ចិនបញ្ជូនយាន «ឆាងអឺ-៦» ទៅខួងយកសំណាក ពីផ្នែកម្ខាងទៀតនៃព្រះចន្ទ (យល់ដឹង) (មានវីដេអូ)
(បរទេស)៖ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ យាន ឆាងអឺទី៦ (Chang’e-6) របស់ប្រទេសចិន ត្រូវបានគ្រាប់រ៉ុក្កែត Long March 5 ពាំនាំចេញពីមូលដ្ឋានបាញ់បង្ហោះ វិនឆាង (Wenchang) នៃខេត្តដីកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន ដោយស្ថិតក្នុងគោលដៅទៅចុះចតនៅផ្នែកម្ខាងទៀតរបស់ព្រះចន្ទ ដែលមិនបែរមករកភពផែនដី ឬជាភាសាអង់គ្លេសហៅថា Far Side នោះ។
មានរឿងជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះមិនមែនតែទៅលើការបោះជំហានយ៉ាងលឿន និងតាមផែនការដោយឥតពន្យារពេលរបស់មហាអំណាចសេដ្ឋកិច្ចលេខ ២ លើពិភពលោកនេះប៉ុណ្ណោះទេ តែក៏ជាការបើកចំហឲ្យមានការរួមសហការគ្នាជាមួយប្រទេសផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍមូលដ្ឋានមនុស្សលើព្រះចន្ទ ដែលចិនជាអ្នកដឹកនាំ។
វានឹងក្លាយជាលើកទី ២ សម្រាប់ប្រទេសចិន ក្នុងការបញ្ជូនយានទៅចុះចតនៅ ផ្នែកម្ខាងទៀតរបស់ព្រះចន្ទ ឬ far side នោះ គិតចាប់តាំងពីបេសកកម្មយាន ឆាងអឺ៤ (Chang’e-4) ដែលបានចុះចតដោយជោគជ័យ ដំបូងគេបំផុតនៅទីនោះ កាលពីឆ្នាំ២០១៩។ វាក៏បង្ហាញពីការបោះជំហានរបស់ចិន ស្របទៅតាមផែនការដ៏យូរអង្វែងរបស់ខ្លួន ដែលនឹងមើលឃើញប្រទេសជាច្រើនទៀតចូលរួមជាក់ស្តែងផងដែរ។
- តើចិនទៅធ្វើអ្វីទៀតនៅផ្នែក far side នោះ?
តាមពិតទៅយាន Chang’e-6 នេះត្រូវបានបង្កើតឡើង ដើម្បីធ្វើជាយានបម្រុងសម្រាប់បេសកកម្ម Chang’e-5 ដែលបានទទួលជោគជ័យ រួចទៅហើយក្នុងការទៅជីកយកសំណាក (sample) ពីផ្នែកនៃផ្ទៃព្រះចន្ទ ដែលបែរមុខមករកផែនដី (near side) កាលពីខែធ្នូ ឆ្នាំ២០២០។ Chang’e-5 បាននាំយក sample ទម្រង់ ១.៧៣kg ពីព្រះចន្ទ ដែលជាជោគជ័យធំធេងមួយ បានធ្វើឲ្យចិនកាន់តែត្រូវពិភពលោកទទួលស្គាល់ អំពីសមត្ថភាពជាក់ស្តែង។
ដូច្នេះសម្រាប់បេសកកម្ម Chang’e-6 នឹងទៅជីកយកសំណាកពីផ្នែក far side របស់ព្រះចន្ទ ត្រលប់មកកាន់ភពផែនដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ចិនអះអាងថា នឹងជីកយក sample ជាកម្ទេចថ្ម និងផេះ (regolith) ឲ្យបាន ២kg និងដឹកមកយកទម្លាក់លើផែនដី នៅរយៈពេល ៥៣ថ្ងៃក្រោយការបាញ់បញ្ជូនចេញពីផែនដី កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នោះ។
- Chang’e-6 ជាបេសកកម្មដ៏ស្មុគស្មាញមួយ
នៅក្នុងចង្កោមបេសកកម្ម Chang’e-6 មានគ្រឿងយន្ត ៤ ប្រភេទ សម្រាប់បំពេញដំណាក់កាលសំខាន់ៗដូចជា៖ យានគោចរជុំវិញព្រះចន្ទ (lunar orbiter), យានសម្រាប់ចុះចតលើផ្ទៃ (lander), យានសម្រាប់ហោះឡើងពីផ្ទៃព្រះចន្ទវិញ (ascender) និងប្រអប់ស្តុក sample ដឹកដោយយាន orbiter ដើម្បីមកទម្លាក់លើផ្ទៃផែនដី (Earth-reentry module)។
ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន នោះយានឆាងអឺទី៦ នឹងចុះចតនៅក្នុងរណ្តៅ អាប៉ូឡូ (Apollo crater) ដែលមានមូលដ្ឋាននៅក្នុង តំបន់បាសាំងប៉ូលខាងត្បូង (South Pole-Aitken ឬ SPA)
ដែលមានអង្កត់ផ្ចិត ២,៥០០km។
មូលហេតុនៃការចុះទៅកាន់ទីនោះ ព្រោះចិនចង់ខួងយកសំណាកដែលអាចមានផ្ទុកនូវតំរុយនានា អំពីអតីតកាល និងដំណើរវិវត្តន៍របស់ព្រះចន្ទ។ យោងតាមសហគមន៍ Planetary Society បានរៀបរាប់ថា បេសកកម្ម Chang’e-6 នឹងពន្យល់យើងអំពីដំណើរនៃវត្ថុអវកាសធំៗទាំងឡាយ ដែលបានធ្លាក់មកលើព្រះចន្ទ និងផែនដីកាលពីរាប់ពាន់លានឆ្នាំមុន ព្រមទាំងមូលហេតុដែលធ្វើឲ្យផ្នែក far side នោះ ខុសប្លែកពីផ្នែក near side។
- កាលបរិច្ឆេទនៃដំណាក់កាលសំខាន់ៗរបស់ Chang’e-6
រ៉ុក្កែតផ្ទុក Chang’e-6 បានរុលផុតពីផ្ទៃផែនដី កាលពីថ្ងៃទី៣ ខែឧសភា ហើយនឹងទៅដល់គន្លងគោចរជុំវិញព្រះចន្ទ នៅថ្ងៃទី៧-៨ ខែឧសភា ខណៈចូលចុះចតលើផ្ទៃផ្នែក far side របស់ព្រះចន្ទ នឹងកើតឡើងនៅដើមខែមិថុនា ហើយ Chang’e-6 នឹងចាប់ផ្តើមជីកខួងទៅក្នុងផ្ទៃព្រះចន្ទ រហូតដល់ជម្រៅ ២ម៉ែត្រ ដើម្បីប្រមូលយក sample រួចច្រកទុកក្នុងប្រអប់ស្តុក។
ក្រោយរៀបចំវេចខ្ចប់សំណាករួច Chang’e-6 នឹងហោះចេញពីផ្ទៃព្រះចន្ទ ត្រលប់មកផែនដីវិញតាមរយៈយាន orbiter នៅអំលុងចុងខែមិថុនា រួចទើបទម្លាក់ខ្លួនតាមរយៈ module ចុះមកកាន់ទឹកដីប្រទេសចិនវិញ នៅអំលុងចុងខែមិថុនា ឆ្នាំ២០២៤។ សរុបមកបេសកកម្ម Chang’e-6 មានរយៈពេល ៥៣ថ្ងៃ ដោយគិតចាប់តាំងពីការចេញពីផែនដីទៅព្រះចន្ទ និងដឹកសំណាកពីព្រះចន្ទមកកាន់ផែនដីវិញ។
- ការប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក
សម្រាប់ដៃគូដែលបានចូលរួមក្នុងគោលដៅបង្កើត មូលដ្ឋានស្រាវជ្រាវព្រះចន្ទអន្តរជាតិ (International Lunar Research Station ឬ ILRS) ជាមួយប្រទេសចិននោះមានដូចជា រុស្ស៊ី អាហ្សែបៃហ្សង់ បេឡារុស អេហ្ស៊ីប ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង ថៃ តួកគី និងវេណេស៊ុយអេឡាជាដើម ដោយវានឹងចាប់ផ្តើមលេចរូបរាងនៅអំលុងទសវត្សរ៍ ២០៤០ ខណៈចិន និងដៃគូក៏បានជ្រើសរើសយកតំបន់ប៉ូលខាងត្បូងព្រះចន្ទ ធ្វើជាមូលដ្ឋានរបស់ខ្លួនដូចបេសកកម្ម Artemis នៃសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែរ។
គួរបញ្ជាក់ថា កន្លងមកនេះប្រទេសចិន បានធ្វើតេស្តបច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដែលនឹងត្រូវការសម្រាប់មូលដ្ឋាន ILRS របស់ខ្លួនរួចទៅហើយ ក្នុងនោះមានដូចជា ផ្កាយរណប Queqiao 2 ព្រមទាំងយាន Tiandu 1 និង Tiandu 2 ជាដើម ដែលនឹងមានតួនាទីដឹកនាំ និងដាក់ពង្រាយប្រព័ន្ធទូរគមនាគមន៍ និងចង្អុលទិសដៅនៅឋានព្រះចន្ទ។ ខណៈដែលសហរដ្ឋអាមេរិក គ្រោងនាំមនុស្សដំបូងទៅជាន់ដីព្រះចន្ទនៅឆ្នាំ២០២៦ តាមរយៈបេសកកម្ម Artemis 3 នោះ ចិនវិញគ្រោងធ្វើរឿងនេះដែរនៅឆ្នាំ២០៣០៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ CNA/SPACE (ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤)