UN៖ អាស៊ីរងគ្រោះធ្ងន់បំផុតដោយសារ «រលកកម្តៅ»
(បរទេស)៖ រដ្ឋាភិបាលថៃកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសថា មនុស្សសរុប ៣០នាក់ហើយ បានបាត់បង់ជីវិតដោយសារតែរលកកម្តៅដ៏អាក្រក់ ដែលបាននិងកំពុងវាយលុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិ (UN) ក៏ទើបចេញសេចក្តីប្រកាសមួយ អំពីស្ថានភាពនៅក្នុងតំបន់របស់យើងផងដែរ។
ក្រៅពីចំនួនមនុស្សបាត់បង់ជីវិត ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃ រលកកម្តៅដែលជាឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) លើមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានកកើតឡើងតាំងតែពីឆ្នាំ២០២៣នោះ ក៏បានជំរុញឲ្យប្រទេសហ្វីលីពីន និងបង់ក្លាដែស បិទសាលារៀនមួយចំនួនផងដែរនៅក្នុងសប្តាហ៍នេះ។
ជុំវិញបញ្ហានេះ លទ្ធផលស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រថ្មី របស់អន្តរជាតិបានព្យាករណ៍ថា ការប្រែប្រួលអាកាសធាតុលើផែនដី កំពុងឈានដល់កម្រិតដែលអាចបង្កឲ្យ រលកកម្តៅ (heatwave) អូសបន្លាយកាន់តែយូរ, ញឹកញាប់ និងធ្ងន់ធ្ងរ។ UN ក៏បានប្រកាសក្នុងសប្តាហ៍ផងដែរថា អាស៊ីជាតំបន់ដែលងាយរងឥទ្ធិពល ដ៏អាក្រក់បំផុតពីរលកកម្តៅ ដែលបន្យល់ទុក El Nino ឆ្នាំ២០២៣ ខណៈព្យុះ និងទឹកជំនន់ នឹងបង្កឲ្យមានមនុស្សស្លាប់ ព្រមទាំងការខាតបង់ផ្នែកសេដ្ឋកិច្ច។
ងាកទៅកាន់ប្រទេសហ្វីលីពីនវិញ ក្រៅពីការបិទសាលារៀនដោយសារលកកម្តៅនោះ គ្រោះរាំងស្ងួតកំពុងស្ថិតក្នុងក្តីបារម្ភបំផុតដែរ ដោយកម្រិតទឹកនៅក្នុងអាងដ៏សំខាន់មួយ ស្ថិតនៅភាគខាងជើងប្រទេស កំពុងរីងហួតក្នុងកម្រិតធ្ងន់ធ្ងរ។ ក្រុមអ្នកជំនាញហ្វីលីពីនបានអះអាងថា ជាធម្មតានៅអំលុងខែមីនា មេសា និងឧសភា រាល់ឆ្នាំគឺជាពេលវេលាដ៏ក្តៅ និងហួតហែងស្រាប់ទៅហើយសម្រាប់ប្រទេសដីកោះនេះ តែបាតុភូត El Nino បាននិងកំពុងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ នៅក្នុងឆ្នាំ២០២៤នេះ។
សម្រាប់ប្រទេសកម្ពុជាយើងវិញ រលកកម្តៅបាននិងកំពុងវាយប្រហារ ស្ទើរតែគ្រប់ខេត្តក្នុងទៅហើយ បូករួមទាំងរាជធានីភ្នំពេញ តែនៅក្នុងសប្តាហ៍ចុងក្រោយនៃខែមេសានេះ តំបន់ចំនួនបានមើលឃើញសីតុណ្ហភាពខ្យល់អាកាសលោតចូលដល់ខ្ទង់ ៤០អង្សាសេ ដូចនៅតាមបណ្តាប្រទេសជិតខាងដូចជា ថៃ និងឡាវ ផងដែរ (នេះបើយោងតាមលទ្ធផលព្យាករណ៍ពីផ្កាយរណបសហរដ្ឋអាមេរិក និងវែបសាយព្យាករណ៍៍អាកាសធាតុនានារបស់អន្តរជាតិ)។
គួរបញ្ជាក់តាមក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា បានព្យាករណ៍នៅក្នុងខែមេសា ឆ្នាំ២០២៤នេះថា ប្រទេសកម្ពុជានឹងចាប់ផ្តើម មើលឃើញភ្លៀងធ្លាក់ជាបណ្តើរៗនៅដើមខែឧសភា ដែលត្រូវដឹងដើមនៃរដូវវស្សា។ ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទើបចេញសេចក្តីណែនាំផងដែរ អំពីគ្រោះរាំងស្ងួត (ការខ្វះខាតទឹក) ដែលអាចនឹងកើតឡើង ដោយសារតែរលកកម្តៅអូសបន្លាយយូរ ដែលបង្កឲ្យបឹង អណ្តូង និងស្រះទឹកនៅតាមបណ្តាខេត្ត-ក្រុងនានារីងហួតធ្ងន់ធ្ងរ។ ប្រការនេះតម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមចុះជួយសង្គ្រោះបន្ទាន់ នៅកន្លែងដែលពលរដ្ឋជួបការខ្វះខាតទឹកប្រើប្រាស់៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ CNA/NOAA (ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤)