ថតបានតំបន់ដូច «សំបុកពីងពាង» និង «ហ្វូងសត្វពីងពាង» លើភពព្រះអង្គារ (មានវីដេអូ)

5,579

(បរទេស)៖ ផ្កាយរណប Mars Express របស់អង្គការអវកាសអឺរ៉ុប ESA បានផ្តិតយកទិដ្ឋភាពទីតាំងចំនួន នៅក្នុងតំបន់ពិសេសមួយនៃភពព្រះអង្គារ (Mars) ដោយទីតាំងទី១នាំឲ្យយើងឃើញ ទីវាលពោពេញដោយចំណុចពណ៌ខ្មៅៗ ប្រៀបបីដូចជា «ហ្វូងសត្វពីងពាង» លើវាលខ្សាច់ និងទីតាំងទី២វិញមានទម្រង់ដូចជា «សំបុកពីងពាង»។ ប្រាកដណាស់គ្រប់គ្នាកំពុងរង់ចាំការបកស្រាយ ជុំវិញទិដ្ឋភាពដ៏ចម្លែកនេះ។

(Video From: Cambo Space Edu’s YouTube Channel)

ទិដ្ឋភាពទាំង ដែលត្រូវបានផ្តិតដោយ កាមេរ៉ាគុណភាពខ្ពស់នៃយាន Mars Express នោះគឺជាតំបន់មួយមានឈ្មោះថា Inca City ដែលស្ថិតនៅក្បែរប៉ូលខាងត្បូងភពអង្គារ ហើយបាតុភូតដែលនាំឲ្យលេចឡើង នូវទិដ្ឋភាពដូចហ្វូងពីងពាងយក្ស កំពុងវាយប្រហារតំបន់នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ESA ពន្យល់ដោយលើកឡើងអំពីទំនាក់ទំនងរវាង កាបូនឌីអុកស៊ីត (carbon dioxide) និងពន្លឺព្រះអាទិត្យ តាមរដូវលើភពក្រហមនោះ។

បាតុភូតបញ្ចេញទម្រង់ដូចសត្វពីងពាងលើភពអង្គារ (Image credit: ESA/DLR/FU Berlin)

ESA បានពន្យល់បែបនេះថា ទីតាំងទី១ដែលមានចំណុចបែកៗរីកដូចផ្កាពណ៌ខ្មៅ (មើលពីចម្ងាយដូចពីងពាង) នោះ គឺបានកកើតឡើងដោយសារតែ ពន្លឺព្រះអាទិត្យក្នុងនិទាឃរដូវ (Spring) លើភពអង្គារ បានផ្តល់កម្តៅបន្តិចម្តងៗដល់ស្រទាប់នៃកាបូនឌីអុកស៊ីតដែលបានកកនៅតំបន់នោះ កាលពីរដូវរងាដ៏ងងឹតនៅតំបន់ជុំវិញប៉ូលខាងត្បូង។

រូបតំណាងយាន Mars Express នៅភពអង្គារ (Image Credit: ESA)

ក្រោយមកកាបូនឌីអុកស៊ីតកក ស្ថិតនៅក្នុងស្រទាប់ក្រោមក៏វិវត្តទៅជាឧស្ម័នវិញ ដោយធ្វើឲ្យប្រេះបែកស្រទាប់កាបូនឌីអុកស៊ីតកក (មានកម្រាស់ប្រមាណ១ម៉ែត្រ) ដែលស្ថិតនៅពីលើ។ បន្ទាប់មកទៀត ឧស្ម័នអមដោយធូលីពណ៌ខ្មៅពីស្រទាប់ក្រោមនោះ ក៏ផុសឡើងមកខាងលើប្រៀបបីដូចជាទឹកធ្លាយចេញពីទុយោ ហើយក៏នៅដិតដាមពណ៌ខ្មៅៗប្រៀបបីដូចពីងពាង នៅជាប់ស្រទាប់ខាងលើ ដូចក្នុងរូបភាពពី Mars Express នោះតែម្តង។ ទំហំរបស់ចំណុចខ្មៅៗនោះ គឺមានចាប់ពីមុខកាត់ ៤៥ម៉ែត្រ និងខ្លះផ្តុំគ្នាដល់ទៅ ១គីឡូម៉ែត្រក៏មាន។

បាតុភូតបង្កើតទម្រង់ដូចសំបុកពីងពាងលើភពអង្គារ (Image credit: ESA/DLR/FU Berlin)

ងាកមកកាន់តំបន់ដូចសំបុកពីងពាងលើភពអង្គារវិញ គឺស្ថិតនៅក្នុងតំបន់ Inca City នៃប៉ូលខាងត្បូងភពអង្គារដូចគ្នា ដោយមានមុខកាត់ដល់ទៅ ៨៦គីឡូម៉ែត្រឯណោះ។ វាត្រូវបានដាក់រហស្សនាមឲ្យថា «របងទីក្រុងអ៊ីនកា (Walls of Inca City)» ខណៈក្រុមអ្នកវិទ្យាសាសាស្ត្របានវិភាគថា ទម្រង់បែបនេះទំនងជាត្រូវបានបង្កើតឡើង ដោយការធ្លាក់នៃដុំថ្មអវកាស (អាចម៍ផ្កាយ) ចំផ្ទៃភពអង្គារត្រង់តំបន់នោះ ដែលបានបង្កើតទៅជាកម្អែលភ្លើង និងការហូរច្រោះ រួចក្រោយស្ងប់ស្ងាត់វិញ វាក៏បានបន្សល់ទុកទិដ្ឋភាពដូចដែលយើងឃើញ នៅក្នុងរូបភាពរបស់ Mars Express តែម្តង។

(Image credit: ESA/DLR/FU Berlin)

គួរបញ្ជាក់ថា យាន Mars Express របស់ ESA បានទៅដល់ភពអង្គារ តាំងតែពីខែធ្នូ ឆ្នាំ២០០៣ មកម្ល៉េះ ដោយស្ថិតក្នុងគោលដៅចម្បងក្នុងការសិក្សា ផ្តិតរូបភាព និងគូសវាសផែនទី នៃទីតាំងភូមិសាស្ត្រសំខាន់ៗលើភពអង្គារ។ តាមរយៈកាមេរ៉ាគុណភាពខ្ពស់ High Resolution Stereo Camera (HRSC) លើ Mars Express និងការអាចហោះទៅរយៈកម្ពស់ទាបបំផុត ២៥០km ពីលើផ្ទៃភពអង្គារនោះ ទើបអនុញ្ញាតឲ្យយាននេះផ្តិតរូបភាពមានគុណភាពខ្ពស់ ទាំងក្នុងទម្រង់ពណ៌ពេញលេញ (full color) និងទម្រង់ជា 3D ដែលមានទំហំរូបភាពដល់ទៅ ១០ម៉ែត្រឯណោះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ ESA/Mars Express’s Team (ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤)

480×240 Banner