ត្រៀមទស្សនាព្រឹត្តិការណ៍ «ភព៦តម្រៀបជួរគ្នា» នៅថ្ងៃទី ៣-៤ មិថុនា ២០២៤! (បើមេឃស្រឡះ) (មានវីដេអូ)
(បរទេស)៖ នៅព្រឹកព្រហាមថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ ភពចំនួន ៦ នៃប្រព័ន្ធព្រះអាទិត្យយើង នឹងតម្រៀបគ្នាជាជួរនៅលើផ្ទៃមេឃផែនដី (six planets alignment) កំលុងរយៈពេល ១ម៉ោងចុះមកដល់កន្លះម៉ោងមុនថ្ងៃរះ ហើយក្នុងនោះមានតែភព ៤ ប៉ុណ្ណោះ នឹងអាចឲ្យមនុស្សលោកមើលឃើញនឹងភ្នែកតែម្តង ដោយមិនចាំបាច់ត្រូវការជំនួយពីតេឡេស្កូប ឬកែវយឺតនោះឡើយ។
ភពចំនួន ៦ ដែលនឹងត្រូវរួមក្នុងព្រឹត្តិការណ៍ដ៏កម្រខាងលើនេះមានដូចជា ភពពុធ (Mercury), ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ានុស (Uranus) និងណិបទូន (Neptune)។ អ្វីដែលកាន់តែពិសេសនោះ គឺព្រះចន្ទមួយចំណិតតូច (crescent moon) ក៏នឹងបង្ហាញវត្តមានលើផ្ទៃមេឃ អមជាមួយភពទាំងអស់នោះផងដែរ។

- តើភពតម្រៀបគ្នាជាជួរ (planets alignment) នោះជាអ្វី?
ភពតម្រៀបគ្នាជាជួរ (planets alignment) ត្រូវបានចាត់បញ្ចូលជា ព្រឹត្តិការណ៍ផ្នែកតារាសាស្ត្រដ៏ពិសេស ដែលកម្រនឹងកើតមានឡើងណាស់នៅក្នុងមួយឆ្នាំៗ ហើយយើងក៏អាចចាត់ទុកវាជាភាពចៃដន្យ ដែលអាចគណនាដឹងមុនផងដែរ សម្រាប់វត្តមានភពដែលនឹងបង្ហាញខ្លួននោះ។
ដោយសារតែភពផ្លូវការ ៧ទៀតមាន ទំហំ, ល្បឿន+គន្លងគោចរជុំវិញព្រះអាទិត្យ និងគម្លាតពីផែនដីផង ព្រមទាំងពីព្រះអាទិត្យផងសុទ្ធតែផ្សេងៗពីគ្នានោះ ការគោចរជុំវិញព្រះអាទិត្យផង និងការមានឱកាសមកកៀក ឬស្ថិតនៅចំពោះមុខផែនដីផង អាចឲ្យមានឱកាសណាមួយដែលភពទាំងអស់នោះ បង្ហាញវត្តមានបណ្តាក់គ្នារហូតដល់ទៅ ៤ ៥ ឬ ៦ភពជាដើមនៅលើផ្ទៃមេឃផែនដី។
សរុបមក ព្រឹត្តិការណ៍នៃភពតម្រៀបគ្នាជាជួរនោះមានន័យថា ជាពេលដែលភពនានាបង្ហាញវត្តមានបណ្តាក់ៗគ្នាត្រង់ ឬស្ទើរត្រង់លើខ្សែបន្ទាត់តែមួយនៅលើផ្ទៃមេឃភពផែនដី ដែលយើងអាចមើលឃើញនៅពេលអវត្តមានព្រះអាទិត្យ ដោយមិនមែនមានន័យថា ភពទាំំងអស់នោះតម្រង់គ្នាជាជួរបន្ទាប់ពីព្រះអាទិត្យនោះឡើយ។

