រកឃើញភព Exoplanet ចម្ងាយ ៥៥ឆ្នាំពន្លឺ គោចរជុំវិញផ្កាយអាយុវែងជាងព្រះអាទិត្យ ១០ដង! អាចមានជីវិត? (មានវីដេអូ)

1,297

(បរទេស)៖ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤នេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសអំពីការរកឃើញ ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) មួយមានទំហំប៉ុនភពផែនដីតែម្តង (ផែនដីមានអង្កត់ផ្ចិតប្រវែង ១២,៧៤២km) និងស្ថិតនៅចម្ងាយប្រមាណ ៥៥ឆ្នាំពន្លឺពីយើង (១ឆ្នាំ = ៩.៤៦ទ្រីលានkm)។ តើភពទើបត្រូវបានរកឃើញមួយនេះមានអ្វីពិសេស?

(Video From YouTube: Cambo Space Edu)

អ្វីដែលពិសេសនោះ គឺវាគោចរជុំវិញផ្កាយតូច និងកម្តៅមិនសូវក្តៅ (ultracool red dwarf) ទី ២ ដែលក្រុមតារាវិទូបានរកឃើញវត្តមានភពគោចរជុំវិញ ដែលស្ទើរមិនគួរឲ្យជឿ។ ប្រព័ន្ធផ្កាយ ultracool red dwarf ដំបូងគេ ដែលក្រុមតារាវិទូបានរកឃើញភពដល់ទៅ គោចរជុំវិញ និងជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីឆ្នាំ២០១៧ នោះគឺ TRAPPIST-1

រូបតំណាងភព SPECULOOS-3 b និងផ្កាយរបស់វា (Image credit: NASA/JPL-Caltech)

ភព Exoplanet ថ្មីមួយនេះត្រូវបានដាក់ឈ្មោះ ឲ្យស្រដៀងនឹងម៉ាកនំធុងនោះគឺ SPECULOOS-3 b ហើយសម្រាប់ផ្កាយរបស់វាវិញ គឺមានទំហំប៉ុនភពព្រហស្បតិ៍ (Jupiter) នៃប្រព័ន្ធព្រះអាទិត្យយើង (Jupiter មានអង្កត់ផ្ចិត ១៣៩,៨២០km)។ ហេតុដូច្នេះហើយទើបវាមានឋានៈជា ultracool red dwarf ឬជាផ្កាយតឿពណ៌ក្រហមដែលមានកម្តៅខ្សោយ។ យោងតាមតារាវិទូថា ផ្កាយរបស់ SPECULOOS-3 b មានពន្លឺខ្សោយជាងព្រះអាទិត្យយើង ១០០ដង និងកម្តៅក៏ខ្សោយជាង ៥០% ដែរ។

ភព SPECULOOS-3 b ត្រូវបានរកឃើញតាមរយៈ កម្មវិធីសិក្សាស្វែងរកភព ដែលអាចមានអំណោយផលដល់ការកកើតជីវិត គោចរនៅជុំវិញផ្កាយតូច ឬតឿដែលមានពន្លឺខ្សោយ (Search for habitable Planets Eclipsing Ultra-cool Stars SPECULOOS) ដោយប្រើប្រាស់តេឡេស្កូបនៅមន្ទីរអង្កេតតារា Paranal Observatory របស់អង្គការអឺរ៉ុប ESO នៅលើតំបន់ខ្ពង់រាប Atacama Desert នៃភាគខាងជើងប្រទេសឈីលី។

មន្ទីរអង្កេតតារា Paranal (Credit: ESO)

បេសកកម្មស្វែងរកភពខាងលើនេះ ត្រូវបានដាក់ឈ្មោះទៅតាម នំធុង Speculoos ដ៏ល្បីនៅប្រទេសប៊ែលហ្សិក។ តាមរយៈមន្ទីរអង្កេតតារា Paranal នោះ ក្រុមតារាវិទូបានឈានទៅប្រើប្រាស់ ការសង្កេតពន្លឺក្រហមអាំងហ្វ្រា (infrared light) ទើបអាចរកឃើញវត្តមានភពប៉ុនផែនដី ដែលគោចរជុំវិញផ្កាយប៉ុនភពព្រហស្បតិ៍ មួយនោះបាន។ វិធីសាស្ត្របែបនេះក៏អាចឲ្យពួកគេ រកឃើញភពគោចរជុំវិញផ្កាយបរាជ័យជំពូក brown dwarfs បានដែរ។

ខណៈផ្កាយដូចជាព្រះអាទិត្យយើង មានអាយុជាមធ្យមត្រឹមតែ ១០ពាន់លានឆ្នាំនោះ ផ្កាយប្រភេទដូចជា ultracool red dwarf ខាងលើនេះវិញ អាចមានអាយុដល់ទៅ ១០០ពាន់លានឆ្នាំឯណោះ។ ប្រការនេះមានន័យថា ប្រសិនបើមានក្រុមជីវិតអេលៀន (alien) រស់នៅលើភពដែលគោចរជុំវិញផ្កាយ ultracool red dwarf នោះ ពួកគេនឹងអាចបន្តអរិយធម៌របស់ពួកគេ បានយូរអង្វែងជាងលើផែនដីយើងឆ្ងាយណាស់។

ទំហំព្រះអាទិត្យធៀបនឹងផ្កាយ TRAPPIST-1 (រូបភាពពី NASA)
  • តើភព SPECULOOS-3 b មានលទ្ធភាពអាចទ្រទ្រង់ជីវិតដែរឬទេ?

យោងតាមការគណនាពីប្រភេទផ្កាយ, ល្បឿននៃការគោចរជុំវិញផ្កាយ និងគម្លាតពីផ្កាយមេឃរបស់ភព SPECULOOS-3 b គេអាចសន្មត់ថា នោះទំនងជាភពស្ថិតក្នុង «គន្លងគោចរខ្ទាស់ ឬបិទ» (locked orbit) ដោយម្ខាងបែបទៅរកផ្កាយរហូត និងម្ខាងទៀតងងឹតរហូត។ SPECULOOS-3 b គោចរជុំវិញផ្កាយ SPECULOOS-3 ដោយប្រើប្រាស់ពេលតែ ១៧ម៉ោងប៉ុណ្ណោះ ឬអាចហៅថា ១ឆ្នាំរបស់វានោះឯង។

បើតាមតារាវិទូ ពពួកផ្កាយពណ៌ក្រហមទំហំតូច (red dwarf ឬ M-dwarf) ជាប្រភេទផ្កាយសំបូរជាងគេបំផុត នៅក្នុងកាឡាក់ស៊ី Milky Way នេះ ដែលគិតជាភាគរយវិញ គឺប្រមាណជា ៧០% ទៅហើយក្នុងចំណោមផ្កាយទាំងអស់។ ដោយសារការរកឃើញភពគោចរជុំវិញផ្កាយប្រភេទ ultracool dwarf ដូចជា SPECULOOS-3 គឺជាភាពកម្រនោះ ក្រុមតារាវិទូក៏មិនទាន់អាចសន្មត់អំពី តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នៃផ្កាយប្រភេទនោះឲ្យច្បាស់លាស់នៅឡើយទេ ហើយពិតណាស់គឺយើងត្រូវការតេឡេស្កូបអវកាស ដែលមានសមត្ថភាពខ្ពស់ដូចជា James Webb ចូលមកជួយ។

រូបតំណាងភព SPECULOOS-3 b និងផ្កាយរបស់វា  (Image credit: Lionel Garcia)

ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រនៅតែអាចធ្វើការគណនាយ៉ាងច្បាស់លាស់ថា ភព SPECULOOS-3 b «មិនអាចទ្រទ្រង់ជីវិតអ្វីបានឡើយ» ព្រោះការស្ថិតនៅកៀកផ្កាយមេវាពេក ធ្វើឲ្យភពនេះទទួលរងរលកធាតុវិទ្យុសកម្ម ច្រើនជាងអ្វីដែលផែនដីទទួលរងដល់ទៅ ១៦ដង ហើយទឹកពិតជាមិនអាចមានវត្តមាននៅលើផ្ទៃភពនោះបានឡើយ។ សម្រាប់ការសង្កេតដោយ James Webb ដែលអាចកើតឡើងនៅថ្ងៃអនាគតនោះ គឺអាចត្រឹមតែចង់ដឹងថា តើ SPECULOOS-3 b មានបរិយាកាសដែរឬអត់ ហើយបើមានតើបរិយាកាសនោះផ្សំឡើងពីអ្វីខ្លះប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤)

480×240 Banner