ព្រះអាទិត្យបន្តជះ Flare និងបង្កជា «ព្យុះម៉ាញេទិច» ក្នុងកម្រិតខ្លាំងបំផុត កម្រមានលើផែនដី!
(បរទេស)៖ ផ្កាយរណបតាមដានព្រះអាទិត្យ SDO (Solar Dynamic Observatory) របស់អង្គការ NASA និងផ្កាយរណបនានារបស់ រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក បាននិងកំពុងតាមដានយ៉ាងដិតដល់ ចំពោះសកម្មភាពលើផ្ទៃព្រះអាទិត្យ ខណៈនៅក្នុងសប្តាហ៍ទី ២ នៃខែឧសភា ឆ្នាំ២០២៤នេះ សកម្មភាពផ្ទុះជះអណ្តាតភ្លើង (Solar Flare) មានសភាពកាន់តែពុះកញ្ជ្រោលឡើង រហូតដល់បានជំរុញឲ្យកើតមាន «ព្យុះភូមិសាស្ត្រម៉ាញេទិច» (geomagnetic storm) លើភពផែនដី ក្នុងកម្រិតខ្លាំងជាទីបំផុតបានកើតឡើង។ បន្ថែមពីនេះ នៅក្នុងថ្ងៃទី១១ ខែឧសភានេះតែម្តង ក៏មានសេចក្តីរាយការណ៍អំពី geomagnetic storm កម្រិតធ្ងន់បន្ថែមទៀតដែរ ដែលនឹងកើតលើភពផែនដីផងដែរ។
មិនមែនជាអ្វីដែលស្ថិតនៅក្រៅការព្យាករណ៍នោះឡើយ ព្រោះស្ថានភាពលើផ្ទៃព្រះអាទិត្យ ដែលត្រូវបានសង្កេតថ្មីៗនេះ គឺជាភាពពុះកញ្ជ្រោល ក្នុងកម្រិតអតិបរមានៃព្រះអាទិត្យ (Solar Maximum) ដូចទៅនឹងការព្យាករណ៍ឡើងវិញកាលពីឆ្នាំ២០២៣ ដែលថាព្រះអាទិត្យក្នុងវដ្ត ២៥ (Solar Cycle 25) នេះនឹងឈានដល់ដំណាក់កាល Solar Maximum លឿនជាងវដ្តមុនៗ ១ឆ្នាំ។ បើតាមវដ្តព្រះអាទិត្យ (Solar Cycle) រាល់ដងនោះ គឺមានរយៈពេល ១១ឆ្នាំម្តង ដែលព្រះអាទិត្យនឹងបញ្ចេញចលនាកញ្ជ្រោល ដល់កម្រិតអតិបរមា។
ការផ្ទុះជះ Solar Flare ដ៏ខ្លាំងក្លាដែលបែរមុខមករកផែនដីនោះ បានកើតមានឡើងក្នុងកម្រិតខ្ពស់លើកទី១ កាលពីថ្ងៃទី៨ ខែឧសភា ដោយកើតចេញពីតំបន់ចំណុចខ្មៅព្រះអាទិតមួយ មានឈ្មោះសម្គាល់ថា AR3664 ដែលមានមុខកាត់ដល់ទៅជាង ២០០,០០០km (ស្មើនឹងប្រវែងអង្កត់ផ្ចិតផែនដី X ១៥ដង) ហើយប្រសិនបើលោកអ្នកប្រើវ៉ែនតាសុវត្ថិភាពសម្រាប់មើលទៅព្រះអាទិត្យ នោះនឹងអាចឃើញ sunspot ដ៏ធំធេងនោះបាន ដោយមិនបាច់ត្រូវការកែវយឺតបន្ថែមនោះឡើយ។ AR3664 ជាចំណុចខ្មៅព្រះអាទិត្យធំធេងបំផុត ដែលក្រុមអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានប្រទះឃើញនោះឡើយ នៅអំលុងពេល Solar Maximum នៃវដ្តព្រះអាទិត្យកន្លងមក។
អ្វីដែលគួរឲ្យព្រឺព្រួចនោះ គឺព្យុះភូមិសាស្ត្រម៉ាញេទិចផែនដី (geomagnetic storm) ដែលជាឥទ្ធិពលមកពីការផ្ទះជះ Solar Flare ក្នុងកម្រិតធំធេងខ្លាំងលើផ្ទៃអណ្តាតភ្លើងព្រះអាទិត្យនោះ បានកើតឡើងក្នុងកម្រិតរហូតដល់ទៅ G5។ ក្រោយការកើតឡើងនោះ ភាគល្អិតចេញពីព្រះអាទិត្យបានចល័តមករកផែនដី និងបង្កទៅជា Geomagnetic storm ក្នុងកម្រិតខ្លាំងបំផុតដ៏កម្រមាន ខណៈការធ្វើប្រតិកម្មជាមួយម៉ូលេគុលឧស្ម័ន នៅក្នុងបរិយាកាសពីលើប៉ូលផែនដី ក៏បាននាំឲ្យកើតមានជាពន្លឺ Aurora ឬសំរាំងប៉ូល ទាំងនៅលើប៉ូលខាងជើង (Aurora Borealis) និងប៉ូលខាងត្បូង (Aurora Australis) ក្នុងវិសាលភាពយ៉ាងធំធេង ពណ៌ដិតខ្លាំង និងមានរយៈពេលយូរ នៅថ្ងៃទី១០ ដល់ ១១ ខែឧសភា ឆ្នាំ២០២៤ នេះផងដែរ។
Geomagnetic storm ដែលបាននិងកំពុងបញ្ចេញឥទ្ធិពលលើផែនដី កាលពីថ្ងៃទី១០ មកដល់ទី ១១ ខែឧសភា ឆ្នាំ២០២៤នេះ គឺកម្រិតខ្លាំងបំផុត ក្នុងចំណោមកម្រិតចាប់ពី G1 (ទាបជាងគេ) ដល់ G5 (ខ្ពស់ជាងគេ)។ សម្រាប់កម្រិត G5 ដ៏ខ្លាំងបែបនេះ ធ្លាប់បានកើតមានម្តងកាលពីកំលុងខែតុលា ឆ្នាំ២០០៣ ដោយកាលណោះបានបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនីនៅប្រទេសស៊ុយអែត និងបំផ្លិចបំផ្លាញឧបករណ៍ផ្ទេរថាមពលអគ្គិសនី (transformer) នៅប្រទេសអាហ្វ្រិកខាងត្បូង ថែមទៀត ខណៈការបង្ហាញចេញនូវពន្លឺ Aurora កាលណោះវិញ ក៏មានស្ថានភាពដូចឆ្នាំ២០២៤ នេះដែរ។ សម្រាប់ឥទ្ធិពលកម្រិត G5 ពេលនេះវិញ គឺកំពុងស្ថិតក្នុងការតាមដានយ៉ាងប្រុងប្រយ័ត្នបំផុត។
ខណៈភពផែនដីកំពុងតែមើលឃើញឥទ្ធិពលនៃ geomagnetic storm ឈានចូលដល់ថ្ងៃទី១១ ខែឧសភានេះ សម្រាប់តែស្ថាប័ន NOAA នៃសហរដ្ឋអាមេរិក បានប្រកាសបន្ថែមទៀតអំពីការផ្ទុះជះ Solar Flare កម្រិតខ្ពស់ជាថ្មីទៀតចេញពីចំណុចខ្មៅដដែលនោះគឺ AR3664 ដែលគិតត្រឹមថ្ងៃដដែលនេះបានរីកមាឌដល់ស្មើនឹងអង្កត់ផ្ចិតផែនដី X ១៧ដងទៅហើយ។
សម្រាប់នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅអឌ្ឍគោលខាងជើងផែនដីវិញ ព្យុះម៉ាញេទិចផែនដី និងពន្លឺ Aurora កាលពីថ្ងៃទី១០ ដល់ ១១ ខែឧសភា ឆ្នាំ២០២៤ នោះគឺអាចឲ្យមើលឃើញរហូតដល់រដ្ឋ Florida ស្ថិតនៅភាគអាគ្នេយ៍ប្រទេស ដែលនេះពិតជាព្រឹត្តិការណ៍ដ៏មហាកម្រជាទីបំផុត ហើយវាអាចអូសបន្លាយដល់ថ្ងៃទី១២ ខែឧសភាឯណោះ ព្រោះ NOAA នៅតែបន្តឃើញចំណុចខ្មៅព្រះអាទិត្យ AR3664 រីកមាឌកាន់តែធំ ហើយបន្តជះ flare បន្ថែមទៀត។ ដោយឡែកនៅអឌ្ឍគោលខាងត្បូងវិញ ប្រជាជនរស់នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលីជាដើមបានទស្សនា និងផ្តិតរូបភាពទិដ្ឋភាពពន្លឺ Aurora ដែលបង្ហាញចេញក្នុងថេរវេលារាប់ម៉ោងឯណោះ ហើយក្នុងវិសាលភាពធំធេង ព្រមទាំងពណ៌ដិត ដែលកម្រជួបប្រទះជាទីបំផុត។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពី ការដាច់ចរន្តអគ្គិសនី, ដាច់រលកវិទ្យុ ឬការខូចខាតផ្កាយរណបណាមួយនៅឡើយទេ ខណៈសហរដ្ឋអាមេរិកវិញកំពុងណែនាំឲ្យម្ចាស់ធ្វើប្រតិបត្តិការផ្កាយរណបទាំងឡាយ ដាក់ការប្រុងប្រយ័ត្នកម្រិតខ្ពស់។ ក៏មានការព្យាករណ៍ផងដែរថា ផ្នែកនៃភពផែនដីដែលបែរចំឥទ្ធិពលជះពីព្រះអាទិត្យនោះ អាចនឹងទទួលរងឥទ្ធិពលដូចជា ដាច់រលកវិទ្យុទាក់ទង។
ឆ្លើយតបនឹងការព្រួយបារម្ភទាំងឡាយ អ្នកវិទ្យាសាស្ត្រមួយរូបមកពីស្ថាប័ន NOAA គឺលោក Shawn Dahl បានពន្យល់ថា ព្យុះម៉ាញេទិចប្រភេទនេះ គឺអាចបង្កហានិភ័យដល់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្នាតធំ មិនមែនទៅលើខ្សែភ្លើងតាមផ្ទះរបស់ប្រជាជនពលរដ្ឋនោះឡើយ។ អ្វីដែលគ្រប់គ្នាមើលឃើញពេលនេះ គឺនៅទូទាំងពិភពលោក ទាំងក្រុមអ្នកវិទ្យាសាស្ត្រ និងបណ្តាញសារព័ត៌មានគ្រប់លំដាប់ថ្នាក់ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ ហើយក៏កំពុងរង់ចាំមើលផងដែរថា វាអាចនឹងបង្កបញ្ហាអ្វីខ្លះលើផែនដី៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA/NOAA (ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤)