ពពកភពយក្ស WASP-43 b ផ្ទុកដោយ «កម្ទេចថ្ម» ព្រោះបរិយាកាសក្តៅពេក, James Webb សង្កេត (មានវីដេអូ)

1,029

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបញ្ចេញទិន្នន័យសំខាន់ៗ ក្រោយការឆ្លុះមើលបរិយាកាសភព WASP-43 b ដែលស្ថិតនៅចម្ងាយប្រមាណ ២៨០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ហើយលទ្ធផលសង្កេតថ្មីនេះ ក៏នឹងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងផងដែរ, នេះបើតាមការដកស្រង់ព័ត៌មាន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

(Video From YouTube: Cambo Space Edu)

ភព WASP-43 b គោចរជុំវិញផ្កាយ WASP-43 គឺជាប្រភេទផ្កាយទំហំតូច (K-type) ដែលមានពណ៌ទឹកក្រូច ពន្លឺស្រទន់ និងមិនសូវក្តៅដូចព្រះអាទិត្យយើងឡើយ។ បើនិយាយពីប្រភេទវិញ WASP-43 b គឺជាប្រភេទ hot Jupiter ឬ ភពយក្សក្តៅ ដោយវាមានទំហំតូចជាងភពព្រហស្បតិ៍យើង តែបន្តិចប៉ុណ្ណោះ។

រូបតំណាងភព WASP-43 b និងលទ្ធផលសង្កេតដោយ James Webb (រូបភាពពី NASA/ESA/CSA)

យោងតាមឧបករណ៍សង្កេតការប្រែប្រួល ទម្រង់ពណ៌នៃម៉ូលេគុលឧស្ម័ននានា នៅក្នុងបរិយាកាសភព WASP-43 b នៅលើខ្លួន James Webb នោះបានបង្ហាញថា ភពនេះពោពេញឧស្ម័ន អេល្យូម (helium) និងអ៊ីដ្រូសែន (hydrogen) ហើយមានកម្តៅក្តៅខ្លាំងជាង ភពឧស្ម័នយក្សនានានៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។

WASP-43 b គោចរកៀកនឹងផ្កាយមេវាខ្លាំង ទើបនាំដំណើរគោចររបស់វាលឿននោះគឺមួយជុំចំណាយពេលតែ ១៩ម៉ោងប៉ុណ្ណោះ ឬមានន័យថា ១ឆ្នាំរបស់់វាស្មើនឹង ១៩ម៉ោងលើផែនដី។ បន្ថែមពីនេះ នៅក្នុងពពករបស់ភព WASP-43 b គឺពោពេញដោយកម្ទេចថ្ម (melted rock) ដោយសារតែស្ថានភាពដ៏ក្តៅគគុក នៃបរិយាកាសរបស់ភពឧស្ម័នយក្សក្តៅនោះឯង។ ទោះបីជាមានប្រវែងមុខកាត់ស្មើតែ ០.៩ដងនៃភពព្រហស្បតិ៍ តែម៉ាសរបស់ WASP-43 b គឺស្មើរហូតដល់ទៅ ១.៨ដង នៃម៉ាស់ភពភព្រហស្បតិ៍ឯណោះ។

ដោយសារការគោចរកៀកផ្កាយមេរបស់វាខ្លាំង (កៀកជាងគម្លាតរវាងព្រះអាទិត្យ និងភពពុធដល់ទៅ ២៥ដង) ដូច្នេះទើបធ្វើ WASP-43 b ស្ថិតនៅក្នុងគន្លងគោចរបិទ ឬខ្ទាស់ (locked orbit) ដោយផ្នែកម្ខាងរបស់ភពត្រូវបែរទៅរកផ្កាយរហូត (មានន័យថា ភ្លឺរហូត) និងផ្នែកម្ខាងទៀតត្រូវងងឹតរហូត (យប់ជាអចិន្ត្រៃយ៍) ខណៈខ្យល់អាកាស នៅតាមតំបន់ខ្សែអេក្វាទ័រភពនេះ អាចបោកបក់ដល់ល្បឿនជាង ៨,៤០០km ឯណោះនៅក្នុងមួយម៉ោង។

រូបតំណាងភព WASP-43 b (រូបភាពពី NASA/ESA/CSA)

គិតចាប់តាំងពីការរកឃើញភព WASP-43 b កាលពីឆ្នាំ២០១១ តេឡេស្កូបអវកាសដូចជា Hubble និង Spitzer ផងដែរ បានឆ្លុះមើលភពនេះ និងវិភាគរកឃើញវត្តមានចំហាយទឹក (water vapor) នៅផ្នែកពេលថ្ងៃ ព្រមទាំងវត្តមានពពក (cloud) នៅផ្នែកពេលយប់។ ងាកមកកាន់លទ្ធផលសង្កេតរបស់ James Webb វិញបានបង្ហាញថា មានវត្តមានចំហាយទឹកយ៉ាងច្បាស់លាស់ ទាំងនៅផ្នែកពេលថ្ងៃ និងពេលយប់របស់ WASP-43 b នោះតែម្តង។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA/ESA/CSA)

តែយ៉ាងណា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺការ «មិនបានរកឃើញ» វត្តមានឧស្ម័នមេតាន (methane) នៅផ្នែកពេលយប់របស់ WASP-43 b ដូចការរំពឹងទុក។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បញ្ហានេះបណ្តាលមកពីខ្យល់ ដែលបោកបក់លើភពនោះមានល្បឿនលឿនពេក រហូតដល់ទៅ ៨,៤០០km ក្នុងមួយម៉ោង ដែលពិបាកឲ្យសារធាតុគីមីមួយចំនួនធ្វើប្រតិកម្ម ដើម្បីបង្កើតចេញជាមេតាន ឲ្យតេឡេស្កូបអវកាស James Webb ចាប់បាន៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២២៤)

480×240 Banner