តើការជះអណ្តាតភ្លើងព្រះអាទិត្យ (flare) មានប៉ុន្មានកម្រិត? កម្រិតណាអាចបង្កគ្រោះ? (មានវីដេអូ)
(បរទេស)៖ នៅក្នុងសប្តាហ៍ទី ២ នៃខែឧសភា ឆ្នាំ២០២៤ ព្រះអាទិត្យបានបញ្ចេញសកម្មភាពយ៉ាងពុះកញ្ជ្រោល តាមរយៈការផ្ទុះជះអណ្តាតភ្លើង (Solar Flare) និងបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs) ចេញពីស្រទាប់ខូរ៉ូណា (Corona ជាស្រទាប់អណ្តាតភ្លើងផ្នែកខាងលើ) នោះ។
ប៉ុន្តែ, នេះមិនមែនជាអ្វីដែលចម្លែកនោះឡើយ ព្រោះស្ថានភាពបែបនេះ គឺជារឿងធម្មតាសម្រាប់ដំណើរមកដល់ដំណាក់កាលនៃវដ្តកញ្ជ្រោល ក្នុងកម្រិតអតិបរមារបស់ព្រះអាទិត្យ (Solar Maximum)។ ស្ថានភាពនាពេលបច្ចុប្បន្ននេះមានន័យថា ព្រះអាទិត្យកំពុងស្ថិតនៅដំណាក់កាលកញ្ជ្រោលបំផុតនៃវដ្ត ២៥ (Solar Cycle 25)។ យើងនឹងដឹងចម្លើយកាន់តែច្បាស់លាស់ បន្ទាប់ពីខែតុលា ឆ្នាំ២០២៤ ប្រសិនបើព្រះអាទិត្យ ថមថយឥទ្ធិពលមកវិញដូចការព្យាករណ៍មែន។
បើទោះបីជាអ្វីៗបានកើតឡើង ស្របទៅតាមការព្យាករណ៍ឡើងវិញ កាលពីឆ្នាំ២០២៣ (យើងចង់សម្តៅដល់ការអះអាងថា Solar Maximum នឹងមកដល់លឿនជាងការព្យាករណ៍លើកមុន១ឆ្នាំ) តែស្ថានភាពក្នុងសប្តាហ៍ទី ២ នៃខែឧសភា ឆ្នាំ២០២៤ ជាពិសេសនៅថ្ងៃទី១០-១២ ខែឧសភា ភពផែនដីយើងនេះបានទទួលរងព្យុះភូមិសាស្ត្រម៉ាញេទិច (geomagnetic storm) ក្នុងកម្រិតរហូតដល់ទៅ G5 ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ តាំងតែពីឆ្នាំ២០០៣ ហើយវាបានបង្កឡើងដោយការផ្ទុះជះ flare ចេញពីចំណុចខ្មៅព្រះអាទិត្យ (sunspot) ដែលមានអង្កត់ផ្ចិតជាង ២០០,០០០km ធំធេងជាងផែនដីរហូតដល់ទៅ ១៥-១៧ដងនោះ។
មិនមានសេចក្តីរាយការណ៍នៅឡើយទេថា មានការដាច់ចរន្តអគ្គិសនី, ផ្កាយរណបរងការខូចខាត ឬការដាច់រលកវិទ្យុទាក់ទង ដោយសារតែព្រឹត្តិការណ៍ដែលផែនដីបានទទួលរងចាប់ពី ថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤នោះ។
ប៉ុន្តែបណ្តាប្រទេសនៅចាប់ពីតំបន់ត្រជាក់បង្គួរ ឡើងទៅដល់ប៉ូលខាងជើងដូចជា សហរដ្ឋអាមេរិក កាណាដា អ៊ីស្លង់ ហ្វាំងឡង់ ស៊ុយអែត ន័រវែស រុស្ស៊ី ភាគខាងជើងប្រទេសចិន និងប្រទេសអឺរ៉ុបជាច្រើនទៀត បូករួមទាំងប្រទេសនៅអឌ្ឍគោលខាងត្បូងដូចជា អូស្ត្រាលី នូវែលសេឡង់ ភាគខាងត្បូងអាហ្សង់ទីន និងឈីលី (ស៊ីលី) កៀកនឹងប៉ូលខាងត្បូងផែនដីនោះ សុទ្ធតែបានមើលឃើញនឹងភ្នែក នូវពន្លឺសំរាំងប៉ូល ឬអូរ៉ូរ៉ា (Aurora) បញ្ចេញពន្លឺយ៉ាងចែងចាំងលើផ្ទៃមេឃ នៅក្នុងរយៈពេលយូរដល់រ៉ាប់ម៉ោង ព្រមទាំងមានពណ៌ផ្កាឈូក បៃតង និងលឿង ក្នុងលក្ខណៈដិតខ្លាំង ដែលនោះជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លា នៃភាគល្អិត charged particles ជះមកពីព្រះអាទិត្យ ធ្វើប្រតិកម្មជាមួយម៉ូលេគុលនានាក្នុងបរិយាកាសផែនដី។
ទោះបីជាអ្វីដែលបានកើតមានឡើងនេះ ស្របទៅនឹងការព្យាករណ៍ តែការជះឥទ្ធិពលកម្រិតធ្ងន់ ដែលកម្រមានបំផុតនេះ ក៏បាននិងកំពុងធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍មិនស្ងប់ផងដែរ។ ដូច្នេះចូរគ្រប់គ្នា យល់ដឹងអំពីកម្រិតឬលំដាប់ថ្នាក់ (class) នៃការផ្ទុះជះអណ្តាតភ្លើងពីផ្ទៃព្រះអាទិត្យ (Solar Flare) និងលំដាប់ថ្នាក់ដែលអាចបង្កគ្រោះធ្ងន់ ដល់ភពផែនដីដូចខាងក្រោម៖
- លំដាប់ថ្នាក់ (class) នៃ Solar Flare
ការផ្ទុះជះអណ្តាតភ្លើងព្រះអាទិត្យ (Solar Flare) ត្រូវបានបែងចែកជា ៤ លំដាប់ថ្នាក់ (class) ចម្បងៗនោះគឺ B-class, C-class, M-class និង X-class ហើយនៅក្នុងលំដាប់ថ្នាក់ទាំង ៤ នេះក៏មានចែកចេញទៅតាមកម្រិត ចាប់ពីលេខ ១ (ទាប) ដល់លេខ ៩ (ខ្ពស់) ផងដែរនៅក្នុង class នីមួយៗ។ ស្វែងយល់អានុភាពនៃលំដាប់ថ្នាក់ Solar Flare នីមួយៗ៖
- B-class៖ ជាលំដាប់ថ្នាក់ Solar Flare កម្រិតមធ្យម ឬស្រាល
- C-class៖ ជាលំដាប់ថ្នាក់ Solar Flare កម្រិតបង្គួរ (ខ្លាំងជាង B-class ១០ដង)
- M-class៖ ជាលំដាប់ថ្នាក់ Solar Flare កម្រិតខ្លាំង (ខ្លាំងជាង C-class ១០ដង)
- X-class៖ ជាលំដាប់ថ្នាក់ Solar Flare កម្រិតខ្លាំងអស្ចារ្យ (ខ្លាំងជាង M-class ១០ដង)
យោងសូមលើកយកតែលំដាប់ថ្នាក់ (class) ដែលអាចបង្កឥទ្ធិពល និងហានិភ័យចំពោះភពផែនដី ក៏ដូចជាទីឋាននានាក្នុងប្រព័ន្ធព្រះអាទិត្យប៉ុណ្ណោះ នោះគឺ M-class និង X-class ហើយកម្រិតគ្រោះថ្នាក់ទាំង ២ នេះ ក៏បានកើតមានឡើងរួចមកហើយដែរ នៅអំលុងសប្តាហ៍ទី ២ នៃខែឧសភា ឆ្នាំ២០២៤នេះ។ តើ M-class និង X-class ខ្លាំងដល់កម្រិតណា? ចូរស្វែងយល់ជាបន្តទៀតដូចខាងក្រោម៖
- M-class៖ ជា Solar Flare ខ្លាំងលំដាប់ថ្នាក់ទី ២ បន្ទាប់ពី X-class ដោយក្នុងក៏មានបែកចែកចាប់ពីកម្រិតទី ១ ដល់កម្រិតទី ៩ ផងដែរ។ M-class ជាបាតុភូតបង្កើតចេញជា Solar Flare ហើយអាចជះមកកាន់ទិសដៅភពផែនដី ក្នុងទម្រង់ជាផ្ទុះជះបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs)។
វាកកើតឡើងទៅរួចពេលដែលនៅលើផ្ទៃព្រះអាទិត្យ បង្ហាញចេញនូវវត្តមានចំណុចខ្មៅព្រះអាទិត្យ (sunspots) ក្នុងទំហំធំ (ធំជាងផែនដីឡើងទៅ) ខណៈ sunspots ទាំងនោះកកើតឡើងនៅពេលចរន្តនៃដែនម៉ាញេទិចព្រះអាទិត្យផ្លាស់ប្តូរព្រោះតែឥទ្ធិពលនៃរង្វិលខ្ញាល់ព្រះអាទិត្យ មិនស៊ីសង្វាក់គ្នារវាងតំបន់អេក្វាទ័រ និងប៉ូល។ លំដាប់ថ្នាក់ M-class នេះ ប្រសិនបើជះមកកាន់ទិសដៅផែនដី វាអាចបង្កបញ្ហាតិចតួចដល់ រលកវិទ្យុទាក់ទង និងអវកាសយានិក ដែលបម្រើការងារនៅទីអវកាស ដែលតម្រូវឲ្យពួកគេស្វែងរកទីជម្រកសុវត្ថិភាពនៅក្នុងស្ថានីយ។ ប៉ុន្តែវាមិនខ្លាំងដល់ X-class នោះឡើយ។
- X-class៖ ជាកម្រិតខ្លាំងលំដាប់ថ្នាក់ទី ១ ហើយក្នុងនោះក៏រាប់ចាប់ពីកម្រិតទី ១ ដល់កម្រិតទី ៩ ផងដែរ។ X-class ជាបាតុភូតបង្កើតចេញជា Solar Flare ហើយអាចជះមកកាន់ទិសដៅភពផែនដី ក្នុងទម្រង់ជាបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs)។
វាកកើតឡើងទៅរួចនៅពេលដែលើលើផ្ទៃព្រះអាទិត្យ បង្ហាញចេញនូវវត្តមានចំណុចខ្មៅក្នុងទំហំធំ (មានវិសាលភាពធំធេងជាងផែនដីខ្លាំង) ដល់ថ្នាក់អាចមើលឃើញដោយភ្នែកទទេ ដោយបើប្រាស់តែវ៉ែនតា សម្រាប់ការពារពន្លឺព្រះអាទិត្យប៉ុណ្ណោះ។
លំដាប់ថ្នាក់ X-class នេះ ប្រសិនបើជះមកកាន់ទិសដៅផែនដី នោះវាអាចបង្កបញ្ហាធ្ងន់ធ្ងរ ដល់ថ្នាល់ដាច់រលកវិទ្យុទាក់ទង នៅផ្នែកផែនដីដែលបែរចំព្រះអាទិត្យ, ដាច់ចរន្តអគ្គិសនីលើដី និងធ្វើឲ្យខូចខាតផ្កាយរណបនៅទីអវកាស ប្រសិនបើមិនបានដាក់ក្នុងមុខងារ safe mode ឲ្យបានទាន់ពេល ឬប្រសិនបើគ្មានមុខងារទប់ទល់ឥទ្ធិពលនោះ។ សម្រាប់អវកាសយានិក ដែលបម្រើការងារនៅទីអវកាស ត្រូវតែស្វែងរកទីជម្រកសុវត្ថិភាពនៅក្នុងស្ថានីយ ឲ្យបានជាដាច់ខាត ព្រោះបើមិនដូច្នោះទេ រលកធាតុវិទ្យុសកម្មកម្រិតខ្ពស់ពីព្រះអាទិត្យ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតពួកគេបាន។
បើតាមអង្គការ NASA ការផ្ទុះជះអណ្តាតភ្លើងព្រះអាទិត្យ ក្នុងកម្រិតដ៏ខ្លាំងក្លាបំផុតរបស់ X-class គឺមានថាមពលស្មើនឹងគ្រាប់បែកបរមាណូ (Atomic Bomb) រហូតដល់ទៅ ១ពាន់លានគ្រាប់ឯណោះ។ នៅក្នុងឆ្នាំ២០២៤នេះ ផែនដីបានទទួលរងការផ្ទុះជះ Solar Flare កម្រិត X-class ប៉ុន្មានដងរួចមកហើយ ក្នុងនោះគឺកាលពីកំលុងខែមីនា និងថ្មីៗនេះគឺនៅថ្ងៃទី១០ ខែឧសភា ដែលមានកម្រិតដល់ទៅ X5.8 ហើយវាមានប្រភពចេញពីចំណុចខ្មៅព្រះអាទិត្យឈ្មោះ AR3664 (មានអង្កត់ផ្ចិតធំធេងជាងផែនដី ១៥ដង)។
អ្វីដែលគួរឲ្យព្រឺព្រួចនោះ គឺព្យុះភូមិសាស្ត្រម៉ាញេទិចផែនដី (geomagnetic storm) ដែលជាឥទ្ធិពលមកពីការផ្ទះជះ Solar Flare ក្នុងកម្រិតធំធេងខ្លាំងលើផ្ទៃអណ្តាតភ្លើងព្រះអាទិត្យនោះ បានកើតឡើងក្នុងកម្រិតរហូតដល់ទៅ G5។ ក្រោយការកើតឡើងនោះ ភាគល្អិត charged particles ជះចេញពីព្រះអាទិត្យបានចល័តមករកផែនដី និងបង្កទៅជា Geomagnetic storm ក្នុងកម្រិតខ្លាំងបំផុតដ៏កម្រមាន ខណៈការធ្វើប្រតិកម្មជាមួយម៉ូលេគុលឧស្ម័ន នៅក្នុងបរិយាកាសពីលើប៉ូលផែនដី ក៏បាននាំឲ្យកើតមានជាពន្លឺ Aurora ឬសំរាំងប៉ូល ទាំងនៅលើប៉ូលខាងជើង (Aurora Borealis) និងប៉ូលខាងត្បូង (Aurora Australis) ក្នុងវិសាលភាពយ៉ាងធំធេង ពណ៌ដិតខ្លាំង និងមានរយៈពេលយូរ នៅថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៤ នេះផងដែរ។
Geomagnetic storm ដែលបានបញ្ចេញឥទ្ធិពលលើផែនដី កាលពីថ្ងៃទី១០ មកដល់ទី ១២ ខែឧសភា ឆ្នាំ២០២៤នេះ គឺកម្រិតខ្លាំងបំផុត ក្នុងចំណោមកម្រិតចាប់ពី G1 (ទាបជាងគេ) ដល់ G5 (ខ្ពស់ជាងគេ)។ សម្រាប់កម្រិត G5 ដ៏ខ្លាំងបែបនេះ ធ្លាប់បានកើតមានម្តងកាលពីកំលុងខែតុលា ឆ្នាំ២០០៣ ដោយកាលណោះបានបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនីនៅប្រទេសស៊ុយអែត និងបំផ្លិចបំផ្លាញឧបករណ៍ផ្ទេរថាមពលអគ្គិសនី (transformer) នៅប្រទេសអាហ្វ្រិកខាងត្បូង ថែមទៀត ខណៈការបង្ហាញចេញនូវពន្លឺ Aurora កាលណោះវិញ ក៏មានស្ថានភាពដូចឆ្នាំ២០២៤ នេះដែរ។
ជាការពិតណាស់ មិនទាន់មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី, ខូចខាតឧបករណ៍ផ្ទេរចរន្តអគ្គិសនី, ផ្កាយរណបខូចខាត ឬការដាច់រលកវិទ្យុទាក់ទង ដ៏គួរឲ្យកត់សម្គាល់នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានលើកឡើងរួចមកហើយថា នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ឧបករណ៍នានាលើផែនដី ត្រូវបានបង្កើនគុណភាព ដើម្បីឲ្យអាចទប់ទល់នឹងឥទ្ធិពលពីព្រះអាទិត្យនោះរួចទៅហើយ។
- តើក្នុងឆ្នាំ២០២៤ Solar Maximum នឹងបញ្ចប់នៅពេលណា?
ដំណាក់កាលកញ្ជ្រោលបំផុតក្នុងវដ្តក្នុងឆ្នាំ ២០២៤ នោះមានន័យថា ផ្កាយរបស់យើងនេះនឹងបញ្ចេញចលនាកញ្ជ្រោលខ្លាំងបំផុត (Solar Maximum) នៃវដ្ត ២៥ (Sun Cycle 25) មុននឹងការចុះថយឥទ្ធិពលមកកម្រិតទាបវិញ ដែលយើងហៅថា Solar Minimum។ ចំណុចកំពូលនៃភាពកញ្ជ្រោលនោះ នឹងអូសបន្លាយចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ហើយយើងនឹងអាចមើលឃើញចំណុចខ្មៅព្រះអាទិត្យ (sunspots) ក្នុងចំនួនចាប់ពី ១៣៧ ទៅ ១៧៣ ចំណុច នៅលើផ្ទៃអណ្តាតភ្លើងរបស់ព្រះអាទិត្យ។ ដូច្នេះមានន័យថា ប្រសិនបើក្រោយខែតុលា ឆ្នាំ២០២៤ ព្រះអាទិត្យឲ្យសញ្ញាថាចុះថយឥទ្ធិពល វិញនោះមានន័យថា យើងឆ្លងផុត Solar Maximum ហើយ។
ឆ្លើយតបនឹងការព្រួយបារម្ភទាំងឡាយ អ្នកវិទ្យាសាស្ត្រមួយរូបមកពីស្ថាប័ន NOAA គឺលោក Shawn Dahl បានពន្យល់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា ព្យុះម៉ាញេទិចប្រភេទដូចខាងលើនេះ គឺអាចបង្កហានិភ័យដល់ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្នាតធំ មិនមែនទៅលើខ្សែភ្លើងតាមផ្ទះរបស់ប្រជាជនពលរដ្ឋនោះឡើយ។ អ្វីដែលគ្រប់គ្នាមើលឃើញពេលនេះ គឺនៅទូទាំងពិភពលោក ទាំងក្រុមអ្នកវិទ្យាសាស្ត្រ និងបណ្តាញសារព័ត៌មានគ្រប់លំដាប់ថ្នាក់ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ ហើយក៏កំពុងរង់ចាំមើលផងដែរថា តើឥទ្ធិពលរបស់ព្រះអាទិត្យ នឹងបន្តដល់ពេលណាទៀត៕
រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ៖ Cambo Space)
ប្រភព៖ NASA/NOAA/SPACE (ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤)