ហេតុអ្វីមានការភ្ញាក់ផ្អើលជាថ្មី ចំពោះភព K2-18b ដែល James Webb បានរកឃើញតំរុយសំខាន់មួយនៃ «ជីវិត»? (មានវីដេអូ)
(បរទេស)៖ ព័ត៌មានអំពីការឆ្លុះមើលភព K2-18b ដោយតេឡេស្កូបអវកាស James Webb និងការរកឃើញតំរុយដ៏សំខាន់ ដែលអាចជាសញ្ញានៃជីវិតនៅលើភពនោះ បាននិងកំពុងផ្ទុះឡើងជាថ្មីកាលពីអំលុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤ នេះ ដោយមិនទាន់មានការស្ងប់ស្ងាត់នៅឡើយទេ គិតត្រឹមថ្ងៃទី២១ ខែឧសភានេះ។ ហេតុអ្វីមានការផ្ទុះចំណាប់អារម្មណ៍ឡើងវិញ ជុំវិញព័ត៌មានអំពី K2-18b នោះ?
ចម្លើយយ៉ាងខ្លី នោះគឺជារឿងធម្មតាសម្រាប់ចំណាប់អារម្មណ៍ទៅលើព័ត៌មាន និងការគាស់កកាយរឿងសំខាន់ណាមួយឡើងវិញ ខណៈដែលកន្លងមកនេះ មនុស្សជាច្រើននៅមិនទាន់បានដឹងរឿងនោះនៅឡើយ ឬអាចមិនបានចាប់អារម្មណ៍ថា លទ្ធផលសង្កេតដោយ James Webb ទៅលើ K2-18b ដែលត្រូវបានចេញផ្សាយដំបូងតាំងតែពីខែកញ្ញា ឆ្នាំ២០២៣ នោះថា គឺជាលទ្ធផលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយផងក៏ថាបាន។

ការរកឃើញអ្វីមួយដ៏គួរឲ្យភ្ញាក់ផ្អើលដំបូង ចំពោះភព K2-18b នោះមិនមែនជាស្នាដៃ James Webb នោះឡើយ តែជាតេឡេស្កូបអវកាស Hubble ទៅវិញទេ នោះគឺកាលពីអំលុងខែកញ្ញា ឆ្នាំ២០១៩ ដោយកាលណោះ គេបានរកឃើញថា K2-18b មានម៉ាសធ្ងន់ជាងផែនដី ៨ដង និងមានទំហំធំជាងផែនដីពីរដង ហើយសម្រាប់គន្លងគោចរវិញ គឺស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដែលអាចឲ្យទឹក (water) មានវត្តមានក្នុងទម្រង់រាវបាននៅលើផ្ទៃស្រទាប់ខាងលើនៃភពនោះ ហើយក៏នាំឲ្យគេសង្ស័យថា វាអាចកំពុងលាក់ជីវិត (alien)។
ទិន្នន័យពី Hubble កាលណោះបានបង្ហាញទៀតថា K2-18b ស្ថិតនៅចម្ងាយខ្ទង់ ១១១ឆ្នាំពន្លឺពីផែនដី និងគោចរជុំវិញផ្កាយមេរបស់វាជាប្រភេទតារាក្រហមទំហំតូច ឬជាផ្កាយតឿ (cool dwarf star) ឈ្មោះ K2-18 ក្នុងរយៈពេលមួយជុំ ៣៣ថ្ងៃ (យើងអាចហៅថា ១ឆ្នាំរបស់វាស្មើនឹង ៣៣ថ្ងៃលើផែនដី)។ តែយ៉ាងណា ការរកឃើញវត្តមានរបស់ K2-18b ដំបូងបំផុត គឺជាស្នាដៃរបស់តេឡេស្កូបអវកាស Kepler កាលពីឆ្នាំ២០១៥។

ងាកមកកាន់ James Webb វិញ ទិន្នន័យទាំងឡាយត្រូវបានសម្រួល ឲ្យមានសុក្រិតភាពជាងមុន។ ក្រុមអ្នកវិទ្យសាស្ត្របានគណនាជាថ្មីថា ប្រព័ន្ធផ្កាយនៃភព K2-18b មានចម្ងាយខ្ទង់ ១២០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយយើងអាចរកឃើញវានៅក្នុងតារានិករ ឡេអូ (Leo Constellation) លើផ្ទៃមេឃផែនដី។
កាលពីខែកញ្ញា ឆ្នា២០២៣នោះ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Cambridge ដែលបានដឹកនាំការសិក្សា និងវិភាគលើលទ្ធផលអង្កេតរបស់ James Webb នេះបានពន្យល់ថា «ការរកឃើញរបស់យើង (ចំពោះភព K2-18 b) នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការវិភាគ និងពិចារណាចំពោះបរិយាកាស ដែលអាចទ្រទ្រង់ជីវិតបានយ៉ាងសម្បូរបែប នៅក្នុងការស្វែងរកជីវិតនៅទីឋាននានា…»។
ក្រុមអ្នកវិទ្យាសាស្ត្រ Cambridge បានសង្កត់ធ្ងន់បែបនេះទៀតថា «ភាពសម្បូរបែបនៃឧស្ម័នមេតាន និងកាបូនឌីអុកស៊ីត តែបែរជាប្រកបដោយ អាម៉ូញាក់ (ammonia) ក្នុងកម្រិតតិចតួចបែបនេះ ពិតជាគាំទ្រដល់ការសន្មតថា អាចមានមហាសមុទ្រទឹករាវ នៅក្រោមបរិយាកាសសម្បូរអ៊ីដ្រូសែននៃភព K2-18b នោះ។ លទ្ធផលអង្កេតបឋមដោយ James Webb ក៏បានផ្តល់ឲ្យយើងនូវភាពដែលអាចទៅរួច នៃការអង្កេតឃើញវត្តមានម៉ូលេគុលមួយប្រភេទទៀតនោះគឺ ឌីមេទីល ស៊ុលភីដ (dimethyl sulfide ឬ DMS)។ សម្រាប់នៅលើភពផែនដី មានតែជីវិតនានាប៉ុណ្ណោះ ទើបអាចផលិតម៉ូលេគុលប្រភេទនេះ រួចបញ្ចេញទៅក្នុងបរិយាកាសបាន នោះគឺពពួកប្លង់តុង (phytoplankton) ដែលរស់នៅក្នុងទឹក»។

ទោះជាយ៉ាងណា បើតាមការគូសបញ្ជាក់បន្ថែមពី ក្រុមអ្នកវិទ្យាសាស្ត្រ Cambridge ដែលដឹកនាំការសិក្សាដោយតារាវិទូ នីកគូ ម៉ាដហ៊ូស៊ូដាន (Nikku Madhusudhan) បានឲ្យដឹងថា «ការសន្និដ្ឋានអំពីវត្តមានរបស់ DMS គឺមិនទាន់រឹងមាំនៅឡើយទេ ហើយប្រការនេះទាមទារឱ្យមានការបញ្ជាក់បន្ថែម។ ការសង្កេតរបស់ Webb នាពេលខាងមុខគួរតែអាចបញ្ជាក់បានថា តើ DMS ពិតជាមានវត្តមាននៅក្នុងបរិយាកាសនៃ K2-18 b ក្នុងកម្រិតសំខាន់ៗដែរឬទេ»។
មកដល់ខែឧសភា ឆ្នាំ២០២៤ ក្រោយមានការចាប់អារម្មណ៍ព័ត៌មានអំពី K2-18b នេះឡើងវិញ និងការត្រួតពិនិត្យជាថ្មី ចំពោះលទ្ធផលសិក្សាខាងលើនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Riverside នៃរដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក ហៅកាត់ថា UCR បានបកស្រាយថា «ការសន្មត់អំពីការរកឃើញសញ្ញា ដែលអាចចេញមកពី ជីវិតនៅភពប្រព័ន្ធផ្កាយដទៃ (K2-18b) នោះ គឺត្រឹមតែជាការអះអាងដែលលឿនជ្រុលពេក និងធ្លាប់ត្រូវបានធ្វើឡើងរួចមកហើយ…»។

ខណៈការអះអាងចុងក្រោយនេះ ហាក់បានធ្វើឲ្យអ្នកគាំទ្រវិស័យនេះមានការខកចិត្ត តែក្រុមអ្នកវិទ្យាសាស្ត្រ UCR បានផ្តល់ក្តីសង្ឃឹមបន្តិចវិញថា «ប្រការនេះមិនមែនមានន័យថា James Webb នឹងមិនអាចរកឃើញសញ្ញានៃ វត្តមានជីវិតក្នុងបរិយាកាសភពនៅប្រព័ន្ធផ្កាយដទៃណាមួយ នៅថ្ងៃអនាគតនោះឡើយ…»។
គួររម្លឹកថា កម្រិតរលកធាតុវិទ្យុសកម្មដែល K2-18b ទទួលបានពីផ្កាយមេរបស់វា ស្ទើរតែស្មើគ្នាទៅនឹងអ្វីដែលភពផែនដី ទទួលបានពីព្រះអាទិត្យទៅហើយ, ប៉ុន្តែអ្វីដែលមិនដូចភពផែនដីនោះ គឺក្នុងបរិយាកាសភព K2-18 b ពោពេញដោយ អ៊ីដ្រូសែន (Hydrogen) មិនមែន អាស៊ូត (នីដ្រូសែន-nitrogen) ដូចជានៅលើភពផែនដីនោះឡើយ។ ប្រសិនបើមិនគិតលើបរិយាកាស ដែលសំបូរដោយ hydrogen ទេនោះ សីតុណ្ហភាពលើផ្ទៃភព K2-18b នឹងប្រហាក់នៅលើផែនដីយើងដែរ ហើយក៏នឹងសមរម្យសម្រាប់ឲ្យជីវិតកកើត និងរស់នៅបានផងដែរ។
ជុំវិញការសិក្សានេះ អ្នកជំនាញផ្នែកតារាសាស្ត្រ និងជីវសាស្ត្រមួយរូបឈ្មោះ Eddie Schwieterman បានពន្យល់ថា «នៅលើភពមួយ ដែលមានបរិយាកាសសំបូរទៅដោយអ៊ីដ្រូសែន នោះយើងនឹងអាចរកឃើញនូវវត្តមាន DMS ដែលបង្កើតឡើងដោយជីវិត ជាជាងការរកឃើញអុកស៊ីសែន ដែលត្រូវបានបង្កើតឡើងដោយរុក្ខជាតិ និងបាក់តេរីដូចជានៅលើភពផែនដី…។

សរុបសេចក្តីមក ការរកឃើញសញ្ញានៃវត្តមានរបស់ DMS ដោយ James Webb គឺពិតជាពិសេស និងផ្តល់ក្តីសង្ឃឹមធំមួយរួចទៅហើយ ប៉ុន្តែសញ្ញានោះមានលក្ខណៈខ្សោយប៉ុណ្ណោះ ដែលមិនអាចឲ្យយើងរំភើបខ្លាំង ហើយឈានសន្មតថា មានជីវិតនៅទីនោះទេ។ ក្រុមអ្នកវិទ្យាសាស្ត្រ UCR បានអះអាងថា James Webb ត្រូវការការសង្កេតបន្ថែមទៀត នៅថ្ងៃអនាគតទៅលើបរិយាកាសភព ដែលសំបូរដោយទឹករាវ (hycean) ដូចជា K2-18b នោះ ដើម្បីរកឃើញវត្តមាន DMS ឲ្យកាន់តែច្បាស់លាស់ នោះទើបជំហានបន្ទាប់នឹងត្រូវបោះបន្ត។
ចំពោះសំណួរដដែលៗមួយដែលបានលើកឡើងថា៖ ហេតុអ្វីបានជាយើងប្រឹងស្វែងរកជីវិតនៅក្នុងទីអវកាស? អ្នកវិទ្យាសាស្ត្រ UCR មួយរូបបានឆ្លើយតបថា «សាកស្រមៃមើលថាអ្នកកំពុងស្នាក់នៅក្នុងតង់មួយ នាឧទ្យានជាតិ Joshua Tree ពេលរាត្រី ហើយអ្នកក៏ឮសំឡេងអ្វីមួយ… តាមសភាវគតិរបស់អ្នក គឺអ្នកត្រូវបញ្ចាំងពិលឲ្យភ្លឺ ដើម្បីរកមើលថា តើអ្វីទៅដែលកំពុងស្ថិតនៅទីនោះ។ នោះក៏ជាអ្វីដែលយើងកំពុងធ្វើផងដែរ (ក្នុងស្វែងរកជីវិតនៅទីឋានដទៃ) តាមរបៀបរបស់យើង…»៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤)
