ផ្ទាំងទឹកកកយក្ស A-83 (ធំជាងខេត្តកែប) របេះចេញពីទ្វីបអង់តាកទិក (រូបភាព+វីដេអូ)
(បរទេស)៖ ទីបំផុតផ្ទាំងទឹកកកយក្សមួយឈ្មោះ A-83 ដែលមានទំហំធំជាងខេត្តកែប នៃប្រទេសកម្ពុជារបស់យើងទៅទៀតនោះ ទើបតែបានរបេះចេញពីធ្នើទឹកកក ប្រាន់ត៍ (Brunt Ice Shelf) ដែលស្ថិតនៅជាប់ទ្វីបអង់តាកទិកនោះហើយ។ វាមិនខុសពីការព្យាករណ៍នោះឡើយ ខណៈជោគវាសនារបស់ A-83 ក៏នឹងមិនខុសពីផ្ទាំងទឹកកកយក្សមុនៗ ដែលបានរបេះចេញពីតំបន់នោះ រួចទើបរបូតទៅកាន់មហាសមុទ្រ និងរលាយអស់នោះដែរ។
ទិន្នន័យថ្មីខាងលើនេះ គឺទទួលបានមកពី ឧបករណ៍ផ្តិតរូបភាពជាពន្លឺក្រហមអាំងហ្វ្រា TIRS-2 (Thermal Infrared Sensor-2) ជាប់ផ្កាយរណប Landsat 9 របស់អង្គការ NASA។ Landsat 9 បាននិងកំពុងបំពេញបេសកកម្មមួយឈ្មោះ LEAP (Landsat Extended Acquisitions of the Poles) តាំងតែពីឆ្នាំ២០២២ ដើម្បីសង្កេតមើលបម្រែបម្រួលកម្រិតផ្ទាំងទឹកកក, ធ្នើទឹកកក និងទឹកកកប៉ូលតាមរដូវនៅតំបន់ប៉ូលទាំងពីរ ជាពិសេសកោះ ហ្គ្រីនលែនដ៍ (Greenland) និងទ្វីបអង់តាកទិក។
ការមានឧបករណ៍សិនស័រ TIRS-2 គឺអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ ដើម្បីសង្កេតមើលបម្រែបម្រួលទឹកកកគ្រប់ប្រភេទនៅតំបន់ប៉ូលទាំងពីរ បើទោះបីជាក្នុងករណីខ្វះពន្លឺព្រះអាទិត្យ ដែលនាំឲ្យកាមេរ៉ាធម្មតាៗមិនអាចមើលឃើញនោះក៏ដោយ។ តាមរយៈរូបភាពពី Landsat 9 ដែលត្រូវបានថតពេលគ្មានពន្លឺព្រះអាទិត្យកាលពីថ្ងៃទី២០ និង ២២ ខែឧសភា ឆ្នាំ២០២៤ គ្រប់គ្នាអាចឃើញនឹងភ្នែកនូវការរបេះចេញទាំងស្រុងរបស់ A-83 ពីធ្នើទឹកកក Brunt។
នៅក្នុងរូបភាព Infrared ទាំងនេះ ពណ៌ស និងពណ៌ស្វាយតំណាងឲ្យទឹកកកដែលមាន សីតុណ្ហភាពត្រជាក់ខ្លាំង ខណៈពណ៌លឿង និងពណ៌ទឹកក្រូច គឺតំណាងឲ្យផ្ទៃមហាសមុទ្រ ស្ថិតនៅជាប់ផ្ទាំងទឹកកកនោះ ដែលមានសីតុណ្ហភាពខ្ពស់ជាង។ សម្រាប់ទំហំរបស់ A-83 វិញគឺ ៣៧៥គីឡូម៉ែត្រក្រលា ដែលធំជាងខេត្តកែបនៃប្រទេសកម្ពុជាទៅទៀត (ខេត្តកែបមានទំហំ ៣៣៦គីឡូម៉ែត្រក្រលា)។
ទោះបីជាការរបេះចេញនៃផ្ទាំងទឹកកកពីធ្នើទឹកកក គឺជាដំណើរធម្មតានៅទ្វីបអង់តាកទិក តែវាក៏សញ្ញាដែលបង្ហាញថា ធ្នើទឹកកក Brunt កំពុងទទួលរងសម្ពាធនៃខ្យល់ប្រែប្រួលពីមហាសមុទ្រ ដូចជាតំបន់ផ្សេងៗនៅជុំវិញទ្វីបអង់តាកទិកដែរ ជាពិសេសគឺការធ្លាក់ចុះនៃបរិមាណទឹកកកសមុទ្រ (sea ice) ដូចដែលរបាយការណ៍ចុងក្រោយពីអង្គការ NASA បានចេញផ្សាយក្នុងឆ្នាំ២០២៤ នេះ។ ពិតណាស់ នេះជាការប្រែប្រួលអាកាសធាតុផែនដី៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤)