ផ្កាយដុះកន្ទុយ «ស៊ូជិនសាន-អាត្លាស់» នឹងបង្ហាញខ្លួនលើផ្ទៃមេឃផែនដី នៅកៀកចុងឆ្នាំ២០២៤! (មានវីដេអូ)

775

(បរទេស)៖ រាប់ចាប់តាំងពីការបង្ហាញខ្លួននៃផ្កាយដុះកន្ទុយ Devil Comet ព្រមទាំងព្រឹត្តិការណ៍ សូរ្យគ្រាសពេញលេញ និងរយៈពេលយូរជាប្រវត្តិសាស្ត្រនៅអាមេរិកខាងជើង (Great North American Solar Eclipse) កាលពីកំលុងខែមេសា ឆ្នាំ២០២៤ និងថ្មីៗក្នុងខែឧសភានេះគឺការបង្ហាញចេញនូវពន្លឺសំរាំងប៉ូល (Aurora) នៅជុំវិញប៉ូលខាងជើងផែនដី ដែលមានកម្រិតខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ ដោយសារតែឥទ្ធិពលនៃវដ្តព្រះអាទិត្យនោះ ឆាប់ខាងមុខនេះនឹងមាន «វត្ថុអវកាសថ្មី» ចូលមកបង្ហាញខ្លួនលើផ្ទៃមេឃផែនដី។

(Video From YouTube: Cambo Space Edu)

យើងកំពុងសម្តៅទៅលើផ្កាយដុះកន្ទុយមួយឈ្មោះ C/2023 A3ស៊ូជិនសាន អាត្លាស់ (Tsuchinshan–ATLAS) ដែលទើបត្រូវបានរកឃើញកាលពីឆ្នាំ២០២៣ប៉ុណ្ណោះ ដោយប្រព័ន្ធស្វែងរកអាចម៍ផ្កាយ និងជូនដំណឹងអំពីវត្ថុអវកាស ដែលអាចបង្កគ្រោះថ្នាក់ហៅកាត់ថា ATLAS (Asteroid Terrestrial-impact Last Alert System) មានមូលដ្ឋាននៅប្រទេសអាហ្វ្រិកខាងត្បូង។

គន្លងគោចររបស់ C/2023 A3 (Tsuchinshan-ATLAS) (Image credit: TheSkyLive)

ATLAS ជាឧបករណ៍សង្កេតទីអវកាសឆ្ងាយៗជុំវិញភពផែនដី ដើម្បីផ្តល់ដំណឹង និងការប្រកាសអាសន្នយ៉ាងហោចណាស់ ២ ទៅ ៣សប្តាហ៍ មុនពេលវត្ថុអវកាសណាមួយ អាចចល័តមកកៀកៗផែនដី ឬក៏អាចមានឱកាសបង្កការគំរាមកំហែងដល់ភពរបស់យើងនោះ។ ជាលទ្ធផល ATLAS បានវែករកឃើញ ផ្កាយដុះកន្ទុយ C/2023 A3 កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ ATLAS មិនមែនជាឧបករណ៍ទី ១ ដែលបានរកឃើញ C/2023 A3 នោះឡើយ តែមន្ទីរអង្កេតតារាលើភ្នំពណ៌ស្វាយឈ្មោះ ស៊ូជិនសាន (Tsuchinshan) ស្ថិតនៅទីក្រុងណាជីង (Nanjing) ភាគខាងកើតចិនទៅវិញទេ ដែលបានរកឃើញ និងផ្តិតរូបភាពវាតាំងតែពីរយៈពេល ៦សប្តាហ៍មុន ATLAS ទៅទៀត។ ហេតុដូច្នេះទើបផ្កាយដុះកន្ទុយ C/2023 A3 ត្រូវបានដាក់រហស្សនាមឲ្យមួយទៀតថា ស៊ូជិនសាន អាត្លាស់ (Tsuchinshan–ATLAS)

ផ្កាយដុះកន្ទុយ C/2023 A3 (Tsuchinshan-ATLAS) ផ្តិតដោយតេឡេស្កូបកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ (Image credit: Wikimedia Commons/C messier/CC BY 4.0)

កាលពីអំលុងដើមឆ្នាំ២០២៣ នៃការរកឃើញ C/2023 A3 ដំបូងនោះ វាស្ថិតនៅចម្ងាយជាង ១ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ (ឆ្ងាយជាងគន្លងគោចរនៃភពព្រហស្បតិ៍ទៅទៀត), ប៉ុន្តែសម្រាប់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ស៊ូជិនសាន អាត្លាស់ នឹងចល័តមកកាន់រយៈចម្ងាយកៀកព្រះអាទិត្យបំផុត ៥៨លានគីឡូម៉ែត្រ ដែលស្មើនឹងគម្លាតជាមធ្យមរវាងភពពុធ (Mercury) និងព្រះអាទិត្យទៅហើយ។

ពីរសប្តាហ៍ក្រោយមកទៀត នោះគឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ C/2023 A3 នឹងចល័តមកដល់ចំណុចកៀកផែនដីបំផុត ៧១លានគីឡូម៉ែត្រ ដោយបណ្តាប្រទេសនានានៅលើផែនដី នឹងងាយក្នុងការស្វែងរកវត្តមាន ព្រោះវានឹងបញ្ចេញពន្លឺប្រហែលទៅនឹងផ្កាយដ៏ភ្លឺមួយដួងដែរ នៅពីលើតំបន់ជើងមេឃភាគខាងលិច ក្រោយព្រះអាទិត្យលិច និងមេឃរាងងងឹតបន្តិច (តែវាក៏អាចនឹងមានការប្រែប្រួលពន្លឺ ឬអាចមើលមិនឃើញតែម្តង ប្រសិនបើព្រះអាទិត្យជះឥទ្ធិពលខ្លាំង ដែលអាចនឹងធ្វើឲ្យផ្កាយដុះកន្ទុយនេះខូចទ្រង់ទ្រាយ)

ឱកាសដែលល្អបំផុតក្នុងការស្វែងរកផ្កាយដុះកន្ទុយ C/2023 A3 ដោយភ្នែកទទេ និងតេឡេស្កូប ឬកាមេរ៉ាថតរូប គឺនៅអំលុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ នោះហើយ សម្រាប់ប្រទេសនៅអឌ្ឍគោលខាងជើង បូករួមទាំងប្រទេសកម្ពុជាយើងដែរ។

ផ្កាយដុះកន្ទុយ «ស៊ូជិនសាន-អាត្លាស់» នឹងបង្ហាញខ្លួនលើផ្ទៃមេឃផែនដី នៅកៀកចុងឆ្នាំ២០២៤! (មានវីដេអូ)
រូបតំណាងនៃផ្កាយដុះកន្ទុយ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា នៅអំលុងខែឧសភា មិថុនា កក្កដា និងសីហា ឆ្នាំ២០២៤ បណ្តាប្រទេសនៅអឌ្ឍគោលខាងជើង នឹងពិបាកសង្កេតរកវត្តមាន C/2023 A3 ដោយប្រើតេឡេស្កូបណាស់ ព្រោះផ្កាយដុះកន្ទុយនោះនឹងមិនទាន់ស្ថិតនៅទីតាំងដែលអាចឲ្យយើងងាយសង្កេតឃើញ ពីដែនដីនានានៅអឌ្ឍគោលខាងជើងផែនដីនៅឡើយ។ តែសម្រាប់ប្រទេសនៅអឌ្ឍគោលខាងត្បូងដូចជា អាហ្វ្រិកខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់ជាដើម នឹងអាចប្រើតេឡេស្កូប​ ឬកែវយឺតវែករកមើលនៅអំលុងប៉ុន្មានខែនេះបាន នៅរៀងរាល់ពេលព្រះអាទិត្យជិតរះនៅទិសខាងកើត។ Cambo Space នឹងជូនដំណឹងបន្ថែមនៅដើមខែតុលា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤)

480×240 Banner