- តើភពណាខ្លះអាចឲ្យយើងឃើញនឹងភ្នែក នៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៤?
ទោះបីជាមិនប្រាប់ ក៏បងប្អូនជាច្រើនអាចស្មានដឹងដែរ នោះគឺក្រៅពី ភពអ៊ុយរ៉ានុស និងភពណិបទូន ដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេបំផុតនោះ ភព៤ផ្សេងទៀតដូចជា ភពពុធ, ភពអង្គារ, ភពព្រហស្បតិ៍ និងភពសៅរ៍ សុទ្ធតែអាចមើលឃើញដោយភ្នែកទទេ។
ព្រោះតែភពណិបទូន និងអ៊ុយរ៉ានុសស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេ ហើយមានពណ៌ខៀវ ព្រមទាំងមានទំហំតូចជាងភពសៅរ៍ និងភពព្រហស្បតិ៍ទៀតនោះ ដូច្នេះការបង្កើតចំណាំងផ្លាតជាមួយពន្លឺព្រះអាទិត្យ ដែលនាំឲ្យភពទាំងពីរបញ្ចេញពន្លឺលើផ្ទៃមេឃផែនដីដូចជាផ្កាយពេលរាត្រីនោះ ក៏ខ្សោយទៅតាមនោះដែរ។ ភ្នែកមនុស្សពិតជាពិបាករកមើលវត្តមានភពអ៊ុយរ៉ានុស និងណិបទូនណាស់ តែសម្រាប់អ៊ុយរ៉ានុស គឺអាចឲ្យយើងមើលឃើញដោយភ្នែកទទេ នៅក្នុងឱកាសដែលភពទាំងពីរ គោចរមកដល់ចំំណុចកៀកគ្នាប៉ុណ្ណោះ។
សម្រាប់នៅប្រទេសកម្ពុជា បងប្អូនក៏មិនត្រូវភ្លេចនោះដែរថា យើងកំពុងឈានចូលដល់រដូវវស្សាហើយ ដូច្នេះទោះបីជាមិនមានភ្លៀងជាប្រចាំថ្ងៃ តែផ្ទៃមេឃក៏អាចនឹងមានពពកដេដាសមិនទៀងទាត់នោះដែរ ទាំងពេលថ្ងៃ និងពេលយប់។

- តើម៉ោងប៉ុន្មាន និងនៅទិសខាងណា ដែលអាចមើលឃើញព្រឹត្តិការណ៍ខាងលើ?
សម្រាប់ឱកាសល្អបំផុតក្នុងការទស្សនាព្រឹត្តិការណ៍ភព ៦ តម្រៀបគ្នាលើផ្ទៃមេឃផែនដី (ជាក់ស្តែងអាចមើលឃើញនឹងភ្នែកតែ៤) អមដោយវត្តមាននៃព្រះចន្ទមួយចំណិតនោះគឺនៅ «ព្រឹកព្រហាមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤» តែសម្រាប់នៅ «ព្រឹកព្រហាមថ្ងៃទី៣ ខែមិថុនា» ក៏ជាពេលល្អគួរចាប់ផ្តើមទស្សនាមុនដែរ។
សម្រាប់ម៉ោងទស្សនាដ៏ល្អបំផុតនោះគឺនៅរយៈពេល «១ម៉ោង មកដល់ ២៥នាទីមុនពេលព្រះអាទិត្យរះ»។ យោងតាមវែបសាយ Time and Date នៅព្រឹកថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះអាទិត្យនឹងចាប់ផ្តើមរះលើប្រទេសកម្ពុជា នៅវេលាម៉ោង ៥៖៣៦នាទី។ ដូច្នេះមានន័យថា ម៉ោងដ៏ល្អសម្រាប់បងប្អូនរង់ចាំទស្សនាគឺ «ម៉ោង ៤៖៣៦នាទីទាបភ្លឺ ដល់ម៉ោង ៥៖០០នាទីព្រឹកព្រហាម» នៅតំបន់ជើងមេឃទិសខាងកើត។
គួរបញ្ជាក់ថា តាមរយៈផែនទី និងឈ្មោះភពជាក់ស្តែង ដែលយើងបានបង្ហាញតាមរយៈអត្ថបទនេះ គឺនឹងកើតឡើងនៅថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអាចល្អៀងគ្នាក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ លោកអ្នកនឹងឃើញចំណុចភ្លឺៗដូចផ្កាយរះបណ្តាក់គ្នានៅពេលព្រឹកព្រហាម ដែលមិនទាន់មានពន្លឺព្រះអាទិត្យមករំខាន ហើយប្រសិនបើចង់បានពន្លឺ ភពអ៊ុយរ៉ានុស និងណិបទូនបន្ថែមនោះ គឺអាចរកតេឡេស្កូបជំនួយនៅពេលនោះបាន៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Times and Date/BBC (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤)
