្ងៃទី២៣ ខែមេសា នោះគឺមានចំនួន ៤ដងស្ទើរស្របពេលគ្នា ដូច្នេះហើយក្រុមអ្នកតាមដានបរិយាកាសព្រះអាទិត្យបានហៅវាថា super-sympathetic solar flares។ យ៉ាងណាក៏ដោយ វាត្រឹមជាព្រឹត្តិការណ៍ផ្ទុះជះ solar flare កម្រិតស្រាលៗប៉ុណ្ណោះ ដោយមិនមែនជាព្រឹត្តិការណ៍កម្រិត CME (Coronal Mass Ejection) ដែលជារង្វង់អណ្តាតភ្លើងរាងពងក្រពើ ជះចេញផុតពីផ្ទៃព្រះអាទិត្យ ដែលអាចមានឥទ្ធិពលខ្លាំង ប្រសិនបើវាជះមកកាន់ទិសដៅនៃភពផែនដីនោះឡើយ។
គួរបញ្ជាក់ថា ក្រុមតារាវិទូអង្គការ NASA កាលពីឆ្នាំ២០២៣ បានព្យាករថា ព្រះអាទិត្យយើងឈានចូលដល់ ដំណាក់ការកញ្ជ្រោលក្នុងកម្រិតអតិបរមា (Solar Maximum) នៃវដ្តព្រះអាទិត្យទី ២៥ (Solar Cycle 25) របស់ខ្លួននៅក្នុងឆ្នាំ២០២៤នេះ ដែលលឿនជាងការព្យាករណ៍ជាទូទៅមួយឆ្នាំ នៅក្នុងដំណើរវដ្តយ៉ាងទៀងទាត់ ១១ឆ្នាំម្តង។
ប្រការនេះក៏មានន័យថា នៅក្នុងឆ្នាំ២០២៤ នេះយើងកំពុងខិតកាន់តែជិតកាន់តែកៀក ពេលវេលានៃ Solar Maximum ឬមួយក៏កំពុងឆ្លង Solar Maximum នេះរួចទៅហើយ ដែលជាពេលយើងមើលឃើញ សកម្មភាពពុះកញ្ជ្រោលលើផ្ទៃព្រះអាទិត្យដូចជា ចំណុចខ្មៅ (sunspot), ការផ្ទុះជះអណ្តាតភ្លើង (solar flare) និងព្រឹត្តិការណ៍ CME នោះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់ថា យើងបានឆ្លងផុត Solar Maximum ហើយឬមួយក៏នៅ នៅក្នុងពេលឆាប់ៗបានឡើយ ដោយពួកគេត្រូវរង់ចាំ ៧ខែ ក្រោយមើលឃើញព្រះអាទិត្យចុះថយឥទ្ធិពលវិញសិន ទើបអាចសន្មត់រឿងនេះបាន៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤)