James Webb ផ្តិតបានទិដ្ឋភាពដ៏អស្ចារ្យនៃ «នេប៊ូឡាក្បាលសេះ» រួមទាំង background (វីដេអូ+រូបភាព)

1,020

(បរទេស)៖ នេប៊ូឡាក្បាលសេះ (Horse Head Nebula) ដែលមានភាពល្បីល្បាញ និងត្រូវបានដាក់រហស្សនាមឲ្យបែបនេះ ព្រោះតែវាមានរូបរាងដូចជាក្បាលសេះនោះ តែងតែជាទីចាប់អារម្មណ៍សម្រាប់ក្រុមតារាវិទូ ជាពិសេសបណ្តាញតេឡេស្កូបទាំងនៅលើដី និងទីអវកាស នៅក្នុងការផ្តិតយករូបភាព នៅក្នុងទម្រង់ពន្លឺដូចជា Visible Light (អាចមើលឃើញដោយភ្នែក), ក្រហមអាំងហ្វ្រា (Infrared Light ដែលភ្នែកមិនអាចមើលឃើញ) និងកាំរស្មីអ៊ិច (X-ray) ជាដើម។

(Video From YouTube: Cambo Space Edu)

តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA ESA និង CSA ក៏ធ្លាប់បានសង្កេត Horse Head Nebula នោះដែរ គិតចាប់តាំងពីការបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នោះមក។ ប៉ុន្តែសម្រាប់នាអំលុងចុងខែមេសា ឆ្នាំ២០២៤នេះ ទិដ្ឋភាពថ្មីប្លែក និងអស្ចារ្យបន្ថែមទៀតត្រូវបានក្រុមការងារគ្រប់គ្រង James Webb បញ្ចេញ ហើយយើងក៏អាចយករូបភាពគុណភាពខ្ពស់ថ្មីទៀតនេះ សម្រាប់ដាក់តាំងធ្វើ wallpaper ផងដែរ។

រូបភាពផ្នែកខាងលើនៃ Horse Head Nebula អមដោយ Background ដ៏ស្រស់ស្អាត (Credit: NASA/ESA/CSA/K. Misselt (University of Arizona) and Abergel (IAS/University Paris-Saclay, CNRS))

រូបភាពថ្មីរបស់ James Webb លើកនេះ គឺនាំឲ្យយើងឃើញតំបន់ស្ថិតផ្នែកខាងក្រោយ (background) ដែលយើងឃើញនៅលើផ្នែកក្បាលសេះ (សម្តៅលើផ្នែកខាងលើនេះ Horse Head Nebula) មានទាំងវត្តមានតារាក្នុងកាឡាក់ស៊ី Milky Way ដែលភ្លឺចែងចាំងរហូតបែកស្ញាចពន្លឺ (spike) ផង និងអ្វីដែលពិសេសបំផុតនោះ គឺកាឡាក់ស៊ីជាច្រើន ដែលស្ថិតនៅផ្នែក background រូបភាពជាមួយគ្នានោះផងដែរ។

James Webb ផ្តិតបានទិដ្ឋភាពដ៏អស្ចារ្យនៃ «នេប៊ូឡាក្បាលសេះ» រួមទាំង background (វីដេអូ+រូបភាព)
ទីតាំង Horse Head Nebula ដែល James Webb ទើបផ្តិតថ្មី (Credit: NASA/ESA/CSA)

ចំណុចពិសេសបំផុតដែលក្រុមអ្នកវិទ្យាសាស្ត្រ James Webb ចង់ផ្តោត គឺមិនមែនតែទៅលើ ផ្កាយ និងកាឡាក់ស៊ីនៅ background ទាំងនោះឡើយ ដោយយើងអាចសម្លឹងមើល «បណ្តុំពពកធូលី និងឧស្ម័ន» ដែលស្ថិតនៅផ្នែកខាងលើ នៃរចនាសម្ព័ន្ធ Horse Head Nebula នោះបាន។ នៅក្នុងពពកធូលី និងឧស្ម័នដូចក្នុងរូបភាពនេះ គឺជាវត្តមាននៃផ្កាយក្មេងៗ និងមានម៉ាស់ធ្ងន់ៗ ដែលទើបជាគោលដៅស្នូលនៃការសិក្សា។

