BREAKING៖ ចិនដឹកនាំអវកាសយានិក «៣រូប» រួមទាំង «ត្រី និងសារាយ» ទៅកាន់ស្ថានីយអវកាស!
(ប៉េកាំង)៖ ខុសពីបេសកកម្មអវកាសកាលពីរាប់ទសវត្សរ៍មុន ដោយមានការយកសត្វស្វា សុនខ និងឆ្មាជាដើម ឡើងទៅកាន់ទីអវកាសដើម្បីពិសោធន៍នោះ ប្រទេសចិនបាននិងកំពុងបោះជំហានកម្រមួយទៀត នោះគឺការនាំយកសត្វត្រី (zebra fish) និងរុក្ខជាតិសារាយ (algae) ផងដែរ ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ តែយ៉ាងណា ការយកត្រីទៅពិសោធន៍នៅទីអវកាសបែបនេះ ធ្លាប់បានកើតមានឡើងដំបូងគេរួចមកហើយ ដោយសហរដ្ឋអាមេរិកាលពីឆ្នាំ១៩៧៣។
ការនាំយកត្រី និងសារាយទៅកាន់ទីអវកាស បានកើតឡើងតាមរយៈបេសកកម្មយាន ហ្សិនចូវ ១៨ (Shenzhou-18) ដែលដឹកអវកាសយានិកចិន ៣រូប គឺលោក យេ ក្វាងហ្វូ (Ye Guangfu), លោក លី ខុង (Li Cong) និងលោក លី ក្វាងស៊ូ (Li Guangsu) ឡើងទៅកាន់ស្ថានីយអវកាសចិន។ គ្រាប់រ៉ុក្កែត Long March 2F បានដឹកនាំយានអវកាស Shenzhou-18 ចាកចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវក្វាន់ (Jiuquan) មានមូលដ្ឋាននៅភាគពាយ័ព្យប្រទេសចិន កាលពីវេលាម៉ោង ៨៖៥៩យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ (ម៉ោងនៅរដ្ឋធានីប៉េកាំង) ត្រូវនឹងម៉ោង ៧៖៥៩នាទីយប់ថ្ងៃដដែល (ម៉ោងនៅទីក្រុងភ្នំពេញ)។
អវកាសយានិកចិនទាំង ៣រូប ខាងលើនេះនឹងបំពេញបេសកកម្មបន្តវេនពីអវកាសយានិកមុនៗ ដោយត្រូវស្នាក់នៅស្ថានីយអវកាសចិនរយៈពេល ៦ខែ ជាមួយនឹងការពិសោធន៍ថ្មីៗ ដែលបានខ្លួនបានយកទៅជាមួយ។ ពួកគេនឹងត្រូវទទួលឲ្យស្នាក់នៅ និងធ្វើការងារក្នុងបន្ទប់ស្តុកទំនិញ ធានចូវ ៨ (Tianzhou-8) និងយានអវកាសមួយផ្នែកទៀតគឺ ហ្សិនចូវ ១៩ (Shenzhou-19) ហើយយើងនឹងរង់ចាំមើលលទ្ធផលពិសោធន៍ចំពោះត្រី និងសារាយនោះទាំងអស់គ្នា។
គួរបញ្ជាក់ថា អវយានិកទាំង ៣រូប ដែលមានលោក Ye Guangfu ជាអ្នកគ្រប់គ្រងទូទៅ នឹងចុះមកផែនដីវិញ តាមរយៈការទម្លាក់បន្ទប់យាន (capsule) លើទីវាលចុះចត តុងហ្វឹង (Dongfeng) ស្ថិតនៅតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេសចិន។ ស្ថានីយអវកាសចិន ដែលមានឈ្មោះថា ធានហ្កុង (Tiangong) ឬវិមានឋានសួគ៌ បានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២ និងកំពុងគោចរក្នុងរយៈកម្ពស់ ៤២៥km ពីផ្ទៃផែនដី។ ចិនបានបង្កើតស្ថានីយអវកាសនេះឡើង ដោយស្ថិតក្នុងគោលដៅជំរុញការអភិវឌ្ឍទាំងផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីអវកាស៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ CGTN (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នា២០២៤)