រូបភាព Crop យកកៀករូបភាពផ្នែកខាងលើនៃ Horse Head Nebula អមដោយ Background ដ៏ស្រស់ស្អាត (Credit: NASA/ESA/CSA/K. Misselt (University of Arizona) and Abergel (IAS/University Paris-Saclay, CNRS))

យោងតាមតារាវិទូបានពន្យល់ទៀតថា ធាតុវិទ្យុសកម្មស្វាយអ៊ុលត្រា (ultraviolet radiation) ចេញពីតារាក្មេងៗ និងមានម៉ាស់ធ្ងន់ៗទាំងនោះ គឺកំពុងតែជះឥទ្ធិពលតាមរយៈសារធាតុគីមីនានារបស់ពួកវា ទៅកាន់តំបន់នៅក្នុងនេប៊ូឡាក្បាលសេះនោះ។ តំបន់ Horse Head Nebula ត្រូវបានចាត់ទុកជា ទីតាំងដ៏ល្អប្រសើរបំផុតមួយ សម្រាប់ការសិក្សាទៅលើប្រធានបទនៃ «របៀបដែលធាតុវិទ្យុសកម្ម ចេញពីផ្កាយនានានៅក្នុងនីប៊ូឡានោះ មានប្រតិកម្មជាមួយបរិស្ថានអន្តរអវកាស»។

តាមរយៈការសម្លឹងមើលក្នុងទម្រង់ ពន្លឺក្រហមអាំងហ្វ្រាជិត (Near Infrared) ដោយ James Webb យើងអាចមើលឃើញផ្កាយក្មេងៗបញ្ចេញពន្លឺពណ៌ខៀវ នៅក្នុងបណ្តុំពពកធូលី និងឧស្ម័នរបស់ Horse Head Nebula ខណៈផ្កាយក្នុងកាឡាក់ស៊ី Milky Way ដែលស្ថិតនៅ background ក៏បញ្ចេញពន្លឺចែងចាំងដល់បែកស្ញាច (spike) ផងដែរ។ យើងក៏ឃើញវត្តមានរបស់ កាឡាក់ស៊ីនានាក្នុងចក្រវាលថែមទៀត ហើយប្រាកដណាស់កាឡាក់ស៊ីទាំងអស់នោះ សុទ្ធសឹងតែមានចម្ងាយខ្ទង់រាប់លានឆ្នាំពន្លឺពី Milky Way យើងឡើងទៅ។

ការសន្លឹងមើលបីទម្រង់លើ Horse Head Nebula ដោយតេឡេស្កូបអវកាស Euclid, Hubble និង James Webb (Credit: NASA/ESA/CSA/K. Misselt (University of Arizona) and Abergel (IAS/University Paris-Saclay, CNRS))

គួរបញ្ជាក់ថា Horse Head Nebula មិនមែនជានេប៊ូឡាឯករាជ្យតែឯងនោះឡើយ ដោយវាត្រឹមជាផ្នែកមួយនៃ បណ្តុំពពកធូលី និងឧស្ម័នអូរ៉ាយអិន (Orion molecular cloud complex) ប៉ុណ្ណោះ ដែលមានចម្ងាយខ្ទង់ ១,៥០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ បើគិតពី Horse Head Nebula តែឯង គឺមានអង្កត់ផ្ចិតប្រវែង ០.៨ឆ្នាំពន្លឺ ហើយក្រុមអ្នកនិយមផ្តិតរូបភាព Orion Belt ឬក្រុមផ្កាយយាមនង្គ័ល តែងតែដាក់ការចាប់អារម្មណ៍ខ្ពស់ លើទីតាំងលើផ្ទៃមេឃផែនដីយើងមួយនេះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤)

480×240 Banner